ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាអាជ្ញាធរតាមបណ្ដាខេត្ត ឱ្យត្រៀមទីតាំងមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ ខណៈគិតត្រឹមថ្ងៃទី២៣ ខែមីនា ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺនេះជាបន្តបន្ទាប់ដែលកើនឡើងជិតដល់ ១០០នាក់ហើយ។ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ក្រៅពីវិធានការត្រៀមលក្ខណៈព្យាបាលអ្នកជំងឺនោះ រដ្ឋាភិបាល ត្រូវតែពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលឲ្យមានប្រសិទ្ធភាពបំផុត ដូចជា ហាមកុំឲ្យមានការជួបជុំ កុំឲ្យមានការបំផ្លាស់ទី និងយកសំណាកទៅពិនិត្យរកមេរោគឆ្លងនេះឲ្យបានច្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សហការជាមួយអភិបាលរាជធានី-ខេត្តទាំងអស់ ស្វែងរកទីតាំងនានា ជាបន្ទាន់ ដើម្បីធ្វើជាកន្លែងត្រៀមដាក់អ្នកជំងឺកូវីដ-១៩ ដោយលោក អះអាងថា អ្នកជំងឺអាចនឹងកើនឡើងជាបន្តទៀតនៅតាមខេត្តមួយចំនួន ជាក់ស្តែង ដូចជានៅខេត្តព្រះសីហនុជាដើម។ លោក ហ៊ុន សែន បញ្ជាក់ថា ទីតាំងដែលល្អសម្រាប់ដាក់អ្នកជំងឺនោះ គឺអាជ្ញាធរខេត្ត អាចប្រើប្រាស់ថវិការដ្ឋ ដើម្បីជួលសណ្ឋាគារធំៗ នៅក្នុងខេត្តរបស់ខ្លួន ព្រោះលោកពិនិត្យឃើញថា បច្ចុប្បន្ន មានសណ្ឋាគារជាច្រើនបានបិទទ្វារ ដោយសារគ្មានភ្ញៀវទេសចរស្នាក់នៅ។ លោកបន្តថា ចំពោះខេត្តណាដែលខ្វះសណ្ឋាគារ គឺអាចប្រើប្រាស់អាគារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសាលារៀនជាដើម៖ «អ៊ីចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌលណាដែលវាល្អយើងយកអាហ្នឹង ដោយមិនបាច់យកសាលារៀនទេ។ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្ដង។ អ៊ីចឹងយើងជួលយក ហើយគ្រប់គ្រងមានគ្រែ មានអីហើយស្រេច អ៊ីចឹងវាជាការងាយស្រួល។ចំណុចសូមឲ្យខាងខេត្តធ្វើការងារនេះជាបន្ទាន់។ ឯសាលារៀន គឺយើងយកយើងធ្វើតែពេលណា មិនអាចរកសណ្ឋាគារ មិនអាចរកអគារបាន ចាំយើងទៅយកសាលារៀន » ។
ដំបូងឡើយ លោក ហ៊ុន សែន ដាក់បញ្ជាឲ្យយកសាលារៀន ធ្វើជាកន្លែងដាក់អ្នកជំងឺ ប៉ុន្តែមួយសន្ទុះក្រោយមក លោក ហ៊ុន សែន ផ្លាស់ប្ដូរបទបញ្ជាវិញ ដោយតម្រូវឲ្យពិនិត្យមើលសណ្ឋាគារ និងអគារបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនួសសាលារៀន។
បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ដែលមានក្រុមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានបែកធ្លាយសារ សំឡេងនេះ នៅថ្ងៃទី២៣ ខែមីនា។
ទន្ទឹមនឹងការដាក់ចេញបទបញ្ជានេះ លោក ហ៊ុន សែន ក៏បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកថា ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន ៧នាក់ ត្រូវបានរដ្ឋាភិបាលចិន បញ្ជូនមកដល់កម្ពុជាហើយ នៅថ្ងៃទី២៣ ខែមីនា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ហើយរដ្ឋាភិបាលចិន ក៏បានផ្ដល់នូវបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត-១៩ដែរ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង និងមន្ត្រីនាំពាក្យ ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងអ្នកស្រី ឱ វណ្ណឌីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នក ទទួល។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ វេជ្ជបណ្ឌិត កែវ វណ្ណៈ មានប្រសាសន៍ថា បន្ទាប់ពីមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនោះ លោករួមទាំងអភិបាលខេត្ត បានត្រៀមសណ្ឋាគាររួចហើយ សម្រាប់ដាក់អ្នកជំងឺក្នុងករណីមានការកើនឡើងជាយថាហេតុ។ ក្រៅពីនេះ លោកបញ្ជាក់ថា មន្ទីរសុខាភិបាល បានត្រៀមកម្លាំងឆ្លើយតបបន្ទាន់គ្រប់គ្រាន់ ចាប់តាំងពីថ្នាក់មន្ទីរដល់មណ្ឌលសុខភាពនានា ក្នុងខេត្ត ហើយសម្ភារបរិក្ខារពេទ្យ ក៏ទទួលបានគ្រប់គ្រាន់ពីក្រសួងសុខាភិបាលដែរ។ ទោះយ៉ាងណា លោក បញ្ជាក់ថាអ្វីដែលជាបញ្ហាប្រឈមនោះ គឺមានការពិបាកខ្លះៗ ក្នុងការតាមស្វែងរកករណី សង្ស័យនៅតាមជនបទឬតាមសហគមន៍៖ « ព្រឹកមិញនេះ អភិបាលខេត្តក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដនេះ បានប្រជុំដាក់នូវវិធានការមួយចំនួនធំ ដូចជា ការអប់រំ ដូចជា ការស្រង់តួលេខ ដែលប្រជាពលរដ្ឋចំណាកស្រុកពិតប្រាកដ ដើម្បីឲ្យសុខាភិបាលចុះអប់រំ និងស្វែងរកជំងឺដែលគាត់មានបញ្ហាសុខភាព ហើយយើងបានចាត់ចែងរកអូតែលមួយ ឈ្មោះ China Town នៅក្នុងស្រុកមេមត់ ដែលសរុបបន្ទប់ ៥០បន្ទប់ និងគ្រែមាន ៧០គ្រែ » ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ឲ្យដឹងដែរថា សម្រាប់ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២២ ខែមីនា ក្រុមការងាររបស់លោក បានបញ្ជូនសំណាករបស់អ្នកមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រចំនួន២១០នាក់ ហើយលទ្ធផល បង្ហាញថា វិជ្ជមានចំនួន ៤នាក់ ប៉ុន្តែមកទល់ពេលនេះ ពួកគេនៅមានសុខភាពធម្មតា។
អាស៊ីសេរី បានព្យាយាមទាក់ទងទៅប្រធានមន្ទីរសុខាភិបាលខេត្តមួយចំនួនទៀត ប៉ុន្តែពួកគេមួយ ចំនួនមិនលើកទូរស័ព្ទ ហើយអ្នកខ្លះទៀត បដិសេធដោយសារជាប់រវល់។
នាយកប្រតិបត្តិនៃអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការត្រៀមកន្លែងទុកដាក់ និងសង្គ្រោះអ្នកជំងឺ គឺជារឿងសំខាន់មួយ ប៉ុន្តែលោក នៅតែជំរុញឲ្យរដ្ឋាភិបាល ត្រូវចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាព បំផុត។ លោកបញ្ជាក់ថា វិធានការបង្ការ និងទប់ស្កាត់ទាំងនោះ ដូចជា ទប់ស្កាត់ និងគ្រប់គ្រងតួលេខ ពលករពីក្រៅប្រទេសឲ្យបានច្បាស់លាស់ កាត់បន្ថយការជួបជុំ និងការផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ។ លើសពីនេះ ក្រុមគ្រួពេទ្យកម្ពុជា គួរតែយកសំណាកទៅពិនិត្យមេរោគឆ្លងនេះ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន៖ « វិធានការបង្ការនៅតែមានប្រយោជន៍ច្រើន ហើយវិធានការនៃការអនុវត្តច្បាប់ក៏ត្រូវតែមានដែរ ជាពិសេស រកវិធានការគ្រប់គ្រងទៅលើពលករខ្មែរ ដែលមកពីប្រទេសថៃ។ នេះគឺជាចំណុចបារម្ភខ្លាំង។ ត្រូវប្រុងប្រយ័ត្នពួកគេតាំងពីនៅព្រំដែន ពួកគេជិះតាក់ស៊ី ជិះម៉ូតូឌុប តើគេអាចទៅណា ហើយបើគេទៅផ្ទះនោះ គឺអាចនឹងប្រាស្រ័យទាក់ទងនឹងឪពុក ម្ដាយគេ ដែលខ្វះចំណេះដឹង ខ្វះការបារម្ភស្រាប់ពីរឿងកូវីដ - ១៩នេះ ពេលនោះហើយយើងបារម្ភពីភាពច្របូកច្របល់នៃការទំនាក់ទំនង និងការប៉ះពាល់ ហើយមួយទៀតមិត្តភ័ក្ដិ ដែលនឹករលឹកគ្នា បបួលគ្នាស៊ីផឹក រឹតតែបញ្ហាវែងឆ្ងាយទៀត។ រឿងសំខាន់ត្រូវមានវិធានការឲ្យខ្ពស់ ហើយមកដល់ពេលនេះ សូម្បីតែមេភូមិមេឃុំ នៅខ្វះព័ត៌មានពីរឿងកូវីដ - ១៩ នេះដែរ » ។
លោក សន ជ័យ បន្ថែមថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នេះ ក៏ទាមទារឲ្យមានចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដូចជា ក្រុមគណបក្សនយោបាយជាដើម គួរតែខិតខំអំពាវនាវដល់សមាជិក និងអ្នកគាំទ្ររបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី២៣ ខែមីនា ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ករណី បន្ថែមទៀត កើតលើពលរដ្ឋខ្មែរដោយម្នាក់នៅខេត្តកំពង់ចាម និងម្នាក់ទៀតនៅខេត្តកោះកុង។ ចំនួននេះ បានធ្វើឲ្យតួលេខអ្នកកើតជំងឺកូវីដនៅកម្ពុជាកើនដល់ ៨៦នាក់ ក្នុងនោះមានស្រី ២១នាក់ និងប្រុសចំនួន ៦៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនេះ មានខ្មែរ ៣៣នាក់ ក្រៅពីនេះសុទ្ធតែជាជនបរទេស។ គិតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៤នាក់ហើយ បានជាសះស្បើយពីជំងឺ គឺមានជនជាតិចិន ១នាក់ ជនជាតិអង់គ្លេស ១នាក់ និងពលរដ្ឋខ្មែរ ២នាក់នៅខត្តព្រះវិហារ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចេញសេចក្ដីប្រកាសនៅថ្ងៃទី២៣ មីនាថា ក្រុមគ្រូពេទ្យខេត្ត បានយកសំណាករបស់ពលរដ្ឋខ្មែរទាំង២ ទៅធ្វើតេស្តជាលើកទី៣ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ហើយលទ្ធផលបង្ហាញថា ពួកគេ ពិតជាលែងមានវីរុសកូវីដ-១៩ មែន។
ទោះជាយ៉ាងណាក៏ដោយចុះ កម្ពុជា នៅតែរកឃើញអ្នកជំងឺឆ្លងនេះកើនឡើងជាបន្តបន្ទាប់ ក៏រដ្ឋាភិបាល នៅមិនទាន់ប្រកាសហាមឃាត់ ឬស្នើសុំកុំឲ្យពលរដ្ឋចេញពីផ្ទះ ឬដាក់តំបន់មួយចំនួនក្នុងភាព អាសន្ន ដូចនៅប្រទេសដទៃទៀតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។