ប្រមុខដឹកនាំរដ្ឋាភិបាលស្នើឱ្យក្រសួងសុខាភិបាល ពិនិត្យលើលទ្ធភាពវះកាត់ប្តូរក្រលៀននៅក្នុងប្រទេស ដោយសារបច្ចុប្បន្ន កម្ពុជាក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយកន្លងមក ដោយសារបារម្ភខ្លាចមានការជួញដូរក្រលៀន ឬសរីរាង្គ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី២១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមានលទ្ធភាពធ្វើការវះកាត់ប្តូរក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលា ឬមន្ទីរពេទ្យកងទ័ព រួចមកហើយចាប់តាំងពីឆ្នាំ២០១០មកម៉្លេះតែចំពោះអ្នកជំងឺជាជនបរទេសទេគ្រាន់តែមិនបានផ្សព្វផ្សាយជាសាធារណៈប៉ុណ្ណោះ។ លោក ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងសុខាភិបាលពិនិត្យលើលទ្ធភាពបង្កើត កន្លែងការវះកាត់ប្តូរក្រលៀននៅមន្ទីរពេទ្យ ទៅជាភាពស្របច្បាប់ ដើម្បីសម្រួលដល់ការកាត់បន្ថយការចំណាយច្រើនរបស់ពលរដ្ឋខ្មែរទៅទទួលសេវានៅក្រៅប្រទេស។
គ្រូពេទ្យជំនាញឯកទេសទូទៅ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ម្ចាស់គ្លីនីកមេត្តាមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ពលរដ្ឋខ្មែរភាគច្រើនដែលទៅធ្វើការវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាត្រូវចំណាយប្រាក់ច្រើនគឺចន្លោះពី៥ម៉ឺនដុល្លារដល់១០ម៉ឺនដុល្លារ។ លោកបន្តថា រដ្ឋាភិបាល ត្រូវបង្កើតច្បាប់ត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យមានការវះកាត់ប្តូរក្រលៀននៅក្នុងប្រទេសដើម្បីលុបបំបាត់ការជួញដូរសរីរាង្គ៖ «ខ្ញុំស្គាល់គាត់ដែរ គាត់ត្រូវជាប៉ាមិត្តភ័ក្ត្រខ្ញុំ ។ គាត់ឯកទេសខាងតម្រងនោម ក្រលៀនហ្នឹង ៣០ឆ្នាំមកហើយ ប្រហែលជាអាចមានឡើង ។ បើមានមែន គឺល្អបំផុត នៅប្រទេសកម្ពុជា ព្រោះការប្តូរនេះ ចំណាយប្រាក់ច្រើនណាស់ ចន្លោះពី ៥ម៉ឺនដុល្លារ ដល់១០ម៉ឺនដុល្លារ។ អញ្ចឹងប្រសិនបើមាននៅស្រុកខ្មែរ ត្រូវមានចេញច្បាប់ត្រឹមត្រូវ ព្រោះអាចធ្វើចរាចរណ៍សរីរាង្គឬគ្រឿងក្នុង ប្រសិនបើរឿងនេះ វាទំលំទូលាយ » ។
ចំណែក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian)ដែលបានចូលរួមក្នុងពិធីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនេះដែរជឿជាក់ថា មន្ទីរពេទ្យនេះដែលត្រូវបានចំណាយពេល៣ឆ្នាំដើម្បីសាងសង់និងថវិកា៨០លានដុល្លារអាមេរិកជាជំនួយរបស់ចិន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។