អ្នកដំណើរនៅលើនាវាទេសចរណ៍មួយគ្រឿងឈ្មោះ វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey) បានដាក់ឱ្យនៅក្នុងសណ្ឋាគារមួយរួមគ្នានៅក្នុងខេត្តកំពង់ចាម ក្រោយពីបានរកឃើញជនជាតិអង់គ្លេសបីនាក់មានផ្ទុកជំងឺកូវីត១៩។
អ្នកសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាមអ្នកស្រី ធីម ណារីន ប្រាប់អាស៊ីសេរីថា អ្នកដំណើរ និងបុគ្គលិកបម្រើការនៅក្នុងនាវាទេសចរណ៍សរុបទាំងអស់ចំនួនជាង ៦០នាក់បានដាក់ឱ្យស្នាក់នៅរួមគ្នាក្នុងសណ្ឋាគារមេគង្គ ដែលមានទីតាំងនៅតាមបណ្ដោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ក្រោយពីមានអ្នកទេសចរចំនួនបីនាក់បានរកឃើញថា មានផ្ទុកមេរោគកូវីដ១៩៖ «តាមព័ត៌មានម្សិលមិញប្រាប់មកថា មានពីរនាក់ទៀត ប៉ុន្តែអត់ទាន់មានអ្នកណាអះអាងច្បាស់លាស់ទេ តែព័ត៌មានចេញមកថា គេរកឃើញពីរនាក់ទៀតត្រូវបានគេលាក់ ហើយគេអត់ឱ្យយើងនិយាយទៀត»។
កាលពីថ្ងៃទី១២ មីនា ម្សិលមិញ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ពីរករណីបន្ថែមទៀត ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការងារលើនាវានេះចំនួន ៦៤នាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍មួយគ្រឿងឈ្មោះ វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey) ដែលចាកចេញពីប្រទេសវៀតណាម ហើយបានចូលចតនៅទីរួមខេត្តកំពង់ចាម។ អ្នកជំងឺទាំងពីរនាក់នោះជាជនជាតិអង់គ្លេស និងជាប្តីប្រពន្ធនឹងគ្នា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឱ្យដឹងថា អ្នកជំងឺជាប្តី មានអាយុ ៧៣ឆ្នាំ និងប្រពន្ធមានអាយុ ៦៩ឆ្នាំ ។ ការរកឃើញជំងឺផ្លូវដង្ហើមកូវីដ-១៩ បន្ថែមទៀតនេះ បន្ទាប់ពីក្រុមគ្រូពេទ្យ បានយកសំណាកវត្ថុវិភាគរបស់អ្នកដំណើរលើនាវា វ៉ាយឃីង គូ្រស ជ្យូណី ចំនួន ៥៩នាក់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយ ជាលទ្ធផលគេរកឃើញមានវិជ្ជមានមេរោគកូរ៉ូណាថ្មីពីនាក់ប្ដីប្រពន្ធនេះបន្ថែមទៀត។ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានដាក់ឱ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីតាមដានសុខភាពបន្ត ទៀត។ សរុប មានជនជាតិអង់គ្លេស ៣នាក់ ហើយតាមនាវាទេសចរណ៍មួយនេះ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩។
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្នុងករណីដោយឡែកមួយទៀត អ្នកដំណើរពីរនាក់ផ្សេងទៀត មានជនជាតិអង់គ្លេសម្នាក់ និងជនជាតិចិនម្នាក់ដែលបានមកទស្សនានៅសារមន្ទីរទួលស្លែង ។មិនទាន់រកឃើញថា មានជំងឺកូវិត១៩ នៅឡើយទេ ហើយក្រសួងសុខាភិបាលកំពុងតាមដាននៅឡើយ។
តាមរយះការស្កែនកំដៅនេះក៏បានរកឃើញថាបុរសជនជាតិអង់គ្លេសអាយុ៣២ឆ្នាំដែលជាអ្នកទេសចរណ៍រូបនោះមានកំដៅ៣៨អង្សារសេ ហើយបុរសនោះមិនមានរោគសញ្ញាអ្វីផ្សេងក្រៅពីការវាស់កម្ដៅទៅឃើញថា កម្ដៅកើនឡើងមានចំនួន ៣៨អង្សា។
មកដល់ថ្ងៃទី១៣ មីនា នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងីកូវីដ១៩ចំនួន ៥នាក់ហើយ គឺម្នាក់ជាជនជាតិចិន ជនជាតិខ្មែរម្នាក់ នៅសៀមរាប និង ជនជាតិអង់គ្លេស ៣ នាក់ ដែលជាអ្នកដំណើរលើនាវាទេសចរណ៍ វ៉ាយឃីង គូ្រស ជ្យូណី Viking Cruise Journey ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។