រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​មួយ​ចំនួន ដើម្បី​ទប់ទល់​ជាមួយ​ជំងឺ​កូវីដ-១៩

រដ្ឋាភិបាល សម្រេច​បិទ​គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស ហើយ​ណែនាំ​ឲ្យ​ពលរដ្ឋ និង​មន្ត្រី​រាជការ ដែល​ទើប​ត្រឡប់​មក​ពី​អាមេរិក តំបន់​អឺរ៉ុប និង​អ៊ីរ៉ង់ ត្រូវ​នៅ​ដាច់​ដោយ​ឡែក​រយៈ ពេល ១៤ថ្ងៃ​សិន ដើម្បី​បង្ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ អ្នក​ជំនាញ​ផ្នែក​សុខភាព សាធារណៈ ពិនិត្យ​ឃើញ​ថា វិធានការ​រដ្ឋាភិបាល​ឆ្លើយ​តប​ទាន់​ពេល​វេលា និង​រំពឹង​ថា អាច​ទប់ទល់​ជាមួយ​ជំងឺ​ឆ្លង​កូវីដ-១៩ បាន។

ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ជា​បន្ត​បន្ទាប់​នោះ​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ដាក់​ចេញ​វិធានការ​ផ្សេងៗ គ្នា ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​ដែរ។

ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី១៦ ខែ​មីនា បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​ចាប់​ផ្ដើម​វិស្សម កាល​តូច និង​ការ​ឈប់​សម្រាក​មុន​កាល​កំណត់​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត​ គ្រប់​ប្រភេទ​ទាំង​សាធារណៈ និង​​ឯកជន​ទូទាំង​ប្រទេស រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

ចំណែក​ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​វិធី​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ក្នុង​រយៈ​ពេល ១៤ថ្ងៃ នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល​រៀងៗ ខ្លួន សម្រាប់​បុគ្គល​ដែល​សង្ស័យ​ឆ្លង​ជំងឺ កូវីដ-១៩។ វិធី​ទាំង​នោះ មាន​ដូច​ជា ត្រូវ​រស់​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក មាន​ខ្យល់​ចេញ​ចូល​ល្អ ត្រូវ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​កន្លែង​រស់​នៅ​រួម​គ្នា ដូចជា ផ្ទះ​បាយ និង​បន្ទប់​ទឹក ហើយ​បើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ឈឺ​បំពង់​ក ពិបាក​ដក​ដង្ហើម និង​រោគ​សញ្ញា​ផ្សេងៗ ទៀត ត្រូវ​ទាក់ទងក្រសួងសុខាភិបាលតាមរយៈលេខ១១៥ ឬ​ទៅ​អាជ្ញាធរ​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​ផ្ទះ។ ក្រសួង ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​តាម​ដាន​បុគ្គល​ដែល​តម្រូវ​ឲ្យ​រស់​នៅ​ដាច់​ដោយ​ឡែក​ទាំង​នោះ​ដែរ។ ក្រសួង​មួយ​នេះ ក៏​ចេញ​លិខិត​មួយ​ទៀត នៅ​រសៀល​ថ្ងៃទី១៦ ខែ​មីនា ស្នើ​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ក្រុង​ទាំង​អស់​បង្កើត​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ តាម​រាជធានី-ខេត្ត​របស់​ខ្លួន។

ក្រៅ​ពី​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​ស្ដីពី​វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​មីនា។ សារាចរ​នោះ គឺ​ណែនាំ​ដល់​ពលរដ្ឋ និង​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​នានា កុំ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាមេរិក អឺរ៉ុប និង​អីរ៉ង់ ប្រសិនបើ​មិន​មាន​ករណី​ចាំបាច់។ ចំពោះ​មន្ត្រី​រាជការ និង ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ​​ណា ដែល​ទើប​វិល​ត្រឡប់​មក​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល ១៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​មក​ដល់​កម្ពុជា​វិញ ស្រប​តាម​នីតិវិធី​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​សម្រេច​ផ្អាក​កម្មវិធី​វេទិកា​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​លើក ទី១៩ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ ខែ​មេសា និង​ផ្អាក​កម្មវិធី​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៤ ខែ​មេសា​ខាងមុខ ដោយសារ​តែ​ជំងឺ​កូវីដ-១៩ផងដែរ។ ចំណែក អាជ្ញាធរ​រាជធានី-ខេត្ត​មួយ​ចំនួន ក៏​បាន​ប្រកាស​លុប​ចោល​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ផង​ដែរ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​ការ​ត្រៀម​វិធានការ​ដទៃ​ទៀត ពី​ខាង​អ្នក​នាំ​ពាក្យ ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ និង​អ្នកស្រី ឱ វណ្ណឌីន ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

អគ្គនាយក​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (J.Quach Education) និង​ជា​វេជ្ជបណ្ឌិត គឺ​ឧកញ៉ា គួច ម៉េងលី មាន​ប្រសាសន៍​ថា លោក​ជឿ​ទុក​ចិត្ត​ចំពោះ​វិធានការ​រដ្ឋាភិបាល​កម្ពុជា​ថា អាច យក​ឈ្នះ​ជំងឺ​កូវីដ-១៩ បាន ព្រោះ​លោក​ពិនិត្យ​ឃើញ​ថា វិធានការ​របស់​អាជ្ញាធរ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គឺ​សហការ​គ្នា​បាន​ល្អ និង​ឆ្លើយ​តប​បាន​លឿន និង​ទាន់​ហេតុការណ៍។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​រូប​នេះ មិន​អាច​វាយ​តម្លៃ​បាន​ទេ​ថា តើ​ក្រសួង​សុខាភិបាល បាន ត្រៀម​បរិក្ខារ​ពេទ្យ និង​បុគ្គលិក​ជំនាញ​គ្រប់គ្រាន់​បែប​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ក្នុង​ករណី​កម្ពុជា មាន​អាសន្ន​ធំ​ជាង​បច្ចុប្បន្ន គឺ​នឹង​មាន​ប្រទេស​សម្ព័ន្ធ​មិត្ត​ជា​ច្រើន​ចូលរួម​ជួយ​ជ្រោមជ្រែង​កម្ពុជា៖ «ខ្ញុំ​មិន​ខុស​ពី​ក្រសួង​អប់រំ ក្រសួង​សុខាភិបាល​ទេ ហើយ​ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​ដែរ ដូច​ជា អាមេរិក និង​សហភាព​អឺរ៉ុប​អ៊ីចឹង គឺ​មាន​តែ​យើង​ផ្ញើ​សារ​មួយ​ថា កុំ​ឲ្យ​មាន​ការ​ជួប​ជុំ​ផ្ដុំ​គ្នា​ច្រើន ហើយ​ឆ្ងាយ​ពី​គ្នា​បន្តិច ហើយ​សំខាន់​យើង​អប់រំ​អំពី​វិធីសាស្ត្រ​ការពារ កុំ​ឲ្យ​មាន​ការ​ចាប់​ដៃ​គ្នា កុំ​នៅ​ជិត​គ្នា​ពេក ហើយ​ញាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ។ បើ​មាន​ជំងឺ​ផ្ដាសាយ ឬ​ស្រដៀងៗ ត្រូវ​ពាក់​ម៉ាស់ ហើយ​បើ​មាន​រោគសញ្ញា​ក្ដៅ​ខ្លួន បែក​ញើស ឬ​ក្អក​ស្ងួត ត្រូវ​ទៅ​ពេទ្យ​ពិនិត្យ ដើម្បី​ចៀសវាង​ការ​សង្ស័យ​កូវីដ-១៩»។

កាលពីថ្ងៃទី១៤ ខែ​មីនា សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន ២លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ការ​ងារ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩។ ចំណែក​ប្រទេស​ជប៉ុន​វិញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​​កុម្ភៈ កន្លង​ទៅ បាន​ផ្ដល់​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ធំ​ដល់​កម្ពុជា ដូច​ជា អាវ​បំពង់ អាល់កុល​សម្លាប់​មេរោគ និង​វ៉ែនតា​ការពារ​សុវត្ថិភាព ព្រម​ទាំង​ស្រោម​ដៃគូ ជាដើម។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ស្ថានភាព​ជំងឺ​កូវីដ-១៩ កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​សម្រាប់​សហគមន៍​ហើយ បន្ទាប់​ពី​មាន​ករណី​កើត លើ​ពលរដ្ឋ​ខ្មែរ​ជា​បន្ត​បន្ទាប់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ជំងឺ​នេះ ឆ្លង​រីក​រាល​ក្នុង​សហគមន៍ គឺ​ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា ពិបាក​គ្រប់គ្រង​ស្ថានការណ៍។ លោក ស្នើសុំ​ឲ្យ​ក្រសួង​សុខាភិបាល បណ្ដុះបណ្ដាល​បុគ្គលិក​ពេទ្យ​ជំនាញ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ត្រៀម សម្ភារៈ​បរិក្ខារ​ពេទ្យ​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ត្រូវ​ធ្វើ​សកម្ម​ស្វែងរក​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ឲ្យ​បាន លឿន ដើម្បី​កុំ​ឲ្យ​មាន​ការ​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់។ ម្យ៉ាង​វិញ លោក​ក៏​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល កាត់​បន្ថយ ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ហើយ​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​កែប្រែ​ទម្លាប់ មួយ​ចំនួន ដែល​មាន​ហានិភ័យ​ដល់​ការ​ឆ្លង​ជំងឺ៖ « តាំងពីដើមមក យើង​ចង់​ឃើញ​វិធានការ​បង្ការ គឺ​នៅ​ក្នុង​ចំណុច​ខ្ពស់ ដែល​អាច​បង្ការ​ហានិភ័យ​កុំ​ឲ្យ​កើត​មាន​នៅ​កម្ពុជា។ ទោះ​បី​ជា​កម្ពុជា មាន​អាកាសធាតុ​ក្ដៅ តែ​យើង​ឃើញ​ថា ចំនួន​អ្នក​ដែល​ឆ្លង​បាន​ឃើញ​ជា​ហួរ​ហែ​មក​ហើយ។ ជា​មួយ​គ្នា​នេះ ត្រូវ​មាន​វិធានការ​តឹងតែង​ចំពោះ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស មិន​មែន​តែ​អឺរ៉ុប និង​អាមេរិក​ទេ គឺ​បូក​ទាំង​ចិន និង​បណ្ដា​ប្រទេស​ផ្សេង ដែល​គ្រោះថ្នាក់​ខ្លាំង។ ចំពោះ​ព័ត៌មាន​ត្រូវ​ផ្ដល់​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​ទៀងទាត់ និង​មាន​តម្លាភាព កុំ​ឲ្យ​ព័ត៌មាន​ខ្លះ​ដាច់​មួយ​កំណាត់​ដោយ​យើង​មិន​ដឹង​ថា អ្នក​ជំងឺ ប៉ះពាល់​ជាមួយ​អ្នក​ណា​ខ្លះ ហើយ​ការ​ដែល​មិន​ដឹង​នេះ​ហើយ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ព្រួយ​បារម្ភ »

កាលពី​ថ្ងៃ​ទី៤ ខែ​មីនា រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ត្រៀម​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ការពារ​វីរុស​កូវីដ-១៩។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណាឌីន បញ្ជាក់​ក្នុង​ពេល នោះ​ថា កញ្ចប់​ថវិកា​ទាំង​នេះ នឹង​ប្រើប្រាស់​ក្នុង​ការ​ត្រៀម​គ្រូពេទ្យ​ប្រចាំ​ការ​តាម​បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន​ ការ​ត្រៀម​ឱសថ​ចាំបាច់ និង​ការ​ព្យាបាល និង​សម្ភារៈ​អប់រំ​ផ្សេងៗ ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង អំពី​ផែនការ និងខ្ទង់ចំណាយលំអិតនៃការប្រើប្រាក់៣០​លាន​ដុល្លារ​នោះ​នៅ​ឡើយ​ទេ។

រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​ទើប​មាន​ជំហរ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ថ្មីៗ នេះ ខណៈ​កន្លង​មក លោក ហ៊ុន សែន ប្រកាស​ថា ជំងឺ​កូវីដ-១៩គ្មានអ្វីគួរឲ្យខ្លាចនោះទេ និង​ថា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នោះ គឺ​ជំងឺ​ភ័យ​ខ្លាច​ជ្រុល​ហួស​ហេតុ​ទៅ​វិញ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែ​មីនា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ១៣ករណី​ហើយ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ៥នាក់ ក្រៅ​ពី​នោះ​ជា​ជន​ជាតិ​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។