សង្គម​ស៊ីវិល​បារម្ភ​ពី​ចរាចរណ៍​គ្រឿង​ញៀន​កើន​ឡើង​ពី​ឡាវ​មក​កម្ពុជា​តាម​ខេត្ត​ស្ទឹងត្រែង

ដោយ ម៉ែន សុធីរ
2015-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់ (WY) ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​បង្ក្រាប​បាន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។
គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​គ្រាប់ (WY) ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​បង្ក្រាប​បាន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។
RFA/Men Sothyr

សង្គម​ស៊ីវិល និង​ពលរដ្ឋ បារម្ភ​ពី​ការ​នាំ​ចូល​គ្រឿង​ញៀន​ពី​ប្រទេស​ឡាវ ឆ្លង​តាម​ច្រក​របៀង​ទាំង​ផ្លូវ​ទឹក និង​ផ្លូវ​គោក​មក​កម្ពុជា។ ការ​បារម្ភ​នេះ បន្ទាប់​ពី​ការ​ចរាចរ​ទីផ្សារ​ផ្លូវ​ងងឹត​ទាក់ទិន​គ្រឿង​ញៀន និង​ករណី​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​កាន់​តែ​ច្រើន។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​រាយការណ៍​ពី​បទល្មើស​គ្រឿង​ញៀន​ឲ្យ​បាន​គ្រប់​គ្នា ព្រោះ​កន្លង​មក​យន្តការ​នេះ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ។

មន្ត្រី​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​គ្រឿង​ញៀន​ពី​ក្រៅ​ប្រទេស​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ចំនួន​នៃ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​កាន់​តែ​កើន​ឡើង និង​ចំនួន​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក៏​កើន​ឡើង​ដែរ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ការ​ហូរ​ចូល​គ្រឿង​ញៀន និង​ចំនួន​អ្នក​ប្រើប្រាស់ ព្រម​ទាំង​ចំនួន​នៃ​ការ​បង្ក្រាប​ក៏​កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​ថា ករណី​នេះ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ហាក់​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ជាមួយ​អ្នក​ពាក់ព័ន្ធ ទាំង​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្រទេស​ឡាវ៖ «យើង​ព្យាយាម​លុប​បំបាត់។ ខ្ញុំ​ជឿ​ថា​អាច។ ទោះ​បី​វា​មិន​បាត់ ក៏​វា​ប្រសើរ​ជាង​មុន ព្រោះ​យើង​ឃើញ ២០១៥ នេះ មាន​ការ​បង្ក្រាប​ច្រើន​ណាស់។ យើង​សរសើរ​ទៅ​លើ​កង​រាជ​អាវុធហត្ថ និង​ស្នងការ​ខេត្ត»

ចំណែក​របាយការណ៍​របស់​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា សមត្ថកិច្ច​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន ៤២​ករណី ចាប់​ខ្លួន​សង្ស័យ​ចំនួន ៧៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ឡាវ ៥​នាក់ និង​ចាម ម្នាក់។ សមត្ថកិច្ច​រឹប​អូស​គ្រឿង​ញៀន​មេតំហ្វេតាមមីន​ប្រភេទ​ម្សៅ (ICE) ជាង ២​ពាន់​ក្រាម (២.២៩៩,៥២២​ក្រាម) និង ២១​កញ្ចប់​តូច ប្រភេទ​មេតំហ្វេតាមីន​គ្រាប់ (WY) ចំនួន​ជាង ៣​ពាន់​គ្រាប់ (៣.២១២​គ្រាប់) បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កើន​ឡើង។

ស្នងការ​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា បញ្ជាក់​យ៉ាង​ខ្លី​ថា បញ្ហា​គ្រឿង​ញៀន​នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​សម្រាប់​ខេត្ត​ស្ទឹងត្រែង ដែល​នគរបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប៖ «ឆ្នាំ​ហ្នឹង​យើង​បង្ក្រាប​បាន​ច្រើន ប៉ុន្តែ​បញ្ហា​គ្រឿង​ញៀន​វា​មិន​ចេះ​អស់​ទេ»

យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា យន្តការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​មិន​ទុក​ចិត្ត​គ្នា​រវាង​សមត្ថកិច្ច និង​តុលាការ បង្ក​ឲ្យ​កើន​ឡើង​នូវ​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​អ្នក​ប្រើប្រាស់។

មន្ត្រី​សម្រប​សម្រួល​នៃ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ច្បាប់​ជា​មូលដ្ឋាន​គ្រឹះ និង​អនុវត្ត​ច្បាប់​ដោយ​មិន​រើស​មុខ។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ពី​លទ្ធភាព​នៃ​ការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​ដោយ​ឯករាជ្យ ដើម្បី​ស្ទង់​ពី​កម្រិត​សមត្ថភាព​មន្ត្រី​ជំនាញ ថា​តើ​មាន​សមត្ថភាព​កម្រិត​ណា ដើម្បី​ងាយ​ស្រួល​រក​គន្លឹះ​កែលំអ​បន្ថែម ក្នុង​ការ​ទប់ស្កាត់​ករណី​គ្រឿង​ញៀន​ឲ្យ​បាន​ប្រសើរ។ លោក​ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​តែ​មាន​យន្តការ​កែលំអ​នៃ​ការ​បង្ក្រាប​ដោយ​វិវឌ្ឍន៍​តាម​សម័យ​កាល ខណៈ​ដែល​ចំនួន​នៃ​អ្នក​ប្រើប្រាស់ និង​ចំនួន​នៃ​ការ​បង្ក្រាប​កាន់​តែ​កើន​ឡើង ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​នៃ​ការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ៖ «មាន​តែ​ការ​បន្ថែម​ល្បឿន​ទាំង​ការ​ទប់ស្កាត់​តាម​ព្រំដែន និង​បង្ក្រាប​ក្នុង​ប្រទេស។ យើង​អាច​មើល​ឃើញ​ថា ការ​កើន​ឡើង​នៃ​គ្រឿង​ញៀន ពិសេស​ការ​ចែក​ចាយ ដូចជា​ឆ្លង​ដែន​មក​ហ្នឹង។ វា​អាច​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ​ទៅ​នឹង​រឿង​ពុក​រលួយ​ហ្នឹង។ ពុក​រលួយ​វា​អាច​រឿង​ភាព​អសកម្ម​ពាក់ព័ន្ធ​សមត្ថកិច្ច ឬ​ពាក់ព័ន្ធ​អ្នក​អនុវត្តន៍​ច្បាប់​ក្នុង​កម្រិត​ណា​មួយ​ហ្នឹង»

កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៥ អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ បង្ហាញ​គ្រឿង​ញៀន​ទម្ងន់​ជិត ៥៥​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រមាណ​ជិត ៣​លាន​ដុល្លារ ដែល​នគរបាល​ជំនាញ​បង្ក្រាប​បាន ដោយ​ចាត់​ទុក​ថា ប្រសិន​គ្រឿង​ញៀន​ទាំង​នោះ​បាន​ចរាចរ នឹង​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។

របាយការណ៍​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា នគរបាល​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​មាន​ចំនួន ៤៧​ករណី ធៀប​ឆ្នាំ​២០១៤ កើន​ឡើង ២៨​ករណី ស្មើ ៤០,៤២%។ សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ ៧៤​នាក់ ក្នុង​នោះ​ជនជាតិ​ឡាវ ៣​នាក់ ជនជាតិ​ចាម ៣​នាក់ និង​ជនជាតិ​វៀតណាម ៤​នាក់។ ចំនួន​នេះ ធៀប​ឆ្នាំ​២០១៤ កើន​ឡើង ៤៤​ករណី។ សមត្ថកិច្ច​ក៏​រឹប​អូស​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន ឬ​ម៉ា​ទឹក​កក (WY) ចំនួន​ជាង ៦​ពាន់​គ្រាប់ (៦.៥៩១​គ្រាប់) និង​ប្រភេទ​មេតំហ្វេតាមីន​ម្សៅ (ICE) ជាង ៤​ពាន់​ក្រាម (៤.៨៤៩,៦​ក្រាម)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បច្ចុប្បន្ននេះ គ្រឿងញាណកំពុងវាយលុកចូលក្នុងស្រទាប់យុវវ័យទាំងនៅទីក្រុង និងជនបទ។ យុវជនខ្លះប្រើប្រាស់គ្រឿងញាណរហូតដល់ឡប់លែងដឹងអ្វីទាំងអស់។ តើក្នុងរយៈពេល១០ឆ្នាំទៀតចំនួនអ្នកប្រើគ្រឿងញាណនឹងកើនប៉ុនណា? តើយើងឬរដ្ឋាភិបាលអាចធ្វើអ្វីឲ្យប្រសើរជាងវិធានការកន្លងមក?ឬក៏ទុកឲ្យយុវជនខ្មែរ៨០%ឆ្កួតនឹងគ្រឿងញាណ?

Nov 29, 2015 08:42 AM

គេហទំព័រ​ទាំងមូល