សហរដ្ឋផ្តល់ប្រាក់ ១១លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា និងទឹកប្រាក់ ៤ពាន់លានដុល្លារផ្សេងទៀត ក្នុងក្របខ័ណ្ឌវ៉ាក់សាំងកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមជួយពិភពលោកទប់ស្កាត់ជំងឺរាតត្បាតសាកលកូវីដ១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឲ្យដឹងថា ក្នុង ជំនួបរវាងរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក មឺហ្វី (Patrick Murphy) កាលពីថ្ងៃទី១៧ ខែឧសភា សហរដ្ឋអាមេរិកបានផ្តល់ទឹកប្រាក់ ១១លានដុល្លារ ដល់កម្ពុជា ក្នុងគោលដៅជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ចំណែកទឹកប្រាក់ចំនួន ៤ពាន់លានដុល្លារផ្សេងទៀត គឺធ្វើឡើងតាមរយៈយន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍។
ក្រោមជំនួយរបស់អាមេរិកនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមក កម្ពុជាទទួលបានវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra Zeneca) ចំនួន ៦សែនដូស (៦០០.០០០) ពីកម្មវិធីកូវ៉ាក់ (Covax) នេះ។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាពីសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលមានការកើនឡើងក្នុងអំឡុងឆ្នាំ២០២០ និងត្រីមាសទី១ ដើមឆ្នាំ២០២១ បើទោះបីជាមានវិបត្តិសកលនៃជំងឺកូវីដ១៩ ក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងផងដែរថា ទោះបីជាកម្ពុជា និងសហរដ្ឋអាមេរិក ខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក៏ដោយ ក៏ភាគីទាំងពីរប្ដេជ្ញាខិតខំដោះស្រាយរួមគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។