លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ដើម្បីពិគ្រោះយោបល់ និងពិនិត្យមើលស្ថានភាពព្រះរាជសុខភាព។
លោក ហ៊ុន ម៉ាណែត បានបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពីថ្ងៃទី៨ ខែវិច្ឆិកា។
ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ មាន៨នាក់ រួមមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា ជាប្រធាន អនុប្រធានពីរនាក់ និងសមាជិកវេជ្ជបណ្ឌិតប្រចាំការចំនួន៥នាក់ទៀត។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបង្កើតក្រុមគ្រូពេទ្យនេះគឺមានតួនាទីថែទាំព្រះរាជសុខភាពព្រះមហាក្សត្រ និងអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រករណីចាំបាច់។
អតីតមន្ត្រីជាន់ខ្ពស់ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងជាមន្ត្រីគណបក្សភ្លើងទៀន លោក ខឹម មុន្នីកុសល យល់ឃើញថា គឺជារឿងល្អដែល លោក ហ៊ុន ម៉ាណែត បង្កើតក្រុមគ្រូពេទ្យដើម្បីរង់ចាំមើលថែព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ។ ប៉ុន្តែលោកថា គ្រូពេទ្យ និងគ្រឿងបរិក្ខារពេទ្យភាគច្រើនមិនទាន់ឆ្លើយតបទៅតាមតម្រូវការ និងគ្មានស្តង់ដារឡើយ ដែលបញ្ហានេះធ្វើឱ្យ ព្រះមហាក្សត្រ និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាដើមតែងចេញទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ។
លោក ខឹម មុន្នីកុសល៖ «វាត្រូវតែមានកំណែទម្រង់វិស័យសុខាភិបាលមួយមានលក្ខណៈស៊ីជម្រៅហើយការកំណែទម្រង់ហ្នឹងគឺយើងត្រូវការការជួយអំពីអន្តរជាតិពីព្រោះពួកគេមានជំនាញក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលជាពិសេសគឺនៅលើប្រទេសដែលកំពុងអភិវឌ្ឍន៍»។
ព្រះបាទ សម្ដេច នរោត្តម សីហមុនី និងសម្ដេចម៉ែ ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់ ក្នុង១ឆ្នាំ ២ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។