​លោក ហ៊ុន សែន ​បញ្ជា​ទៅ​ក្រសួង​ស្ថាប័ន​នានា ឱ្យ​កាត់​បន្ថយ​ការ​ចំណាយ​ ៥០% ដើម្បី​ត្រៀម​ថវិកា​​ទុក​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​វីរុស​កូរ៉ូណា

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៤ មីនា​នេះ បាន​បញ្ជា​ទៅ​ក្រសួង​ស្ថាប័ន​នានា ឱ្យ​កាត់​បន្ថយ​ការ​ចំណាយ​ពី ២៥ ទៅ ៥០ភាគ​រយ ដើម្បី​ត្រៀម​ថវិកា​ជា​អាទិភាព សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​វីរុស​កូរ៉ូណា ក្នុង​ករណី​កើត​មាន។

ក្រសួងសុខាភិបាល​ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​នៅ​ពុំ​ទាន់​រក​ឃើញ​ករណី​ជំងឺ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​បន្ថែម​ទៀត​នៅ​ឡើយ​ទេ ហើយ​ថា ក្រុម​ឆ្លើយ​តប​បន្ទាន់ និង​ក្រុម​គ្រូពេទ្យ ដែល​បាន​បណ្ដុះបណ្ដាល​អំពី​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​ជាង ២.០០០នាក់ កំពុង​បន្ត​តាម​ដាន​រុក​រក​ករណី​សង្ស័យ​នៅ​ទូទាំង​ប្រទេស។

មេរោគ​វីរុស កូរ៉ូណា​ប្រភេទ​ថ្មី ដែល​ចាប់​ផ្ទុះ​នៅ​ទីក្រុង​វូហាន ប្រទេស​ចិន នៅ​តែ​បន្ត​ឆ្លង​រាល​ដល់​ពលរដ្ឋ​ប្រទេស​ផ្សេងៗ ទៀត ជាង ៦០ នៅ​លើ​ពិភពលោក។ ក្នុង​ស្ថានការណ៍​ដែល​ប្រទេស​លើ​លោក​កំពុង​បារម្ភ និង​ប្រយុទ្ធ​ទប់ទល់​ជាមួយ​ការ​រាតត្បាត​របស់​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ធនាគារ​ពិភពលោក​សម្រេច​បញ្ចេញ​កញ្ចប់​ទឹក​ប្រាក់​បន្ទាន់​ចំនួន ១២ពាន់​លាន (១២ប៊ីលាន) ដុល្លារ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស ដែល​កំពុង​អភិវឌ្ឍ សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សុខភាព ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​របស់​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ។ កញ្ចប់​ថវិកា​នេះ មាន​គោលដៅ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព​ឆ្លើយតប​មេរោគ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព និង​បន្ថយ​ផល​ប៉ះពាល់​ឱ្យ​នៅ​តិច។

តួលេខ​នៅ​ថ្ងៃ​ទី៤ មីនា មាន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ជាង ៩ម៉ឺន ៣ពាន់​នាក់ (៩៣.៤៥៥នាក់) នៅ​លើ​ពិភពលោក ហើយ​អ្នក​ស្លាប់​ឡើង​ដល់​ជាង ៣ពាន់ ១រយ​នាក់ (៣.១៩៨នាក់)។ មេរោគ​នេះ កំពុង​មាន​សន្ទុះ​ឆ្លង​រាល​ដាល​ខ្លាំង នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ពេល​នេះ មាន​ពលរដ្ឋ​កូរ៉េ​ជាង ៥ពាន់ ៦រយ​នាក់ (៥.៦២១នាក់) បាន​ឆ្លង​មេរោគ កូរ៉ូណា ប្រភេទ​ថ្មី​នេះ។ បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​ប្រទេស​អ៊ីតាលី មាន​អ្នក​ឆ្លង​ចំនួន​ជាង ២ពាន់ ៥រយ​នាក់ (២.៥០២​នាក់) និង​ប្រទេស​អ៊ីរ៉ង់ មាន​ចំនួន​ជាង ២ពាន់ ៣រយ​នាក់ (២.៣៣៦នាក់)។

ទាក់ទង​នឹង​វិធានការ​សេដ្ឋកិច្ច​របស់​លោក ហ៊ុន សែន ដែល​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​ពាក់​កណ្ដាល ដើម្បី​យក​លុយ​ត្រៀម​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​វីរុស​កូរ៉ូណា​ថ្មី​នោះ ត្រូវ​បាន​អ្នកវិភាគ​យល់​ថា ជា​វិធានការ​គ្មាន​ប្រសិទ្ធភាព។

អ្នក​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ គឺ​លោក គឹម សុខ មើល​ឃើញ​ថា លោក ហ៊ុន សែន យក​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​នេះ​ទៅ​ប្រើ​សម្រាប់​ធ្វើ​ជា​នយោបាយ​មុខ​មាត់ និង​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក គឺ​មិន​មែន​ជា​វិធានការ​ជួយ​ទ្រទ្រង់​ដំណើរ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ឡើយ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​ពី​កិច្ច​ពិភាក្សា​រវាង​លោក មួង ណារ៉េត និង​លោក គឹម សុខ ជុំវិញ​បញ្ហា​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។