លោក ហ៊ុន សែន ទទួល​ស្គាល់​ថា មិនទាន់​ដឹង​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ចិន តែ​យល់​ព្រម​ទទួល​យក​ចាក់​ឱ្យ​ពលរដ្ឋ​ខ្មែរ

ដោយ មាន ​ឫទ្ធិ
2021.01.16
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា មិនទាន់​ដឹង​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ចិន តែ​យល់​ព្រម​ទទួល​យក​ចាក់​ឱ្យ​ពលរដ្ឋ​ខ្មែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទទួលស្គាល់​ថា លោក​នៅ​មិនទាន់​ដឹង​ពី​ប្រសិទ្ធភាព​ពិតប្រាកដ​នៃ​វ៉ាក់សាំង​ចិន រួមទាំង​វ៉ាក់សាំង​ប្រទេស​ដទៃ​ទៀត ក្នុង​ការ​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​-១៩ នៅឡើយ​ទេ​។ ក៏ប៉ុន្តែ លោក​ប្រកាស​ដោយ​មិន​អល់អែក​ទទួលយក​វ៉ាក់សាំង​ផ្ដល់​ដោយ​រដ្ឋាភិបាល​ចិន​ចំនួន​ដល់​ទៅ ១​លាន​ដូស ដើម្បី​ទុក​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០​ម៉ឺន​នាក់​។ វ៉ាក់សាំង​ផ្ដល់​ដោយ​ចិន​នេះ មាន​ឈ្មោះថា វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm)

លោក ហ៊ុន សែន ប្រកាស​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សារ​សំឡេង ផ្សាយ​ជា​សាធារណៈ​កាលពី​យប់​ថ្ងៃ​ទី​១៥ មករា​។ លោក​បាន​លើក​យក​អំណះអំណាង​មួយ​ចំនួន មក​ការពារ​ការ​សម្រេចចិត្ត​ប្រកាស​ទទួលយក​វ៉ាក់សាំង​ពី​ប្រទេស​ចិន​នេះ។ លោក​ថា ទី​មួយ គឺ​ដោយសារតែ​កម្ពុជា​កំពុង​ទទួលរង​ការ​រីក​រាលដាល​ខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ និង​ទី​ពីរ គឺ​ដោយសារតែ​មេដឹកនាំ​ប្រទេស​ចិន ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) និង​មនុស្ស​រាប់លាន​នាក់​លើ​ពិភពលោក​បាន​ប្រើប្រាស់​វ៉ាក់សាំង​នេះ​រួចហើយ​។ លោក​បញ្ជាក់​ថា កម្ពុជា មិន​អាច​រង់ចាំ​ទម្រាំ​ដល់ពេល​មាន​វ៉ាក់សាំង​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទៀត​ទេ។

កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក​តែង​ប្រកាស​ក្តែងៗ​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​យក​ប្រជាពលរដ្ឋ​ខ្លួន​ធ្វើជា​ធុង​សំរាម​ពិសោធន៍ ឬ​ជា​សត្វ​កណ្ដុរ​សម្រាប់​ពិសោធន៍​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ​-១៩ នេះ​ឡើយ ហើយ​ថា កម្ពុជា​សុខចិត្ត​រង់ចាំ​ទទួលយក ឬ​ទិញ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​វិញ​។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​ផ្លាស់ប្ដូរ​ចិត្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​មិន​ដល់ ១​ខែ​ផង។ យ៉ាងណា លោក ហ៊ុន សែន ថ្លែង​ថា ជន​អាទិភាព​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ រួមមាន​អ្នក​នៅ​ជុំវិញ​ព្រះមហាក្សត្រ អ្នក​នៅ​ជុំវិញ​ខ្លួន​លោក ជុំវិញ​ប្រធាន​ព្រឹទ្ធសភា និង​រដ្ឋសភា និង​ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កម្លាំង​ប្រដាប់​អាវុធ​ជាដើម​។ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ទេ ថា​តើ ព្រះមហាក្សត្រ រូប​លោក​ខ្លួនឯង និង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក នឹង​សុខចិត្ត​នាំគ្នា​ចាក់​វ៉ាក់សាំង​ចិន​នេះ​មុន​គេ ឬ​យ៉ាងណា​នោះ​ទេ។

បច្ចុប្បន្ន ប្រទេស​ធំៗ​នៅ​ទូទាំង​ពិភពលោក រួមមាន​សហរដ្ឋអាមេរិក (USA) ចក្រភព​អង់គ្លេស (UK) អាល្លឺម៉ង់ (Germany) បារាំង (France) រុស្ស៊ី (Russia) និង​ចិន​សុទ្ធតែ​បាន​ប្រកាស​ថា ខ្លួន​រក​ឃើញ​វ៉ាក់សាំង​ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​-១៩។ ក៏ប៉ុន្តែ គេ​នៅ​មិនទាន់​ដឹង​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ទាំងនេះ​នៅឡើយ​ទេ ហើយ​អង្គការ​សុខភាព​ពិភពលោក ក៏​នៅ​មិន​ទាន់​ប្រកាស​ទទួលស្គាល់​ជាក់លាក់​លើ​វ៉ាក់សាំង​របស់​ប្រទេស​ណាមួយ​នោះ​ដែរ​។ អង្គការ​នេះ​គ្រាន់តែ​ប្រកាស​ទទួលស្គាល់ សម្រាប់​ការប្រើប្រាស់​ក្នុង​គ្រាអាសន្ន​នូវ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន ហ្វាយហ្សឺ (Pfizer) របស់​អាមេរិក និង​ក្រុមហ៊ុន បាយអូអេនថិក (BioNTech) របស់​អាល្លឺម៉ង់​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។