ក្រសួងសុខាភិបាលជូនដំណឹងថា អ្នកដែលទៅធ្វើតេស្តរកជំងឺកូវីដ-១៩ មិនតម្រូវឲ្យបង់លុយឡើយ ហើយក្រសួងកំពុងស្នើសុំអ្នកជំនាញពីប្រទេសចិន ដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះនៅកម្ពុជា។ ការលើកឡើងនេះ ខណៈក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ កើន ដល់ ៣៥ករណី គិតត្រឹមថ្ងៃទី១៨ ខែមីនា។
ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ២ករណីទៀត នៅថ្ងៃទី១៨ ខែមីនា។ អ្នកជំងឺទាំង ពីរនេះ គឺជាជនជាតិម៉ាឡេស៊ី ហើយបច្ចុប្បន្ននេះ កំពុងដាក់ព្យាបាលនៅក្នុងមន្ទីរសុខាភិបាលខេត្តកែប។ តួលេខនេះ បានធ្វើឲ្យអ្នកឆ្លងនៅកម្ពុជា កើនឡើងដល់ ៣៥នាក់ ក្នុងចំណោមនោះ មានជនជាតិខ្មែរ ២២នាក់ ម៉ាឡេស៊ី ៥នាក់ អង់គ្លេស ៣នាក់ បារាំង ២នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ិក ១នាក់ និងជនជាតិចិនដែលបានព្យាបាលជាសះស្បើយហើយ ១នាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៨ ខែមីនា អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ថ្លែងថា ករណីឆ្លងជំងឺកូវីដទាំងនេះ ភាគច្រើនបំផុត គឺជាករណីនាំចូល មិនមែនជាការចម្លងពីគ្នាទៅវិញទៅមកនៅក្នុងសហគមន៍នៅឡើយទេ។ ទោះជាយ៉ាងណា អ្នកស្រី ព្រួយបារម្ភថា ករណីទាំងនេះ នឹងអាចមានការចម្លងទៅសមាជិកក្រុមគ្រួសាររបស់ពួកគេ ជាបឋម ដែលអាចធ្វើឲ្យចំនួនកើនឡើងបន្ថែមទៀត៖ « បើយើងគិតទៅតាមជំរឿន គឺក្នុងមួយគ្រួសារយ៉ាងតិចមានសមាជិក ៣នាក់។ ដូច្នេះយើងគិតទៅ បីនាក់គុណនឹងចំនួនអ្នកជំងឺដែលយើងរកឃើញនេះ គឺយើងគិតថា ប្រសិន បើមានការចម្លងពីបុគ្គលនេះទៅក្នុងក្រុមគ្រួសាររបស់គាត់ អ៊ីចឹងជាបឋមយើងគិតប៉ុណ្ណឹងសិន ព្រោះយើងអត់ទាន់រកឃើញថា មានការចម្លងបន្តទៅទៀតនោះទេ។ ប៉ុន្តែអ្វីដែលយើង ខំប្រឹងធ្វើនេះគឺខិតខំធ្វើម៉េចទប់ស្កាត់ កុំឲ្យមានការចម្លងបន្តទៅទៀត » ។
ជាមួយគ្នានេះ អ្នកស្រី ឱ វណ្ណឌីន ឲ្យដឹងថា រហូតដល់ពេលពេលនេះ ក្រសួង បានធ្វើតេស្តរកជំងឺកូវីដ១៩ លើមនុស្សជាង ១ពាន់នាក់ (១.១១២នាក់) ហើយក្នុងនោះវិជ្ជមាន ៣៥នាក់។ អ្នកស្រី បញ្ជាក់ថា ចំពោះការធ្វើតេស្តសុខភាពរកជំងឺដ៏គ្រោះថ្នាក់នេះ គឺជាបន្ទុកចំណាយរបស់រដ្ឋាភិបាល៖ « សូមប្រកាស និងសូមជម្រាបជូនដល់បងប្អូនសាធារណជនជាថ្មីថា មិនមានការទាមទារយកលុយកាក់ទេ នៅពេលមានការសង្ស័យថា មានជំងឺកូវីដ - ១៩ ហើយ មានការពិនិត្យធ្វើតេស្តដោយក្រុមគ្រូពេទ្យ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលខេត្ត។ ប្រសិនបើបងប្អូនមានការព្រួយបារម្ភ សូមឲ្យទំនាក់ទំនងមកក្រុមគ្រួសារជាមុនសិន » ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ថ្លែងបញ្ជាក់ដែរថា ករណីដែលប្រទេសចិន និងអាមេរិក ប្រកាសថា រកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះ គឺគ្រាន់តែការស្រាវជ្រាវបឋមតែប៉ុណ្ណោះ មិនទាន់មានការប្រកាសទទួលស្គាល់ចុងក្រោយពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនៅឡើយទេ។
ស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដនេះកើតឡើងជាបន្តបន្ទាប់នេះ គឺក្រសួងសុខាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការ ក្នុងនោះដូចជា ប្រកាសផ្អាកការប្រគំតន្ត្រីតាម ទីសាធារណៈ ផ្អាកពិធីជួបជុំបែបសាសនានានា ផ្អាកពិធីមង្គលការ បិទសាលារដ្ឋ និងឯកជនទូទាំងប្រទេស បិទទីតាំងខារ៉ាអូខេ និងរោងភាពយន្ត ព្រមទាំងផ្អាកការផ្ដល់ទិដ្ឋាការដល់អ្នកដំណើរប្រទេសពីប្រទេសចំនួន៦ ក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ជាដើម។ នៅថ្ងៃទី១៨ ខែមីនា ខាងក្រសួងព្រះបរមរាជវាំង ក៏បានប្រកាសផ្អាកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង រហូតដល់មានសេចក្ដីជូនដំណឹងចុងក្រោយ។ ជាមួយគ្នានេះ ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនក៏បានលើកពេលកិច្ចប្រជុំរបស់ខ្លួនដែរ និងណែនាំឲ្យមន្ត្រីរាជការទាំងអស់ អនុវត្តវិធានការបង្ការឲ្យបានខ្ជាប់ខ្ជួន ហើយមានក្រសួងខ្លះបានឱ្យមន្ត្រីរបស់ខ្លួនធ្វើការពីផ្ទះតាមប្រព័ន្ធអ៊ិនធើរណិតថែមទៀត។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការដាក់ចេញវិធានការថ្មីៗ នេះ គឺជាការឆ្លើយតបល្អមួយ ប៉ុន្តែលោកមានការព្រួយបារម្ភខ្លាំងនៅ ពេលអ្នកជំនាញប៉ាន់ប្រមាណថា អាចមានអ្នកជំងឺកើនឡើងបន្តទៀត ដោយសារមានការចម្លងពី អ្នកជំងឺទៅសមាជិកគ្រួសាររបស់ពួកគេ។ លោក កត់សម្គាល់ថា ប្រសិនបើរដ្ឋាភិបាល បានដាក់វិធានការទប់ស្កាត់តឹងតែងតាំងពីដំបូង និងមានវិធានការស្វែងរកអ្នកសង្ស័យឲ្យបានលឿននោះ នឹងមិនមានការកើនឡើងនោះទេ។ ម្យ៉ាងវិញទៀត លោកយល់ថា វិធានការរបស់ក្រសួងដែល តម្រូវឲ្យសមាជិកគ្រួសារអ្នកជំងឺអនុវត្តវិធានការចត្តាឡីស័ក ឬរស់នៅដាច់ដោយឡែកតាមផ្ទះរៀងៗ ខ្លួន គឺមិនសូវមានប្រសិទ្ធភាពឡើយ៖ « គាត់ត្រូវមានទំនាក់ទំនងជាមួយសមាជិកគ្រួសារ ជាមួយសាច់ញាតិរបស់គាត់ផ្សេងៗ ដែរ ព្រោះនៅក្នុងផ្ទះហាមឃាត់យ៉ាងម៉េច ទាល់តែនៅពេទ្យទើបដឹង។ ម្យ៉ាងវិញទៀត វាហានិភ័យសម្រាប់អ្នកនៅផ្ទះនេះដែរ ថាតើអ្នកនៅផ្ទះនោះគ្នាមានអនាម័យបែបម៉េច មានឧបករណ៍សម្រាប់ការពារទេ ដើម្បីបង្ការពេលជួបម្ដងម្កាល និងហូបបាយទឹកអី។ បើថា មានពេទ្យប្រចាំការនៅផ្ទះនោះមិនអីទេ តែបើអត់មានទេ តើគ្នាធ្វើម៉េច ដូច្នេះករណីនេះបើគាត់គោរពអត់បានទេ គឺនឹងបង្កការឆ្លងទៅទៀត តែបើគាត់គោរពបាន គឺមិនអីទេ » ។
ទន្ទឹមគ្នានេះ លោក យង់ គិមអេង ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គួរតែមានកិច្ចសហការជាមួយបណ្ដា ប្រទេសនានា ដើម្បីឲ្យជួយទប់ស្កាត់ការរីករាលដាលនៅកម្ពុជា។ លើសពីនេះ លោក នៅតែចង់ ឃើញ រដ្ឋាភិបាល បង្កើនការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយបំផុតទាំងតាមកញ្ចប់ទូរទស្សន៍ និង នៅតាមសាលាឃុំ-សង្កាត់ ព្រោះលោកពិនិត្យឃើញថា ពលរដ្ឋនៅតែមិនទាន់ទទួលបានព័ត៌មាន គ្រប់គ្រាន់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។