ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​សៀមរាប

ដោយ មួង ណារ៉េត
2020-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ខ្មែរ (ក្នុង​រង្វង់) ដែល​មាន​ផ្ទុក​វិរុស​កូវីដ-១៩ ពេល​ត្រូវ​ហៅ​សាកសួរ​ ក្រោយ​បុរស​ជនជាតិ​ជប៉ុន មាន​ផ្ទុក​ជំងឺ​នេះ។
បុរស​ខ្មែរ (ក្នុង​រង្វង់) ដែល​មាន​ផ្ទុក​វិរុស​កូវីដ-១៩ ពេល​ត្រូវ​ហៅ​សាកសួរ​ ក្រោយ​បុរស​ជនជាតិ​ជប៉ុន មាន​ផ្ទុក​ជំងឺ​នេះ។
Photo courtesy

មន្ត្រី​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការផ្សាយ​នេះ​បន្តិច ថា​ជនជាតិ​ខ្មែរ​ម្នាក់ នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ-១៩ (Covid-19)

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ឌឌីន បញ្ជាក់​ថា បុរស​ជនជាតិ​ខ្មែរ​រូប​នេះ មាន​វ័យ ៣៨ ឆ្នាំ និង​ជា​អ្នក​គ្រប់គ្រង​កិច្ចការ​ធុរកិច្ច​ផ្ទាល់ របស់​ជនជាតិ​ជប៉ុន ដែល​ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ នេះ​ដែរ ក្រោយ​ចាក​ចេញពី​ក្រុង សៀមរាប៖ «នៅ​ព្រឹក​នេះ យើង​ទទួល​បាន​ព័ត៌មាន​ថា គាត់​រក​ឃើញ នូវ​ជន​ប៉ះពាល់​បន្ថែម​ទៀត ជាពិសេស​ក្រុម​គ្រួសារ របស់​បុរស​អាយុ ៣៨ ឆ្នាំ​នោះ ហើយ​ពួកគាត់​ទាំងអស់​នេះ បាន​មក​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​បង្អែក​សៀមរាប​រួចហើយ»

មន្ត្រី​ដដែល​បន្ថែម​ថា សមាជិក​ក្រុម​គ្រួសារ​របស់​បុរស​ជនជាតិ​ខ្មែរ ដែល​មាន​ផ្ទុក​ជំងឺ​នេះ និង​ដែល​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​បុរស​នេះ ហើយ​ត្រូវ​បាន​យក​មក​ដាក់​ក្នុង​បន្ទប់​ដោយឡែក នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​នោះ មាន ៣ នាក់ គឺ​ទីមួយ​ប្រពន្ធ​របស់​បុរស​នោះ និង​ពីរ​នាក់​ទៀត​ជា​ប្អូនថ្លៃ​របស់​គាត់។

ក្រោយ​ជនជាតិ​ជប៉ុន​វ័យ ៤០ ឆ្នាំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ដាក់​មនុស្ស ៤ នាក់​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​នេះ នៅ​ក្នុង​បន្ទប់​ដាច់ដោយឡែក នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។ បើ​តាម​អ្នកស្រី ឱ វណ្ណឌីន អ្នក​ទាំង​បួន​នោះ គឺជា​បុគ្គលិក​ក្នុង​ការិយាល័យ ដែល​ធ្វើការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​នោះ​។ ក្នុង​នោះ​មាន​បុរស​ជនជាតិ​ខ្មែរ​វ័យ ៣៨ ឆ្នាំ ដែល​ទើបនឹង​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​នេះ។

ដោយឡែក​ក្រសួងសុខាភិបាល មិន​ទាន់​បាន​ចាត់វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​តាមដាន ឬ​ពិនិត្យ​សុខភាព​បុគ្គលិក នៃ​មន្ទីរពេទ្យ​ឯកជន ដែល​ជនជាតិ​ជប៉ុន​នោះ បាន​ទៅ​ពិនិត្យ​ជំងឺ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo: RFA

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មួយ​រូប​ទៀត គឺ​លោក លី សូវ៉ាន់ បាន​ត្រឹម​តែ​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នោះ​ថា មន្ត្រី​សុខាភិបាល គ្រាន់តែ​ចុះទៅ​សួរនាំ​ធម្មតា ប៉ុណ្ណោះ៖ «យើង​ក៏បាន​ចុះទៅ​មន្ទីរពេទ្យ​ដែរ ហើយ​យើង​បាន​សាកសួរ​អំពី​គ្រូពេទ្យ​ដែល​ប៉ះពាល់​ជាមួយ​គាត់​។ ប៉ុន្តែ គ្រូពេទ្យ​ដែល​យើង​ជួប​នោះ បាន​បង្ហាញ​ថា គាត់​មិន​បាន​នៅ​ជិត​អ្នកជំងឺ​នោះ​ទេ​។ គាត់​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​។ ដូច្នេះ​គាត់​មិន​បាន​ចាត់ទុកថា ជា​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​នោះ​ទេ»

ជុំវិញ​វិធានការ​ការពារ​វិញ មន្ត្រី​សុខាភិបាល មិនបាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន អំពី​ថា​តើ​រដ្ឋាភិបាល នឹង​មាន​វិធានការ​រឹត​បណ្ដឹង​ការ​ធ្វើដំណើរ​ចេញចូល​ខេត្ត​សៀមរាប ដែល​មាន​ផ្ទុះ​ជំងឺ​នេះ​នោះ​ទេ។

ទោះជា​យ៉ាង​នេះ​ក្តី​លោក លី សុវណ្ណ បាន​អះអាង​ថា កម្ពុជា​មាន​ប្រព័ន្ធ​ការពារ​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ៖ «ក្រសួងសុខាភិបាល​មាន​ប្រព័ន្ធ​តាមដាន និង​ប្រកាស​អាសន្ន​របស់​យើង​។ យើង​យក​ព័ត៌មាន​ពី​គ្រប់​មណ្ឌល​សុខាភិបាល នៅ​ទូទាំង​ប្រទេស​។ យើង​មាន​ប្រព័ន្ធ​ឃ្លាំមើល​។ ចំនួន​ករណី​កើន​ឡើង​ច្រើន ដោយសារ​យើង​មាន​ប្រព័ន្ធ​គ្រប់​ទាំងអស់ ដើម្បី​តាមដាន​។ យើង​មាន​ប្រព័ន្ធ​តាមដាន​ព្រឹត្តិការណ៍ ដោយ​ប្រើ​លេខ ១១៥​។ ពលរដ្ឋ​សង្ស័យ​រាយការណ៍​មក​យើង យើង​ចុះទៅ​វាយតម្លៃ​ដល់​ផ្ទះ​តែម្ដង»

ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ងារ​ជា​បុរស​សង្ហារ​ដើរ​បញ្ច្រាស​ទិស និង​ដែល​ធ្លាប់​អះអាង​ថា ទាល់តែ​សេះ​ដុះ​ស្នែង ឬ​ទាល់​តែ​មាន​ថ្ងៃ​ទី​៣១ ខែ​កុម្ភៈ ទើប​មាន​ករណី​កើត​ជំងឺ​កូវីដ​-១៩ លើ​ជនជាតិ​ខ្មែរ នៅ​ថ្ងៃ​នេះ​ដែរ ក៏បាន​ប្រកាស​ឱ្យ​បិទទ្វារ​សាលារៀន​ទាំងអស់​នៅ​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​បង្ការ​ជំងឺ​នេះ​។ ចំណែក​គម្រោង​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែល​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ដែល​ថា មិន​គួរ​គ្រោង​ធ្វើ​នោះ ក៏​ពេល​នេះ លោក ហ៊ុន សែន បញ្ជា​ឱ្យ​លុបចោល​វិញ​ហើយ​ដែរ។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ អ្នកស្រី ឱ វណ្ណឌីន ឯណោះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំ​ភ័យ​ខ្លាច កុំ​ស្លន់ស្លោ កុំ​នាំគ្នា​ស្តុក​ទុក​ទំនិញ តែ​សំខាន់​ត្រូវ​រក្សា​អនាម័យ​ខ្លួនប្រាណ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ជំងឺ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល