ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្ដុំ​ក្រុម​អ្នក​កីឡា​ឡើង​វិញ នៅ​ដើម​ខែ​កក្កដា

ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​ក្រុម​កីឡា​ជម្រើស​ជាតិ​ឡើង​វិញ នៅ​ដើម​ខែ​កក្កដា ដើម្បី​ហ្វឹកហាត់ ពង្រឹង​សមត្ថភាព បន្ទាប់​ពី​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​ការ​រាល​ដាល​សកល​នៃ​ជំងឺ​កូវីដ១៩ (Covid-19)។

កាសែត​ក្នុង​ស្រុក​រាយការណ៍​ថា ក្រុម​ជម្រើស​កីឡា​ជម្រើស​ជាតិ​ទាំង ៣៥ប្រភេទ​នោះ សរុប​មាន​អ្នក​កីឡា​ចំនួន ៥១៦នាក់ ក្នុង​នោះ ក្រុម​កីឡា​ជន​ពិការ​ចំនួន ៥២នាក់។ ពួក​គេ​នឹង​ប្រមូល​ផ្តុំ​ហ្វឹកហាត់ រយៈ​ពេល ៦ខែ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០២០។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ដើម្បី​សុំ​បញ្ជាក់​អំពី​រឿង​នេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា។

ចំពោះ​ប្រភេទ​កីឡា​វិញ រួមមាន កីឡា​មាន​សក្ដានុពល -កីឡា​ប្រជាប្រិយ៍ -កីឡា​ចាំបាច់ កីឡាអត្តពលកម្ម និង​ហែល​ទឹក ព្រម​ទាំង​កីឡា​កំពុង​អភិវឌ្ឍ និង​ជំរុញ​ដណ្តើម​មេដាយ។ ចំណែក កីឡា​ត្រៀម​ប្រកួត​លក្ខណៈ​អន្តរជាតិ រួម​មាន​តៃក្វាន់ដូ កីឡា​លេង​អុក​ចត្រង្គ ជា​ដើម។ ដោយ​ឡែក​ប្រភេទ​កីឡា​ជន​ពិការ​វិញ គឺ​មាន​សរុប​ចំនួន ៥២នាក់ ដែល​ក្នុង​នោះ មាន​កីឡាករ ២៨នាក់ កីឡាការិនី ១២នាក់ គ្រូ​បង្វឹក ១០នាក់ និង​អនុរក្ស ២នាក់។

ការ​ហ្វឹកហាត់​ទាំង​នេះ គឺ​ដើម្បី​ស្ដារ និង​ពង្រឹង​សមត្ថភាព​ឡើង​វិញ ត្រៀម​ចូលរួម​ការ​ប្រកួត​អន្ដរជាតិ​នានា ពិសេស​ការ​ត្រៀម​ប្រកួត​កីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅ​វៀតណាម ហើយ​កម្ពុជា នឹង​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ សម្រាប់​កីឡា​ស៊ីហ្កេម នៅឆ្នាំ២០២៣ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។