ជំងឺគ្រុនឈាមបន្តរាតត្បាតឆ្លងទៅដល់ប្រជាពលរដ្ឋជាច្រើននាក់នៅស្រុកវើនសៃ ខេត្តរតនគិរី។ពលរដ្ឋព្រួយបារម្ភខ្លាចជំងឺនេះឆ្លងរាលដាលកាន់តែខ្លាំង នាំឱ្យពិបាកទប់ទល់ ស្របពេលដែលអ្នកស្រុកជាច្រើននាក់បានបញ្ជូនកូនទៅព្យាបាលមន្ទីរពេទ្យជាបន្តបន្ទាប់។
ប្រជាពលរដ្ឋរស់នៅភូមិកាឡាន់ញ៉ៃ ឃុំវើនសៃ អ្នកស្រី ភីម ផល្លី ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៧ មិថុនា ថា សមាជិកគ្រួសាររបស់អ្នកស្រីចំនួន៣នាក់ ក្នុងនោះមានអ្នកស្រីខ្លួនឯងផ្ទាល់ កូនអាយុ១២ឆ្នាំម្នាក់និង ៥ឆ្នាំម្នាក់បានឆ្លងជំងឺគ្រុនឈាម។ អ្នកស្រីបន្តថា សព្វថ្ងៃ ពួកគាត់កំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពក្នុងស្រុកវើនសៃ មិនទាន់បានធូរស្រាលនៅឡើយទេ។ អ្នកស្រីបន្តថា នេះជាលើកទី២ហើយ ដែលគ្រួសារអ្នកស្រីកើតជំងឺគ្រុនឈាម គឺកាលពីដើមខែមិថុនាកើតម្ដងចូលសម្រាកមន្ទីរពេទ្យប្រមាណ ៣ថ្ងៃ ក៏បានធូរស្រាល ហើយគ្រូពេទ្យឱ្យត្រឡប់ទៅផ្ទះវិញ ហើយក្រោយមកស្រាប់តែជំងឺនេះបានផ្ទុះឡើងជាថ្មីទៀត៖ «យើងធូរតែវាអត់ដឹងថា ជាដាច់ហើយនៅទេ ខ្លាចមានមេរោគនៅក្នុងខ្លួនទៀត ប៉ុន្តែនៅពេទ្យមណ្ឌលសុខភាពគាត់ថា បើមិនជាដាច់ទេគ្រូពេទ្យមិនឱ្យចេញទៅផ្ទះទេ កាលពីដំបូងខ្ញុំអត់ដឹងដែរ ដោយសារពេទ្យឯកជនគេអត់និយាយ គេដាក់សេរ៉ូមពីរបីកំប្លោកគេថា ខ្ញុំជាហើយ ទើបតែលឺពេទ្យរដ្ឋនៅនេះគាត់និយាយថា បើមិនជាទេ គេមិនឱ្យត្រឡប់ទៅផ្ទះ។ តែខ្ញុំនៅតែបារម្ភដោយសារនៅទីនេះចេះតែភ្លៀង និងអាកាសធាតុក្ដៅខ្លាំង»។
អ្នកស្រីបន្តថា ជំងឺនេះចាប់ផ្ដើមផ្ទុះឡើងតាំងពីថ្ងៃទីពាក់កណ្ដាលខែឧសភា រហូតមកដល់ថ្ងៃទី២៧មិថុនា មានមនុស្សកាន់តែច្រើនបានឆ្លងជំងឺនេះ ក្នុងនោះមានទាំងមនុស្សចាស់និងកុមារ ហើយនៅក្នុងភូមិរបស់អ្នកស្រីមានមនុស្ស២នាក់ហើយ បានស្លាប់ដោយសារកើតជំងឺគ្រុនឈាម និងមានពលរដ្ឋប្រមាណ១០០នាក់ទៀតកំពុងសម្រាកព្យាបាលជាមួយអ្នកស្រីនៅមណ្ឌលសុខភាពស្រុកវើនសៃ។
អាស៊ីសេរីមិនអាចទាក់ទងអនុប្រធានមន្ទីរសុខាភិបាលស្រកវើនសៃ លោក ជា សានិត និងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅថ្ងៃទី២៧ មិថុនា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន នៅមន្ទីរពេទ្យកុមារជាតិ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនាថា ជំងឺនេះបានផ្ទុះឡើងខ្លាំងនៅកម្ពុជា។ ទោះជាយ៉ាងណាលោកថា អាជ្ញាធរក្រុងភ្នំពេញមិនមានការព្រួយបារម្ភចំពោះជំងឺនេះទេ និងបានរៀបចំគ្រូពេទ្យ និងមានវិធានការបាញ់ថ្នាំកម្ចាត់មូសខ្លាគ្រប់ខេត្តរួចហើយ៖ «បានរៀបចំវិធានមួយដើម្បីបញ្ចៀស ជាជាងផ្ដុំគ្នាមកកុមារជាតិ ឬមកទីក្រុងភ្នំពេញ ឬវិធានរបស់ក្រសួងសុខាភិបាលលោកបានហ្វឹកហ្វឺនជំនាញដល់បុគ្គលិកពេទ្យបោះយើងឱ្យទៅនៅទីកន្លែង ជាពិសេស គឺចាប់ផ្ដើមនៅខេត្តកំពង់ធំ ដែលជាចំណុចផ្ដល់សារសំខាន់ ហើយនិងត្រៀមលក្ខណៈ បើសិនជាមានការផ្ទុះជំងឺគ្រុនឈាមខ្លាំងយ៉ាងណា យើងនៅតែមានលទ្ធភាពក្នុងការគ្រប់គ្រងកន្លែងផ្ទុកអ្នកជំងឺគ្រុនឈាម ក៏ដូចជា ការបង្វែរការថែរក្សាអ្នកជំងឺ»។
អ្នកជំនាញខាងជំងឺគ្រុនឈាមនៅមន្ទីរពេទ្យកុមារជាតិ លោក វេជ្ជ បណ្ឌិត ប៉ែន កក្កដា មានប្រសាសន៍ថា ជំងឺគ្រុនឈាមអាចឆ្លងទៅទាំងមនុស្សចាស់ និងកុមារ តាមរយៈមូសខ្លាខាំ។ លោកបន្តថា ជំងឺនេះដំបូង អ្នកកើតជំងឺមានអាការក្ដៅខ្លួន ចាប់ពី ៣៨ ទៅ ៣៩អង្សាសេ មានរយៈពេលមួយសប្ដាហ៍ ក្រោយមកអ្នកជំងឺ និងចុះត្រជាក់វិញ។ ប៉ុន្តែលោកថា ការចុះត្រជាក់នេះ ជាសញ្ញាគ្រោះថ្នាក់ដែលត្រូវប្រុងប្រយ័ត្ន ហើយជាសះស្បើយ ប្រសិនបើមានការព្យាបាលបានត្រឹមត្រូវ និងទាន់ពេល ព្រោះប្រសិនបើមិនបានព្យាបាលទាន់ពេលទេ នៅ ២ថ្ងៃក្រោយពីចុះត្រជាក់ គឺអាចធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិតបាន៖ «ជំងឺឈាមអាចស្លាប់បាន ទីមួយស្លាប់ដោយសារឪពុកម្ដាយមួយពេលកូនក្ដៅខ្លួនគាត់ប្រើថ្នាំត្រជាក់ ធម្មតាថ្នាំត្រជាក់គេឱ្យប្រើទាបបំផុត ហើយនៅក្នុងនោះគេឱ្យប្រើវា ៦ម៉ោងម្ដងទៀត ហើយពេលគាត់ឱ្យតែត្រជាក់ដាក់ថ្នាំៗ គឺកូនអាចស្លាប់ដោយសារការដាក់ថ្នាំត្រជាក់ ជាពិសេស ប៉ារ៉ាសេតាម៉ុលតែម្ដង។ ដូច្នេះត្រូវប្រយ័តការប្រើថ្នាំប៉ារ៉ាសេតាម៉ុលនេះ បើកូនមិនត្រជាក់យើងមិនត្រូវដាក់ថ្នាំទេ យើងត្រូវមុជទឹកត្រូវជូតខ្លួន និងប្រើកង្ហារអីធ្វើឱ្យកូនត្រជាក់ទី២ សំខាន់ជាងនោះមិនគួរបញ្ចូលសេរ៉ូមនៅក្នុងអំឡុងពេលក្ដៅខ្លួននោះទេ បើបញ្ចូលសេរ៉ូមច្រើនពេលអាចប្រឈមមុខនឹងលិចលង់ដល់សួត គឺទឹកចូលក្នុងសួត ក៏គ្រោះថ្នាក់មួយដែរ យើងគួរតែទៅរកពេទ្យត្រឹមត្រូវក្នុងការព្យាបាល»។
លោកបន្តថា ដើម្បីទប់ស្កាត់កុំឱ្យកើតជំងឺនេះ គឺពលរដ្ឋត្រូវសំអាតនៅជុំវិញផ្ទះរបស់ខ្លួនឱ្យបានស្អាត ជាពិសេស ទីជម្រករបស់មូសខ្លា គឺត្រូវបោសសំអាតធ្វើយ៉ាងណាកុំឱ្យមានទឹកដក់នៅជុំវិញផ្ទះ ដូចជាកុំឱ្យមានសំបកកំប៉ុង សំបកដូង និងសំបកកង់ឡានជាដើម ព្រោះរបស់ទាំងនេះជាទីកន្លែងដែលមូសខ្លានៅ និងពងបាន។ លោកថា ប្រសិនមានមនុស្សក្នុងគ្រួសារណាម្នាក់មានការសង្ស័យកើតជំងឺគ្រុនឈាមត្រូវប្រញាប់នាំអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានឆាប់ ដើម្បីកុំឱ្យជំងឺធ្ងន់ធ្ងរនាំឱ្យលំបាកព្យាបាល។
កាសែតក្នុងស្រុកចុះផ្សាយនៅថ្ងៃទី២៦ មិថុនាថា ក្រសួងសុខាភិបាលអះអាងថា ក្នុងឆ្នាំ២០១៩ គឺជាឆ្នាំដែលជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ចាប់ពីខែមករា ដល់ថ្ងៃទី២០ ខែមិថុនា អ្នកកើតជំងឺគ្រុនឈាមទូទាំងប្រទេស មានជាង ១ម៉ឺន ២ពាន់នាក់ (១២.០០០) និងបានសម្លាប់មនុស្ស ២១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។