ជំងឺ​កូវីដ-១៩ កំពុង​​ឆ្លងខ្លាំង​លើ​ក្រុម​យុវវ័យ និង​ចម្លង​បន្តទៅ​មនុស្ស​ចាស់ ដែលនៅ​ក្នុង​ផ្ទះ

រដ្ឋបាល​ខេត្តកោះកុងប្រកាស​ឲ្យផ្អាក​ដំណើរ​ការ​ផ្សារដងទង់​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​អាទិត្យ ទី៤ ខែកក្កដា​ នេះ។ ផ្សារ​នេះមានទីតាំង​ស្ថិត​ក្នុង​សង្កាត់​ដងទង់ក្រុង​​ខេមរភូមិន្ទ ខេត្តកោះកុង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ-១៩ ក្រោយរក​ឃើញ​អ្នក​ជំងឺកូវីដ​ជាបន្ត​បន្ទាប់។

សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្តនេះដែលចេញ​ផ្សាយ​កាលពីថ្ងៃសៅរ៍ ទី៣ ខែកក្កដា ម្សិលមិញ បាន​បញ្ជាក់​ថាការ​បិទផ្សារ​នេះ គឺ​ចាប់ពីថ្ងៃទី៤ ខែកក្កដានេះ​ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។

ការបិទ​ផ្សារ​នៅខេត្តកោះកុង​នេះ បន្ទាប់ពីរដ្ឋបាល​ខេត្តសៀមរាបក៏ប្រកាស​បិទ​ផ្សារ​​ភ្លាមៗ​ដែរនៅ​ថ្ងៃទី២ ខែកក្កដា។ ចំណែក​នៅ​ឯខេត្តកំពង់ឆ្នាំងវិញ អាជ្ញាធរ​ខេត្ត​នេះ ក៏បាន​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​ផ្សារ​សាលា​លេខ​៥​ម្តង​ទៀតដែរ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ទប់ស្កាត់​ជំងឺ​មិន​ឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេង​ទៀត។

ក្រសួង​សុខាភិបាល​ឲ្យដឹង​ថាបច្ចុប្បន្ន​ជំងឺកូវីដ-១៩កំពុង​ឆ្លង​ខ្លាំង​លើ​ក្រុម​យុវវ័យ​ដែល​និយម​ដើរ​ចេញ​ក្រៅ​ផ្ទះជួបជុំ​មិត្តភ័ក្ត្រពិសា​អាហារឬ​គ្រឿង​ស្រវឹងនិង​បន្ដចម្លង​ជំងឺ​ទៅ​ក្រុម​គ្រួសារ​នៅ​ផ្ទះជា​ពិសេស​គឺ​មនុស្ស​ចាស់បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងររហូត​ដល់​ខ្លះ​បាត់​បង់​ជីវិត។

រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាលលោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍ កាលពីថ្ងៃទី៣ ខែកក្កដា ថា ករណី​ស្លាប់​នៃ​ជំងឺ​កូវីដ-១៩ ភាគច្រើន​ជា​មនុស្ស​ចាស់ ដែលមាន​សុខភាព​ទន់ខ្សោយ​ និង​មាន​ជំងឺ​រុំារ៉ៃ​ប្រចាំ​កាយ។ លោកក៏បានអំពាវនាវ​ឲ្យ​យុវជន​កុំចេញ​ក្រៅ​ជួបជុំ​គ្នា ផឹកស៊ី និង​ពិសារ​អាហារ​រួមគ្នា​ ដើម្បី​ចៀស​វាង​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ទៅ​ឪពុកម្ដាយ ជីដូនជីតា ចាស់ជរា​នៅ​ផ្ទះ។ បន្ថែមពី​នេះ លោកថា​ ក្រសួង​រកឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ជាច្រើន​ករណី​ ទៅលើ​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ក្រសួង​សុខាភិបាល​ប្រកាស​កាលពីថ្ងៃទី៣ ខែកក្កដា​ថា អ្នក​ជំងឺចំនួន ៣៦នាក់ ទៀតបាន​ស្លាប់ ដែល​នេះ​ជា​ចំនួនខ្ពស់​បំផុត។ ករណី​ថ្មីចុងក្រោយ​នេះ បាន​ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ កើន​ជិតដល់៧រយនាក់ហើយ (៦៩៦)។ ចំពោះករណីឆ្លង​ថ្មីវិញ តួលេខ​នៅ​តែស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល គឺជិត ១ពាន់នាក់ (៩៤៨)។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី៣ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ជាង ៥ម៉ឺន ៣ពាន់នាក់ (៥៣.២៩៨) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៤ម៉ឺន ៦ពាន់នាក់ (៤៦.១២៣)។

ទាក់ទង​រឿងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញ គិតត្រឹម​ថ្ងៃទី២ ខែកក្កដា រដ្ឋាភិបាល​​ចាក់​វ៉ាក់សាំងជូន​ពលរដ្ឋ​បាន​ជិត ៤លាន ៤សែននាក់ ឬស្មើនឹង​ជិត ៤៤% ក្នុង​ចំណោមអ្នក​​​ដែល​ត្រូវ​ចាក់វ៉ាក់សាំង​សរុប ១០លាននាក់។ ​រយៈពេល៤​ថ្ងៃចុងក្រោយនេះ តួលេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់​ជា​លំដាប់។​ អ្នក​ឆ្លង​ថ្មីមាន​ចន្លោះពីជាង ៩រយនាក់ ដល់ជាង ១ពាន់នាក់ ខណៈអ្នកស្លាប់​វិញ មាន​ចន្លោះពីជាង ២០នាក់ រហូត​ដល់​ជិត ៤០នាក់ក្នុងមួយថ្ងៃ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។