ពលរដ្ឋខ្លះនៅស្ទាក់ស្ទើរចិត្តក្នុង ការបញ្ជូនកូនចៅគ្រប់អាយុ១២ឆ្នាំឡើងដល់ ១៧ឆ្នាំឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩(Covid-19) របស់ចិន។ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបង្ហាញគុណភាពវ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារដើម្បីឲ្យអាណាព្យាបាលជឿជាក់។
ពលរដ្ឋខ្លះនៅរង់ចាំមើលគេឯងសិន មុននឹងបញ្ជូនកូនគ្រប់អាយុ១២ឆ្នាំឡើងឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរបស់ចិន ព្រោះបារម្ភខ្លាចមានផលប៉ះពាល់ដល់កូនៗរបស់ពួកគាត់។
ពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យលោកស្រី ម៉ុង ស៊ីម៉ុន និយាយថា ប្រសិនបើមានក្មេងវ័យអាយុចន្លោះពី១២ ដល់១៧ឆ្នាំច្រើនទៅចាក់វ៉ាក់សាំងចិនហើយមិនមានប្រតិកម្មទេ លោកស្រីនឹងបញ្ជូនកូនទាំង២នាក់ឲ្យទៅទទួលវ៉ាក់សាំងកូវីដ១៩ដែរ។ លោកស្រីក៏បារម្ភថាវ៉ាក់សាំងរបស់ចិននឹង ធ្វើទុក្ខឲ្យកុមារមានអាការៈក្ដៅខ្លួន ឈឺសាច់ដុំ អស់កម្លាំងល្ហិតល្ហៃដូចពេលលោកស្រីទៅចាក់កាលពីដំបូងដែរ។ តែយ៉ាងណា លោកស្រីថា អាការៈទាំងនេះនឹងបាត់វិញក្រោយពេលចាក់បានច្រើនថ្ងៃ៖ «ខ្ញុំនៅចាំមើលមួយអាទិត្យអ្វីអ៊ីចឹងណា។ បើសម្រាប់កូនខ្ញុំចង់ឲ្យចាក់របស់អាមេរិកច្រើនជាង។ នៅស្ទាក់ស្ទើរចិត្តនៅឡើយដោយសារចាក់របស់ចិនរាងធ្វើទុក្ខដូចជំនាន់កាលខ្ញុំចាក់អ៊ីចឹង។ អ៊ីចឹងបើសិនជាមានជំនួយពីអាមេរិកមកហើយរាជរដ្ឋាភិបាល គាត់ឲ្យចាក់ ខ្ញុំនឹងបញ្ជូនកូនឲ្យទៅចាក់ដែរ។ បើមិនអ៊ីចឹងសាលានៅបន្តបិទ។ ខ្ញុំបារម្ភរឿងហ្នឹង»។
ទោះយ៉ាងនេះក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១ សីហា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់កុមារអាយុ១២ឆ្នាំឡើងដោយផ្ដើមចេញពីចៅរបស់លោកជាងដប់នាក់មុនគេ។ លោកក៏ដាក់បញ្ជាឲ្យប្រមូលកូនចៅមន្ត្រីជាន់ខ្ពស់ដែលមានអាយុ១២ឆ្នាំឡើងទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពលោក ហ៊ុន សែន អះអាងថា ការចាក់វ៉ាក់សាំងដល់កុមារនឹងជួយឲ្យកុមារមានសុខភាពល្អ មានភាពស៊ាំនឹងជំងឺកូវីដ១៩ មិនងាយឆ្លងជំងឺឬធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ជាដើម។ លោកក៏រំពឹងថា ការចាក់វ៉ាក់សាំងនេះនឹងជួយឲ្យសិស្សចាប់ពីកម្រិតអនុវិទ្យាល័យអាចទៅសាលារៀនវិញបានដែរ៖ «ការចាក់វ៉ាក់សាំងសម្រាប់កុមារថ្ងៃនេះ គឺជាជំហានដ៏សំខាន់ដើម្បីឲ្យមានភាពស៊ាំនៅក្នុងសហគមន៍ហើយយើងក៏បានដឹងថា យើងធ្លាប់និយាយជាហូរហែមក កុមារជាទំពាំងស្នងឫស្សី។ ប្រសិនបើកុមារខូចខាតសុខភាពចាប់ពីពេលនេះ ពុំមានឫស្សីដែលល្អនោះទេ»។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏ប្រកាសឲ្យប្រើវ៉ាក់សាំងអាស្ត្រាហ្ស៊េណេកា (AstraZeneca) ជាវ៉ាក់សាំងជំរុញដែលត្រូវចាក់ដូសទី៣លើពលរដ្ឋដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់កន្លងមក។
សង្គមស៊ីវិលគាំទ្រចំពោះវិធានការចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាពឲ្យកុមារដើម្បីជួយបង្ការជំងឺកូវីដ១៩។ ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ យល់ថារដ្ឋាភិបាលគួរតែបង្កើនការផ្សព្វផ្សាយពីប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានចាក់ឲ្យកុមារអាយុ១២ឆ្នាំឡើងឲ្យច្បាស់លាស់ទើបពលរដ្ឋមានទំនុកចិត្ត៖ «បង្ហាញជាសាធារណៈទាក់ទងទៅនឹងប្រសិទ្ធភាពវ៉ាក់សាំងហ្នឹង។ តាមពិតការចាក់ហ្នឹងគឺជាចំណុចមួយ ដែលជាជំហានល្អ។ ប៉ុន្តែគ្រាន់ថាបើសិនយើងអាចបង្ហាញអំពីប្រសិទ្ធភាពថែមទៀតទៅលើវ៉ាក់សាំងហ្នឹងវាជាចំណែកមួយ ដែលបង្កើនទំនុកចិត្តទៅលើឪពុកម្ដាយ ឬក៏អាណាព្យាបាលថែមទៀត»។
វ៉ាក់សាំងដែលកម្ពុជាប្រើសម្រាប់ចាក់លើក្មេងវ័យក្រោម១៨ឆ្នាំនេះគឺប្រភេទស៊ីណូវ៉ាក់ (Sinovac)របស់ចិន។ វ៉ាក់សាំងនេះមិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក(WHO) ទទួលស្គាល់គុណភាពសម្រាប់ចាក់ឲ្យកុមារក្រោមអាយុ១៨ឆ្នាំនៅឡើយទេ។
តែយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្ដើមចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំនៅតាមមូលដ្ឋានហើយ។ ជាមួយគ្នានេះក្រសួងសុខាភិបាលបង្ហាញថា នៅថ្ងៃទី០១សីហា មានអ្នកជំងឺកូវីដ១៩ចំនួន២៣នាក់ទៀតស្លាប់។ ចំណែកអ្នកឆ្លងថ្មីវិញ ក្រសួង អះអាងថា មានជិតប្រាំពីររយ (៦៧១)នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសមានជិតបីរយ (២៦៥)នាក់។ បច្ចុប្បន្នកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៧៧.៩១៤នាក់ ។ ក្នុងនោះជាសះស្បើយ ៧០.៧៥៤នាក់ និងមានអ្នកស្លាប់សរុប ១.៤២០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។