ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឲ្យអង្គភាពស្ថាប័ន មន្ទីរ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ក្រោមឱវាទ ត្រូវរៀបចំសម្ភារៈសម្លាប់មេរោគ ដូចជា អាល់កុល សាប៊ូ ប្រព័ន្ធទឹកស្អាត កន្លែងលាងដៃ និងពង្រឹងវិធានការអនាម័យ នៅតាមគ្រឹះស្ថានរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បញ្ជាក់ក្នុងសេចក្ដីណែនាំចុះថ្ងៃទី៩ មិនាថា ជាវិធានការ ការពារនេះ គឺបន្ទាប់ពីមានការរកឃើញ ករណី បុរសជនជាតិខ្មែរមួយរូប មានផ្ទុកជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ១៩ (Covid-19)។
វិធានការរៀបចំសម្ភារៈសម្លាប់មេរោគ និងវិធានការពង្រឹងការធ្វើអនាម័យ បង្គាប់ឱ្យអនុវត្ត ចាប់ពីថ្នាក់ក្រសួង ដល់គ្រឹះស្ថានសិក្សាទាំងអស់ ហើយអង្គភាពនីមួយៗ ត្រូវចូលរួមផ្សព្វផ្សាយវិធានការទាំងនេះ។ អង្គភាពក្រោមឱវាទក្រសួងអប់រំ ទាំងអស់ ក៏ត្រូវសហការជិតស្និទ្ធជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា ហើយប្រសិនបើមានបុគ្គលិកអប់រំ ឬសិស្សានុសិស្ស មានរោគសញ្ញាសង្ស័យថា ក្អក កណ្ដាស់ ផ្ដាសាយ ហៀរសំបោរ ឈឺក្បាល ឈឺបំពង់ក ពិបាកដកដង្ហើម រាគ ឬក្អួត ត្រូវណែនាំឲ្យទៅព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យក្បែរសាលា ឬលេខទូរស័ព្ទ ១១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។