ក្រសួង​សុខាភិបាល​ស្នើសុំ​ពលរដ្ឋ​កុំ​បារម្ភ​ខ្លាំង​រឿង​ជំងឺ​ឆ្កែ​ឆ្កួត ព្រោះ​មាន​​​ថ្នាំ​វ៉ាក់សាំង​បង្ការ​គ្រប់គ្រាន់​

0:00 / 0:00

ក្រសួង​សុខាភិបាល​ស្នើសុំ​ពលរដ្ឋ​ឱ្យ​មាន​ការ​យោគ​យល់​ចំពោះ​ការ​រង់​ចាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត និង​ផ្ដល់​អាទិភាព​ចំពោះ​អ្នក​ដែល​កំពុង​មាន​បញ្ហា​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​​បាន​​​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​​ ក្រោយ​ពេល​មាន​ករណី​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​​។

ក្រសួង​សុខាភិបាល​ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​មាន​សត្វ​ឆ្កែ ​ឬ​ឆ្មា​ខាំ ឬ​ក៏​មាន​ខាំ​ដែរ​ តែ​យូរ​ថ្ងៃ​មក​ហើយ​មិន​មាន​រោគ​សញ្ញា​ហានិភ័យ​នោះ ឱ្យ​រង់​ចាំ​ការ​ចាក់​វ៉ាក់សាំង (Vaccine) នេះ​បន្តិច​សិន ដោយ​ត្រូវ​ទុក​អាទិភាព​ឱ្យ​អ្នក​មាន​ហានិភ័យ​ខ្ពស់​ ដូច​ជា អ្នក​ត្រូវ​ឆ្កែ​ឬ​ឆ្មា​ខាំ​ហើយ​មាន​រោគ​សញ្ញា ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​​តាម​កាល​វិភាគ​ជា​ដើម។

ការ​អំពាវនាវ​​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ជូនដំណឹង​មួយ​ច្បាប់​ កាល​ពី​ថ្ងៃទី២៣ កន្លង​ទៅ បន្ទាប់​ពី​មាន​​ពលរដ្ឋ​ជា​ច្រើន​បាន​សម្រុក​​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ បង្ក​ឱ្យ​មាន​ស្ថាន​ភាព​កកកុញ​នៅ​ពេញ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ការ​ផ្អើល​ទៅ​ចាក់​វ៉ាក់សាំង​នេះ គឺ​ដោយសារ​​មាន​ក្មេង​ស្រី​ម្នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​ថ្មីៗនេះ ដោយសារ​ត្រូវ​​ឆ្មា​ខ្វាច កាល​​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨ កន្លង​ទៅ​ ហើយ​វីដេអូ​របស់​ក្មេង​ស្រី​រង​គ្រោះ​នេះ ​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ​

ក្រសួង​សុខាភិបាល​បញ្ជាក់​​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ ធ្វើឡើង​ជា​រៀង​រាល់​ថ្ងៃ​ជូន​ដល់​ពលរដ្ឋ​ទូទៅ នៅ​វិទ្យា​ស្ថាន​​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ និង​មណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​បាត់​ដំបង។ ក្រៅ​ពី​នេះ ពលរដ្ឋ​ក៏​មា​ន​ជម្រើស​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​នៅ​តាម​មន្ទីរ​ពេទ្យ​ឯកជន​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ផង​ដែរ។

ចំណែក​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​វិញ បាន​អះអាង​ថា វិទ្យាស្ថាន​មាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ជូន​អតិថិជន ប៉ុន្តែ​ស្នើសុំ​ការ​យោគ​យល់​ចំពោះ​ការ​រង់​ចាំ​យូរ ដោយសារ​អ្នក​ទៅ​ទទួល​យក​សេវា​ព្យាបាល​មាន​ចំនួន​កើន​ឡើង​ខ្លាំង។ វិទ្យាស្ថាន​ប៉ាស្ទ័រ​ផ្ដល់​អាទិភាព​ដល់​អ្នក​ដែល​មាន​កាល​វិភាគ​ត្រូវ​ចាក់​បន្ត អ្នក​ដែល​មាន​មុខ​របួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ​តូចៗ ព្រះសង្ឃ ជន​ពិការ មនុស្ស​ចាស់​ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ។

និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​ លោក ហេង សុធារិទ្ធ កត់​សម្គាល់​​ថា ជំងឺ​ឆ្កែឆ្កួត​​កើត​មាន​ជា​យូរ​មក​ហើយ ក៏​ប៉ុន្តែ​ទើប​តែ​កក្រើក​ឡើង​នៅ​ពេល​មាន​ការ​បង្ហោះ​វីដេអូ​ជន​រងគ្រោះ​ដោយ​សារ​ជំងឺ​នេះ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាលពី​ពេល​ថ្មីៗនេះ។ លោក​​បន្ត​ថា ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​​មាន​ការ​យល់ដឹង​ច្រើន​អំពី​ជំងឺ​នេះ ប៉ុន្តែ​ពលរដ្ឋ​នៅ​តាម​ទី​ជន​បទ​អាច​​នៅ​មាន​ការ​យល់​ដឹង​ទាប​នៅឡើយ។ លោក​ស្នើសុំ​ឱ្យ​​​ស្ថាប័ន​ជំនាញ​​​​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​អំពី​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ដទៃ​ទៀត ដើម្បី​បង្កើន​​ការ​យល់​ដឹង​របស់​ពលរដ្ឋ​អំពី​បញ្ហា​សុខភាព៖ «ឆ្កែ​ខាំ​ វា​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឱ្យ​យើង​ទៅ​ជា​​ឆ្កួត​កើត​ទេ ទាល់​តែ​ឆ្កែ​ហ្នឹង​វា​ផ្ទុក​មេរោគ​។ ជួន​កាល​ស្វា ជួន​កាល​គោ​ខាំ​ ឆ្មា​ខ្វាច​ ទាល់តែ​ករណី​វា​ផ្ទុក​មេរោគ​ រែប៊ី (Rabies) ហ្នឹង បាន​វា​អាច​ឆ្លង​ដល់​យើង​។ មិន​មែន​គ្រប់​ពួក​ហ្នឹង​ខាំ សុទ្ធ​តែ​ធ្វើ​ឱ្យ​យើង​​ឆ្លង​នោះ​ទេ ក៏​ប៉ុន្តែ​ដល់​ពេល​ប្រជាជន​យើង​ឃើញ​ទិដ្ឋភាព​ក្មេង​ស្រី​ហ្នឹង ធ្វើ​ឱ្យ​គាត់​ភ័យ​ខ្លាំង​។ អ៊ីចឹង​ជួន​កាល​គ្រាន់​តែ​ទឹក​មាត់ ឬ​ត្រូវ​សត្វ​លិឍ​អ៊ីចឹង គាត់​ខ្លាច​ ឬក៏​ខាំ​តិច​តួច​ដែល​ឆ្កែ​ហ្នឹង​មិន​មែន​ឆ្កួត ឬក៏​គោ​ហ្នឹង​មិន​មែន​ឆ្កួត គាត់​មក​ចាក់​វ៉ាក់សាំង​​ អ៊ីចឹង​បាន​វា​ផ្អើល​ទឹក​ផ្អើល​ដី​ហ្នឹង​នោះ»

ក្រសួង​សុខាភិបាល​ណែនាំ​ពលរដ្ឋ​ឱ្យ​អនុវត្ត​វិធានការ​មួយ​ចំនួន​ ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ឆ្កែ​ឆ្កួត។ វិធី​ទាំង​នោះ​រួម​មាន​ កុំ​លេង​ជាមួយ​សត្វ​ឆ្កែ ឬ​ឆ្មា និង​ការពារ​កុំ​ឱ្យ​​សត្វ​ឆ្កែ​ ឬ​ឆ្មា​ខាំ។ សម្រាប់​អ្នក​ដែល​ចិញ្ចឹម​សត្វ​ឆ្កែ​ ឬ​ឆ្មា​វិញ ក្រសួង​សុខាភិបាល​ណែនាំ​ឱ្យ​យក​សត្វ​ចិញ្ចឹម​ទាំងនោះ​ទៅ​ចាក់​ថ្នាំ​ការពារ​នៅ​ពេទ្យ​សត្វ​ និង​ត្រូវ​ថែទាំ​សត្វ​ទាំងនោះ​ឱ្យ​ល្អ​ កុំ​ឱ្យ​ដើរ​ពាស​វាល​ពាស​កាល ដែល​អាច​ខាំ​គេ​ឯង​បាន។

ជំងឺ​ឆ្កែឆ្កួត​បាន​ឆក់​យក​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៨០០នាក់​ជា​រៀង​រាល់​ឆ្នាំ ហើយ​ប្រហែល​ ៥០% នៃ​ជន​រងគ្រោះ គឺ​ជា​កុមារ​អាយុ​ក្រោម​ ១៥ឆ្នាំ។ កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ និង​គ្រោង​ឈាន​ដល់​ការ​លុប​បំបាត់​ជំងឺ​នេះ​នៅ​ឆ្នាំ២០៣០ តាម​រយៈ​ការ​ផ្សព្វផ្សាយ​អំពី​គ្រោះ​ថ្នាក់ និង​វិធី​បង្ការ​​​ជំងឺ​ឆ្កែ​ឆ្កួត ព្រម​ទាំង​ការ​បង្កើត​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​នេះ​​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។