អាជ្ញាធរ និងអ្នកជំនាញក្នុងវិស័យសុខាភិបាល សម្ដែងក្តីបារម្ភយ៉ាងខ្លាំងអំពីចរាចរណ៍ឱសថក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន និងសង្គម។ ក្តីបារម្ភនេះ ធ្វើឡើងក្នុងសិក្ខាសាលាមួយស្ដីពីរបៀបសម្គាល់ឱសថក្លែងក្លាយ ដែលរៀបចំដោយវិទ្យុផ្កាឈូក កាលពីថ្ងៃទី២០ ខែមករា។
អាជ្ញាធរ និងអ្នកជំនាញផ្នែកវិស័យសុខាភិបាល លើកឡើងថា សព្វថ្ងៃនេះ ឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រជាពលរដ្ឋ និងគ្រូពេទ្យមួយចំនួន មិនបានដឹងថា ឱសថដែលខ្លួនបានទិញយកទៅប្រើ និងដាក់លក់នោះ ជាឱសថពិត ឬក្លែងក្លាយនោះទេ។ ពួកគេ ព្រមានថា ឱសថក្លែងក្លាយ និងអន់គុណភាពនេះ ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខុមាលភាព អាយុជីវិតរបស់មនុស្សជាតិ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក លាវ សុផាន់ណារិទ្ធិ មានប្រសាសន៍ថា មូលហេតុនៃការកើនឡើងឱសថក្លែងក្លាយនេះ ព្រោះមានតម្រូវ ការច្រើន ហើយឈ្មួញ និងជនទុច្ចរិត បានឆ្លៀតឱកាសលួចផលិត និងចរាចរចែកចាយឱសថក្លែងក្លាយ ដើម្បីចង់ប្រាក់ចំណេញច្រើន។ លោកបញ្ជាក់ថា ការប្រើប្រាស់ឱសថក្លែងក្លាយនេះ មិនត្រឹមតែមិនព្យាបាលជំងឺនោះទេ តែថែមទាំងខាតបង់ប្រាក់កាស និងអាចសម្លាប់អ្នកប្រើប្រាស់ថែមទៀត។
លោកណែនាំទៅប្រជាពលរដ្ឋឲ្យពិគ្រោះយោបល់ ពិនិត្យជំងឺ និងពិនិត្យឈាមជាមួយវេជ្ជបណ្ឌិត ជាមុនសិន មុននឹងទៅទិញថ្នាំនៅតាមឱសថស្ថាន និងគ្លីនិកមួយចំនួន៖ « ឱសថក្លែងក្លាយពេលខ្លះរូបភាពខាងក្រៅ ពេលខ្លះការវេចខ្ចប់វាអាចដូចគ្នា វាអាចខុសគ្នា ហើយបើនិយាយពីសារធាតុផ្សំវិញ អាចខុសគ្នា វាអាចខ្វះវាអាចលើសទៀត លើសថ្នាំគេពិតប្រាកដទៀត។ អ៊ីចឹងនេះហើយគឺជានិយមន័យឱសថក្លែងក្លាយ។ ដកចេញ ឬក៏ដាក់ថែមបញ្ចូលខុសពីទ្រង់ទ្រាយដើម គឺនោះហើយជាការក្លែងក្លាយ។ អ៊ីចឹង មិនមែន » ។
លោកបន្តថា ទោះបីជាថ្នាំពេទ្យខ្លះពិត ឬមិនក្លែងក្លាយក្តី ប៉ុន្តែប្រសិនបើថ្នាំពេទ្យនោះ ដឹកជញ្ជូន និងទុកដាក់មិនបានត្រឹមត្រូវ ក៏បណ្ដាលឲ្យថ្នាំពេទ្យនោះ អន់គុណភាព គ្មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ដែរ៖ « បើសិនគាត់ទុកក្រោមកម្ដៅថ្ងៃ ឬខាងក្រោយផ្ទះគាត់គឺធម្មតាឱសថស្ថាននៅតាមផ្ទះល្វែងពេលខ្លះគាត់ធ្វើសំយាបនៅខាងក្រោយ ដើម្បីទុកដាក់ឱសថរបស់គាត់ ប៉ុន្តែពេលប៉ះកម្ដៅ គឺទោះបីជាឱសថពិតប្រាកដ ក៏នឹងធ្លាក់គុណភាពដែរ។ឥឡូវក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក គេឯកភាពគ្នាបង្កើតពាក្យមួយ គឺគេហៅថា ឱសថអន់គុណភាព »។
ទន្ទឹមគ្នានេះ លោកក៏ព្រួយបារម្ភអំពីចរាចរណ៍ឱសថ នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនេះដែរ។ លោកថា ឱសថលក់តាមអនឡាញ ឬហ្វេសប៊ុក ប្រមាណ ៥០ភាគរយ គឺជាឱសថក្លែងក្លាយ។
អ្នកជំនាញឱសថនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក ឯម វុទ្ធី ថ្លែងក្នុងសិក្ខាសាលាថា ដើម្បីសម្គាល់ឱសថក្លែងក្លាយនោះ គឺមានការពិបាកសម្រាប់ប្រជាពលរដ្ឋដែល មិនមានចំណេះដឹង និងជំនាញ។ លោក បញ្ជាក់ថា ឱសថក្លែងក្លាយ គឺមានសារធាតុសកម្ម មិន ត្រឹមត្រូវតាមរូបមន្តកំណត់។ ចំណែកការវេចខ្ចប់ និងស្លាកសញ្ញានៃឱសថក្លែងក្លាយភាគច្រើនមានស្លាកសញ្ញាមិនល្អស្អាតដូចផលិតដើម ឬអាចគ្រាន់តែស្រដៀងនឹងផលិតផលពិត។ លក្ខណៈពិសេសមួយទៀត គឺគ្មានអាជ្ញាប័ណ្ណដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនោះទេ ហើយអាច ដាក់លក់ក្នុងតម្លៃទាបផងដែរ៖ « ដើម្បីទិញឱសថឲ្យបានពិតប្រាកដនោះ គឺទី១ ត្រូវដឹងថា តើឱសថនោះលក់នៅកន្លែងណា ? តើកន្លែងនោះមានឱសថការីច្បាស់លាស់អត់ ? តើហាងលក់ថ្នាំនោះមានផ្លាកគ្រប់គ្រាន់អត់ និងមានការអនុញ្ញាតពីក្រសួងសុខាភិបាលហើយនៅ ? បន្ទាប់មកទៀត ត្រូវដឹងថា តើទិញឱសថនោះ មានបិទវីញ៉ែតនៅលើប្រអប់ថ្នាំ លើកំប៉ុងជាដើម។ បន្ទាប់មកទៀត ត្រូវពិនិត្យមើលទៀត កុំទុកចិត្តគាត់ ( អ្នកផ្ដល់ថ្នាំ ) មានកាលបរិច្ឆេទច្បាស់លាស់អត់ ហើយបើកៀកថ្ងៃកំណត់ពេក ត្រូវសុំដូរគាត់វិញ។ ទាំងនេះ អាចកាត់បន្ថយឱសថក្លែងក្លាយបានមួយកម្រិតធំ »។
ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជាជប៉ុន (CJBI) លោក អៀង សុធារ៉ា ដែលចូលរួមជា វាគ្មិនក្នុងសិក្ខាសាលាស្តីពីរបៀបសម្គាល់ឱសថក្លែងក្លាយ រំពឹងថា សិក្ខាសាលានេះ នឹងផ្តល់ចំណេះ ដឹងខ្លះដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីជៀសវាងការទិញ និងប្រើប្រាស់ឱសថក្លែងក្លាយ។
លោកយល់ថា ប្រសិនបើអ្នកជំងឺ ទៅរកទិញថ្នាំប៉ះចំគ្រូពេទ្យគ្មានសមត្ថភាព និងគុណធម៌ ហើយទទួលបានថ្នាំក្លែងក្លាយ និងប្រើប្រាស់មិនត្រឹមត្រូវថែមទៀត គឺពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់សុខភាពអ្នកជំងឺ គ្រួសារអ្នកជំងឺ និងសង្គមជាតិ៖ « ខ្ញុំធ្លាប់ទៅបរទេស ហើយមានមន្ទីរពេទ្យនៅស្រុកយើងមួយចំនួនដែរ គឺថ្នាំដែលគេឲ្យ គេមិនដែលបកស្រោមចេញទេ។ គេមិនដែលឲ្យថ្នាំលាតទេ ហើយយើងដែលមិនសូវយល់ដឹង គឺថា ថ្នាំលាតនោះ ក៏យកមកប្រើដែរ។ នៅស្រុកក្រៅ គ្រូពេទ្យមានសិទ្ធិតែត្រឹមសរសេរថា ឲ្យទៅបើកថ្នាំពីឱសថស្ថានតែប៉ុណ្ណឹង នៅពេលទៅដល់ឱសថស្ថាននោះ មានប្រាប់យើងច្បាស់ទៀតថា ប្រើយ៉ាងម៉េចអីយ៉ាងម៉េច ហើយអត់ដែលមានថ្នាំណាមួយដែលអត់មានឈ្មោះទេ គឺសុទ្ធតែមានឈ្មោះ។ ដោយឡែកនៅស្រុកយើងវិញ ប្រើថ្នាំដាក់កញ្ចប់ ហើយមួយថ្ងៃ ៣លេប ហើយលេប ៣ថ្ងៃ ៩ដងទៅ ដឹងថាជាហើយ ប៉ុន្តែថ្នាំនោះអត់ស្គាល់ឈ្មោះទាំងអស់ ហើយដាក់ថង់ប្លាស្ទិកហើយស្រេច។ ខ្ញុំថា គួរតែចៀសវាង » ។
ជាញឹកញាប់ គេសង្កេតឃើញថា អាជ្ញាធរជំនាញតែងតែរឹបអូសយកផលិតផលខូចគុណភាព និងឱសថក្លែងក្លាយទៅបំផ្លាញចោលចាប់ពីរាប់សិបតោនដល់រាប់រយតោន។ ជាក់ស្ដែង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរជំនាញ បានរឹបអូសឱសថខុសច្បាប់ និងក្រោមគុណភាពប្រមាណ ៤០តោន ។
ស្ថាបនិក និងជាប្រធានមូលនិធិបណ្ណាល័យជីវិត ព្រះតេជព្រះគុណ អឿន សំអាត មានសង្ឃដីកាថា ទោះបីជាមនុស្សខ្លះ មិនជឿលើបុណ្យបាប ហើយប្រកបរបរទុច្ចរិតនោះ គឺពួកគេតែងតែប្រឈមនឹង ផ្លូវច្បាប់របស់ប្រទេស និងទទួលបាបកម្មចំពោះទង្វើរបស់ពួកគេ។ ព្រះតេជព្រះគុណបន្តថា គ្រូពេទ្យ ឬឱសថស្ថាន គួរតែគោរពវិជ្ជាជីវៈ ក្រមសីលធម៌ និងមានអំពើមនុស្សធម៌ក្នុងខ្លួន ដោយមិនត្រូវគិត តែពីរឿងផលចំណេញផ្ទាល់ខ្លួន ហើយជួញដូរថ្នាំពេទ្យក្លែងក្លាយ និងអន់គុណភាព បង្កក្ដីអន្តរាយ ដល់ពលរដ្ឋផ្សេងទៀត និងសង្គមជាតិនោះទេ។ ការជួញដូរថ្នាំពេទ្យក្លែងក្លាយនេះ គឺប្រៀបដូចជា ជំនួញថ្នាំពុលដែលព្រះពុទ្ធសាសនាហាមដាច់ខាត៖ « បើសិនជាឱពុក ឬក៏ម្តាយ ដែលជាអ្នករកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្រាប់តែមានសុខភាពមិនល្អ ទៅរកថ្នាំ តែប៉ះចំថ្នាំក្លែង ក្លាយហើយស្លាប់ ដូច្នេះកូនរបស់គាត់ដែលកំពុងតែរៀន នឹងត្រូវបោះបង់ការរៀនសូត្រ ហើយមិនដឹងថា រកមុខរបរអីបានចិញ្ចឹមជីវិតត្រឹមត្រូវល្អ។ ស្រួលមិនស្រួលក្លាយជាជនឧក្រិដ្ឋ ទៅលួច ទៅឆក់ប្លន់ សម្លាប់អ្នកដទៃ។ ដូច្នេះបើករណីនេះ មានច្រើនអាចក្លាយជាវិបត្តិសង្គម » ។
របាយការណ៍របស់គណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុប បង្ហាញថា ក្នុង ១ឆ្នាំ ពលរដ្ឋជាង ១លាននាក់នៅទូទាំងពិភពលោក បានបាត់បង់ជីវិតដោយសារការប្រើប្រាស់ថ្នាំក្លែងក្លាយនេះ ក្នុងនោះមានប្រជាជនកម្ពុជាជាង ២ពាន់នាក់ ឬស្មើនឹង ៦នាក់ក្នុងមួយថ្ងៃបានស្លាប់។
លោក លាវ សុផាន់ណារិទ្ធិ មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរកំពុងចុះត្រួតពិនិត្យ នៅតាមក្រុម ហ៊ុន និងឱសថស្ថាននានា ដើម្បីធានាគុណភាពឱសថវេជ្ជសាស្ត្រទាំងអស់នោះ។ ទោះយ៉ាងណាក្តី លោក អំពាវនាវឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត ចូលរួមសហការគ្នា ដើម្បីលុបបំបាត់ ឱសថក្លែងក្លាយ៖ « រដ្ឋាភិបាលយើងកំពុងតាក់តែងច្បាប់ ពង្រឹងច្បាប់ ធ្វើវិសោធនកម្មច្បាប់ធ្វើយ៉ាងម៉េចឲ្យច្បាប់យើងមានការរឹតបណ្ដឹង ហើយធ្វើឲ្យជនល្មើស ខ្លាចរអាមិនបង្កបទល្មើសផ្សេងៗ នៅក្នុងប្រទេស »។
ភាពអនាធិបតេយ្យនៃការលក់ថ្នាំពេទ្យក្លែងក្លាយនេះ ត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ថា គឺជាភាពបរាជ័យធំមួយទៀត នៃការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។
កន្លងមក ក្រសួងសុខាភិបាលបានត្រឹមតែចេញសេចក្ដីជូនដំណឹងហាមឃាត់ការលក់ដូរ និងចរាចរណ៍ផលិតផលឱសថក្លែងក្លាយ ប៉ុន្តែមិនបានចាត់វិធានការតាមច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះក្រុមហ៊ុន ឬអ្នកនាំចូលផលិតផលឱសថក្លែងក្លាយនេះ។
យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបរបរវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបរបរ វិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ចែងថា អ្នកលក់ឱសថក្លែងក្លាយ ត្រូវទទួលទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ហើយក្នុងករណីឱសថក្លែងក្លាយនេះបណ្ដាលឲ្យមានមនុស្សស្លាប់ដោយអចេតនា អ្នកលក់ត្រូវមានទោស ជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
