លោក ហ៊ុន សែន ប្រកាស​យក​ចិន​ជា​បង្អែក​យុទ្ធសាស្ត្រ​ផ្គត់ផ្គង់​វ៉ាក់សាំង

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​យក​ចិន​ជា​បង្អែក​យុទ្ធសាស្ត្រ ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង ហើយ​លោក​ចាត់​ទុក​ការ​ផ្តល់​វ៉ាក់សាំង​ពី​ប្រភព​ផ្សេងទៀត​គឺ​ជា​ប្រភព​គាំទ្រ​ប៉ុណ្ណោះ។ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម គាំទ្រ​ផែន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពល​រដ្ឋ ប៉ុន្តែ​ជំហរ​នយោបាយ​របស់​រដ្ឋាភិបាល​ពឹង​ផ្អែក​លើ​ចិន​តែ​មួយ​មិន​ផ្តល់​ផល​ចំណេញ​ទេ ព្រោះ​ករណី​នេះ​អាច​រុញ​កម្ពុជា​ធ្លាក់​ចូល​ជម្លោះ​ប្រទេស​មហា​អំណាច។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាន់​តែ​បង្ហាញ​ពី​ភាព​លម្អៀង និង​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​រក​ប្រទេស​​ចិន​ស្ទើរ​គ្រប់​វិស័យ ក្នុង​នោះ ក៏​មាន​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ ផង​ដែរ។

លោក ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ទី១ កក្កដា​ថា រដ្ឋាភិបាល​របស់​លោក​ជ្រើសរើស​យក​ចិន​ជា​បង្អែក​យុទ្ធសាស្រ្ត​សម្រាប់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ហើយ​លោក​ចាត់​ទុក​ការ​ផ្តល់​វ៉ាក់សាំង​ពី​ប្រភព​ផ្សេង​ទៀត ត្រឹម​ជា​ប្រភព​គាំទ្រ។ លោក​អះអាង​ថា វ៉ាក់សាំង​របស់​ចិន​ចំនួន ៩លាន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​នៅ​ខែ​កក្កដា និង​ខែ​សីហា ហើយ​រដ្ឋាភិបាល​លោក​គ្រោង​បិទ​បញ្ចប់​យុទ្ធនា​ការ​ចាក់​​វ៉ាក់សាំង​ជូន​ពលរដ្ឋ​​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ ទន្ទឹម​នឹង​នេះ លោក​ក៏​ណែ​នាំ​ឱ្យ​មន្ត្រី​សុខាភិបាល​បញ្ជា​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ ពី​ប្រទេស​ចិន​ផង​ដែរ៖ « ត្រូវ​តែ​បន្ត​យក​ចិន​ធ្វើ​ជា​បង្អែក​យុទ្ធសាស្ត្រ​សម្រាប់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ឯ​ប្រភព​ផ្សេងៗ គឺ​ជា​ប្រភព​គាំទ្រ​មិត្ត​ភក្តិ​បរ​ទេស​អាច​យល់​អំពី​ចិត្ត​របស់​កម្ពុជា​ហើយ​តិច​ថា ផ្អែក​លើ​អ៊ីចឹង​ស្អី​ក៏​ចិន អី​ក៏​ចិន បើ​អស់​លោក​មិន​ផ្តល់​ឱ្យ​ខ្ញុំ​តើ​ឱ្យ​ខ្ញុំ​ពឹង​អ្នក​ណា​បើ​មិន​ពឹង​ចិន »

ក្រៅ​ពី​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ដល់​មន្ត្រី​សុខាភិបាល​មួយ​ចំនួន មិន​ឱ្យ​ផ្អឹប​ទុក​សម្ភារៈ​វេជ្ជសាស្រ្ត ដែល​រាំង​ស្ទះ​ដល់​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ នោះ​ឡើយ។ លោក​ក៏​បាន​ណែ​នាំ​មន្រ្តី​របស់​លោក​ឱ្យ​​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​ឃ្យូ​អ័រ​កូដ (QR-Code) ដើម្បី​តាម​ដាន​និង​ស្វែង​រក​អ្នក​ជំងឺ​កូវីដ១៩ ដោយ​កុំ​​ខ្វល់​នឹង​មតិ​រិះ​គន់។ លោក ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ៤០លាន​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៧០ម៉ឺន​គ្រួសារ​រួម​ទាំង​កម្មករ​រោង​ចក្រ និង​សេវា​កម្ម​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ទន្ទឹម​នឹង​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន​ចំពោះ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ លោក ហ៊ុន សែន មិន​បាន​បង្ហាញ របាយ​ការណ៍​ជាក់​​លាក់​អំពី​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​របស់​ចិន ដែល​ចាក់​ជូន​​ពលរដ្ឋ​នោះ​ទេ។ ផ្ទុយ​​ទៅ​វិញ លោក ហ៊ុន សែន បែរ​ជា​ណែ​នាំ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ត្រៀម​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ ពង្រីក​កន្លែង​ព្យាបាល និង​រៀបចំ​ឡ​បូជា​សព​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩ ទៅ​វិញ។

ទាក់​ទិន​នឹង​បញ្ហា​នេះ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ផែន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជូន​ប្រជា​ពល​រដ្ឋ ប៉ុន្តែ លោក​មើល​ឃើញ​ថា ការ​ពឹង​ផ្អែក​លើ​ចិន​តែ​មួយ​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ៖ « អត់​អាច​ទៅ​ពឹង​អឺរ៉ុប​បាន​ទេ​ដោយ​សារ​តែ​ខ្លួន​មិន​អាច​ធានា​លើ​លំហ​នយោបាយ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ការ​ធានា​ការ​ការពារ​បរិស្ថាន​ជា​ដើម ហើយ​មាន​តែ​ចិន​ទេ​មិន​ដែល​រិះ​គន់​ពី​កម្ពុជា​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស កម្ពុជា​កាន់​តែ​ងាក​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង អា​ហ្នឹង​ផល​ប្រយោជន៍ ដែល​ទទួល​បាន​ពី​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​អឺរ៉ុប​នឹង​កាន់​តែ​ខ្សោះ​ទៅៗ អ្វី​ដែល​សំខាន់​គឺ​អ្នក​ដែល​ប៉ះ​ពាល់​មុន​គេ​គឺ​ពលរដ្ឋ​មិន​មែន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទេ »

វិធានការ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​សាធារណ​ជន និង​អ្នក​តាម​ដាន​ស្ថានការណ៍​មួយ​ចំនួន​រិះគន់​ថា ជា​វិធាន​ការ​ដែល​មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង​លក្ខណៈ​បច្ចេកទេស ព្រោះ​សេចក្ដី​សម្រេច​ចិត្ត​ភាគ​ច្រើន ចេញ​មក​ពី​លោក ហ៊ុន សែន ខណៈ​ក្រសួង​សុខាភិបាល​ហាក់​ព្យាយាម​​លាក់​បាំង​ព័ត៌មាន​ចំពោះ​ពលរដ្ឋ និង​មិន​ឆ្លើយ​តប​បាន​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា​ជា​មួយ​អ្នក​សារ​ព័ត៌មាន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ទោះ​ជា​កម្ពុជា​មាន​វ៉ាក់សាំង​កាន់​តែ​ច្រើន​ក៏​ដោយ ក៏​តួ​លេខ​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ មិន​បាន​ថមថយ​ឡើយ។ ​ចាប់​ពី​ដើម​សប្ដាហ៍​នេះ​មក តួ​លេខ​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​បាន​ហក់​ឡើង​ខ្ពស់។​ អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជាង ៧រយនាក់ រហូត​ដល់​ជាង ១ពាន់នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី​ជិត ២០នាក់ រហូត​ដល់​​ជិត ៣០នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។