ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួនបួននាក់ ដែលសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ស្របពេលកម្ពុជាពុំទាន់រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទេ នៅថ្ងៃទី២៧ កក្កដា។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៧ កក្កដាថា អ្នកជាសះស្បើយថ្មី ៤នាក់នេះ គឺជាបុរសជនជាតិខ្មែរ អាយុចន្លោះពី ២៣ឆ្នាំ ទៅ ៣០ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីម្នាក់ និងប្រទេសអារ៉ាប់ប៊ីសាអូឌីត ៣នាក់។ បុរសទាំង ៤រូបនោះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២ដង កាលពីថ្ងៃទី២៦ កក្កដា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តការការពារការចម្លងជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងពេលឈប់សម្រាកសងបុណ្យចូលឆ្នាំប្រពៃណីជាតិ ៥ថ្ងៃ ចាប់ពីថ្ងទី១៧ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ពីបុគ្គលទៅបុគ្គល និងចូលក្នុងសហគមន៍។ ក្រសួងសុខាភិបាលណែនាំថា ប្រជាពលរដ្ឋត្រូវជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកម្សាន្ត ប្រកបដោយសុវត្ថិភាពមិនមានការចម្លងជំងឺ ជ្រើសរើសមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ ព្រមទាំងជ្រើសរើសការទទួលទានអាហារប្រកបដោយសុវត្ថិភាព ត្រូវរក្សាអនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសាងដៃ ពាក់ម៉ាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានត្រឹមត្រូវ។
គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២២៥នាក់ហើយ ក្នុងនោះ ១៤៧នាក់ បានជាសះស្បើយ និង ៧៨នាក់ទៀតកំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។