លោក ហ៊ុន សែន ថា លោក​មិន​អាច​ចាក់​​វ៉ាក់សាំង​ចិន​ទេ ដោយ​សារ​លើ​​សអាយុ​ត្រូវ​ចាក់

ដោយ អាស៊ីសេរី
2021-02-05
Share
លោក ហ៊ុន សែន ថា លោក​មិន​អាច​ចាក់​​វ៉ាក់សាំង​ចិន​ទេ ដោយ​សារ​លើ​​សអាយុ​ត្រូវ​ចាក់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ល្ងាច​ថ្ងៃទី៥ ខែ​កុម្ភៈ​ថា លោក​មិន​អាច​ចាក់​វ៉ាក់សាំង​របស់​ចិន​ទេ ដោយសារ​លោក​មាន​អាយុ​ ៦៨​ឆ្នាំ​ហើយ លើស​​អាយុ​កំណត់​ដែល​ត្រូវ​ចាក់។

លោក ហ៊ុន សែន សរសេរ​បន្ត​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល ដែល​បាន​ទទួល​លិខិត​ផ្លូវការ​ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ចិន​នៅ​កម្ពុជា ដែល​បញ្ជាក់​ថា វ៉ាក់សាំង​ឈ្មោះ​ស៊ីណូហ្វាម (Sinopharm) ចាក់​បាន​តែ​មនុស្ស​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ទៅ ​៥៩​ឆ្នាំ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន កាលពី​ថ្ងៃទី៤ កុម្ភៈ ប្រកាស​ថា លោក​ និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នឹង​ចាក់​វ៉ាក់សាំង​ចិន ​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន អះអាងថា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ ដែល​មាន​អាយុ ៧៥​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ របស់​ចិន​រួចហើយ ស្រប​ពេល​ជំនួយ​របស់​ចិន​មិន​ទាន់​មក​ដល់​កម្ពុជា​នៅ​ឡើយ។ លោក ហ៊ុន សែន មិនបាន​បញ្ជាក់​លម្អិត​ថា តើ​លោក ទៀ បាញ់ ចាក់​វ៉ាក់សាំង​នោះ​តាំង​ពី​ថ្ងៃ​ណា​ឡើយ ខណៈ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ។ លោក ហ៊ុន សែន ក៏​ពុំបាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក ទៀ បាញ់ ចាក់​វ៉ាក់សាំង​នោះ​មុន​លោក​ដែរ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​លោក ទៀ បាញ់ បាន​ទេ នៅ​ថ្ងៃ​ទី៥ កុម្ភៈ។

គិត​ត្រឹម​ថ្ងៃ​ទី៤ កុម្ភៈ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ចំនួន ៤៧០​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន ៤៥២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន ១៨​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល