ជំងឺ​គ្រុនចាញ់​ និង​​ជំងឺ​គ្រុនឈាម​នៅ​កម្ពុជាពាក់​កណ្ដាល​ឆ្នាំ​នេះ​ ថយ​ចុះ​ពី ៧០% ទៅ​ជិត ៩០%

ក្រសួងសុខាភិបាល​ថា​ស្ថានភាព​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​បាន​ថយ​ចុះ​ចំនួន ៧០ភាគ​រយ​ គឺ​ថយ​ចុះ​ចំនួន ៤.៥៤០​ពាន់​ករណី នៅ​ក្នុង​រយៈ​ពេល ៦ខែ​ដំបូង​ក្នុង​ឆ្នាំ២០២០ នេះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ដែល​មាន​ចំនួន​អ្នក​កើតជំងឺ​នេះ ១៥.១៦៥​ករណី។ លើស​ពី​នេះ គឺ​ពុំ​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ទៀត​ទេ។ ក្រសួង​សុខាភិបាល​ក៏​អះអាង​ថា ជំងឺ​គ្រុនឈាម​វិញ​អត្រា​ឆ្លង​ជំងឺ​នេះ​ថយ​ចុះ ៨៨% ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ២០២០ នេះ។

សេចក្ដី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​កាលពី​ថ្ងៃទី១៤ ខែកក្កដា ឱ្យ​ដឹង​ថា​ ក្នុង​នោះ​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​ក៏បាន​ថយ​ចុះ​ប្រមាណ ៣៨១ករណី​ គឺ​ថយ​ចុះ ៨០ភាគ​រយ ដែល​ក្នុង​ឆ្នាំ​ចាស់​មាន​ចំនួន ១.៩២០​ករណី។

បើ​ទោះជា​មានការ​ថយ​ចុះ​ចំនួន​អ្នក​កើតជំងឺ​នេះ​ក្ដី​ក៏​ក្រសួង​ពិនិត្យ​ឃើញ​ថា ក្នុង​ឆ្នាំ២០២០ នេះ ក៏​មាន​ករណី​រាយប៉ាយ​ខ្ពស់​តាម​ទីតាំង​ភូមិសាស្ត្រ​មួយ​ចំនួន ដែល​ជា​តំបន់​ព្រៃភ្នំ ពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ មណ្ឌលគិរី ពោធិ​សាត់ និង​ខេត្ត​ស្ទឹងត្រែង។

ក្រសួងសុខាភិបាល​អះអាង​ថា​កម្ពុជា​បាន​ជោគជ័យ​តាំងពី​ឆ្នាំ២០១៨ មក​បន្ត​ដល់ពេល​បច្ចុប្បន្ន ចំពោះ​អត្រា​ស្លាប់​ស្មើ​សូន្យ​នៃ​អ្នកជំងឺ​គ្រុនចាញ់ ។ ក្រសួង​សង្ឃឹម​ទៀត​ថា​នឹង​អាច​លុបបំបាត់​ជំងឺ​នេះ​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ២០២៥។ ចំណែក​ឯ​ជំងឺ​គ្រុនឈាម​វិញ ក្រសួងសុខាភិបាល​ឲ្យដឹង​ថា​អ្នក​ឈឺ​ចំនួន ៣.៣៣៩​ករណី និង​មាន​អ្នក​ស្លាប់​ជំ​នួន ៤ករណី​ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ២០២០ នេះ។

នៅ​ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ២០១៩ ជំងឺ​នេះ​មាន​ជិត ២៨.២៨៥​ករណី និង​មាន​អ្នក​ស្លាប់ ៣២នាក់។ ក្រសួង​អះអាង​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​កាលពី​ថ្ងៃ​ទី១៥ កក្កដា​ថា ​ពេល​នេះ​ ជំងឺ​គ្រុនឈាម​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អ។ កាល​ពី​ឆ្នាំ២០១៩ ក្រសួង​ប្រកាស​ថា​ គឺជា​ឆ្នាំ​ដ៏​គ្រោះថ្នាក់​ដោយសារ​ជំងឺ​គ្រុម​ឈាម ដ្បិត​ចំនួន​អ្នក​ឆ្លង​មានដល់​ទៅ​ជាង ៥ម៉ឺន​ករណី គឺ​កើន​ឡើង ៥ដង​ពី​ឆ្នាំ២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។