រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បង្គាប់​ឲ្យ​មន្ត្រី​របស់​ខ្លួន ធ្វើ​ការ​តាម​ផ្ទះ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីត១៩

0:00 / 0:00

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស បាន​និយាយ​នៅ​ក្នុង​ខ្សែ​អាត់​ផ្ញើ​ទៅ​ក្នុង​គ្រុប ឬ​ក្រុម​ការងារ​របស់​លោក ហើយ​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី១៥ មីនា លោក ប្រាក់ សុខុន បាន​ដាក់​វិធានការ​ចំនួន ៤ចំណុចទៅមន្រ្តីក្រសួងការបរទេសទាំងអស់ ឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​រីក​រាល​ដាល​ជំងឺ​កូវី១៩ ខណៈ​ជំងឺ​នេះ កំពុង​តែ​វាយ​លុក​ប្រទេស​ផ្សងៗ រួម​ទាំង​កម្ពុជា​ផង។ លោក ប្រាក់ សុខ អះអាង​ថា មន្ត្រី​ក្រសួង​ការ​បរទេស ត្រូវ​ធ្វើ​ការ​តាម​ផ្ទះ​ជំនួស​ឲ្យ​ទៅ​ធ្វើ​ការ​ដោយ​ផ្ទាល់​នៅ​ឯ​ក្រសួង​ការ​បរទេស បើ​សិន​ជា​គ្មាន​ការ​អ្វី​ចាំបាច់៖ «បើ​គ្មាន​ការ​អនុញ្ញាត​ពី​ខ្ញុំ​ទេ បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ត្រូវ​ផ្អាក​សិន ហើយ​បើ​សិន​ភ្ញៀវ​បរទេស​មក​ជួប បើ​ចាំបាច់​បំផុត កុំ​ចាប់​ដៃ និង​ត្រូវ​លាង​ដៃ ចាប់​ពី​ពេល​នេះ​ទៅ មិន​ត្រូវ​មក​ធ្វើ​ការ​ទេ មក​តែ​ក្នុង​ករណី​ចាំបាច់​បាន​ហើយ »

អាស៊ី​សេរី​មិន​អាច​ទាក់ទង លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ កាល​ពី​រាត្រី​ថ្ងៃ​ទី១៥ មីនា។

កាលពីយប់ថ្ងៃទី១៥មីនានេះដែរ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​វិធានការ​ចំនួន៤ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ឆ្លង​ជំងឺ​កូវីត១៩ ដែរ​នោះ គឺ​ទី១ មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ប្រសិន​បើ​មិន​មាន​ការ​អ្វី​ចាំបាច់​បំផុត ដែល​ខាន​ពុំ​បាន។ ទី២ គ្រប់​ក្រសួង ស្ថាប័ន​រដ្ឋ​ទាំង​អស់ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់ ធ្វើ​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​គ្រប់​ប្រភេទ ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់។ ទី​៣ ក្នុង​ករណី​ចាំបាច់​ខាន​មិន​បាន ដែល​តម្រូវ​ឲ្យ​មាន​តំណាង​របស់​កម្ពុជា ចូលរួម​ប្រជុំ​នៅ​បណ្ដា​ប្រទេស​ទាំង​នេះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ ត្រូវ​ធ្វើ​សំណើ​ទៅ​កាន់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រជុំ ឲ្យ​ចូលរួម​ជំនួស។ ទី​៤ ចំពោះ​មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ​ណា ដែល​ទើប​វិល​ត្រឡប់​ពី​បណ្ដាល​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ត្រូវ​ដាក់ ឱ្យ​នៅ​ដោយ​ឡែក​ពី​គេ ក្នុងរយៈពេល ១៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ដែល​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ស្រប​តាម​នីតិវិធី​កំណត់​ដោយ​ក្រសួង​សុខាភិបាល។

វិធានការ​ហាម​ឃាត់​របស់​លោក ហ៊ុន សែន ដែល​មិន​បាន​ដាក់​បញ្ចូល​ប្រទេស​ចិន ដែល​ជា​ប្រទេស​ប្រភព​ដើម​នៃ​ការ​ចម្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ គឺ​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល ថា លោក ហ៊ុន សែន គួរ​តែ​ដាក់​ចិន​ជា​ប្រទេស​មិន​ឲ្យ​ជន​ជាតិ​ចិន​ចូល​កម្ពុជា ឬ​ហាម​ពលរដ្ឋ​កម្ពុជា​មិន​ឲ្យ​ចូល​ទៅ​ប្រទេស​ចិន​ដូច​គ្នា ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំងឺ​កូវីត១៩ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។