ក្រសួង​បញ្ជាក់​ពី​ការ​សុំ​អនុញ្ញាត​លិខិត​ចេញ​ចូល​ធ្វើ​ការ​រោងចក្រ សហគ្រាស និង​សិប្បកម្ម ក្នុង​អំឡុង​បិទ​២​សប្តាហ៍

ក្រសួង​ការងារ​ជូនដំណឹង​ពី​តម្រូវការ​ឯកសារ និង​ទីកន្លែង​ស្នើសុំ «​លិខិត​អនុញ្ញាត​ចេញ​-​ចូល​» រោងចក្រ សហគ្រាស និង​សិប្បកម្ម​នានា ក្នុងអំឡុងពេល​បិទ​ខ្ទប់ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ចាប់ពី​ថ្ងៃទី​១៤ ខែ​មេសា រហូត​ដល់​ថ្ងៃទី​២៨ ខែ​មេសា ខាងមុខ។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការងារ កាល​ពី​ថ្ងៃទី​១៥ ខែ​មេសា បញ្ជាក់​ថា ម្ចាស់​រោងចក្រ សហគ្រាស និង​សិប្បកម្ម​នានា ដែល​សាលាក្រុង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម ត្រូវ​ទៅ​ធ្វើ​លិខិត​សុំ​អនុញ្ញាត​ដោយ​យក​ឯកសារ​បើក​សហគ្រាស និង​បញ្ជី​ឈ្មោះ​កម្មករនិយោជិត និង​បុគ្គលិក ចាំបាច់​ដែល​ត្រូវធ្វើ​ដំណើរ​មក​បំពេញ​ការងា​រ ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់។

ក្រសួង​បន្ត​ថា ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម នៅ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់​តំណាង​១​រូប មក​ស្នើសុំ​នៅ​ក្រសួង​ការងារ​នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​រោងចក្រ និង​សហគ្រាស សិប្បកម្ម នៅ​ក្រុង​តាខ្មៅ​វិញ ត្រូវ​មក​ស្នើសុំ​នៅ​មន្ទីរ​ការងារ​ក្នុង​ខេត្តកណ្តាល។

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​សម្រេច​ជា​បន្ទាន់​មួយ ដោយ​ប្រកាស​បិទ​រាជធានី​ភ្នំពេញ​ទាំងស្រុង និង​ក្រុង​តាខ្មៅ​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ពេល​នេះ​រហូត ដល់​ថ្ងៃទី​២៨ ខែមេសា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។