លោក ស សុខា បញ្ជាឱ្យរដ្ឋបាលខេត្តទាំងអស់រុះរើការផ្សព្វផ្សាយស្លាកស្រាបៀច្រើនហួសហេតុ
2024.07.09
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បញ្ជាឱ្យអភិបាលខេត្តទូទាំងប្រទេសសើរើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនគ្រឿងស្រវឹង និងរុះរើការស្លាកផ្សព្វផ្សាយស្រាបៀតាមដងផ្លូវ និងតាមទីសាធារណៈ។ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមសាទរវិធានការនេះ ប៉ុន្តែ ពួកគេទាមទារឱ្យមានច្បាប់គ្រប់គ្រងបញ្ហាគ្រឿងស្រវឹង និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសុខុមាលភាពពលរដ្ឋ។
លោក ស សុខា បានបញ្ជាឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ នូវរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិតលក់ចែកចាយ និងផ្សព្វផ្សាយគ្រឿងស្រវឹង ដើម្បីឈានដល់ការបញ្ចប់រាល់ការតាំងស្លាកផ្សព្វផ្សាយស្រាបៀតាមដងផ្លូវ និងទីសាធារណៈ។ លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែកក្កដា។
លោក ស សុខា ថ្លែងទៀតថា ការបោះជំហានបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ គឺដើម្បីរួមចំណែកលើកទឹកចិត្តប្រជាពលរដ្ឋឱ្យកាត់បន្ថយទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ ដែលពលរដ្ឋកំពុងប្រឈមទាំងបញ្ហាសុខភាព និងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យព្រួយបារម្ភ។ លោកឱ្យដឹងទៀតថា ថ្វីដ្បិតរដ្ឋាភិបាលទទួលបានចំណូលពីក្រុមហ៊ុនឯកជនផ្សព្វផ្សាយគ្រឿងស្រវឹងពិតមែនក្ដី ក៏ចំណូលទាំងនោះមិនអាចទូទាត់នឹងវិបត្តិសង្គម ដែលកើតចេញពីការផ្សាយស្លាកស្រាបៀច្រើនហួសហេតុនោះបានទេ។ ។
នេះជាលើកទីមួយហើយ ដែលប្រមុខដឹកនាំក្រសួងមហាផ្ទៃដាក់ចេញវិធានការណែនាំដល់រដ្ឋបាលខេត្តទាំងអស់ឱ្យបញ្ឈប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនគ្រឿងស្រវឹងផ្សព្វផ្សាយស្រាបៀតាមដងផ្លូវ បន្ទាប់ពីអភិបាលខេត្តតាកែវថ្មី លោក វ៉ី សំណាង ក្នុងពេលថ្មីៗ នេះ បានបញ្ជាអាជ្ញាធរឱ្យរុះរើការផ្សព្វផ្សាយស្លាកសញ្ញាស្រាបៀនៅទូទាំងខេត្តនេះ។
អ្នកសិក្សាសង្គម និងនយោបាយ លោក ប៉ោ មករា សាទរចំពោះចំណាត់ការនេះ។ លោកប្រាប់វិទ្យុអាស៊ីសេរីថា ដើម្បីរាំងខ្ទប់ការលើកស្លាក ឬផ្សព្វផ្សាយគ្រឿងស្រវឹងជ្រុលហួសហេតុប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលក៏គួរតែមានច្បាប់សម្រាប់គ្រប់គ្រងបញ្ហាគ្រឿងស្រវឹង ហើយក្រុមមន្ត្រីអាជ្ញាធរ ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថា ចំណាត់ការរបស់ប្រមុខក្រសួងមហាផ្ទៃ ធ្វើឡើងមិនមែនតែមួយខ្យល់។
លោក ប៉ោ មករា៖ «កន្លងមក យើងឃើញហើយថា ការផ្សព្វផ្សាយគ្រឿងស្រវឹង វាហួសហេតុ វាជ្រុលនិយមខ្លាំងពេក ការផ្សព្វផ្សាយខ្លះទៀត មានការលើកទឹកចិត្តក្នុងការទទួលទានគ្រឿងស្រវឹងហ្នឹងរហូតមានរង្វាន់ជាឡាន រង្វាន់នេះ រង្វាន់នោះ លើកទឹកចិត្តពាណិជ្ជកម្ម នីមួយៗ ចាក់ចំបងប្អូនប្រជាពលរដ្ឋកម្ពុជាគាត់ឃើញទាំងក្មេងតូចៗ មិនទាន់គ្រប់អាយុ ក៏ឃើញការផ្សាយគ្រឿងស្រវឹងហ្នឹង នៅតាមទីសាធារណៈ និងនៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋធំៗ មួយចំនួនដែរ»។
បញ្ហាគ្រឿងស្រវឹងនេះ កាលពីពេលកន្លងទៅ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រួមទាំងរដ្ឋមន្ត្រីក្រសួងថ្នាក់ជាតិមួយចំនួនទៀត ធ្លាប់បានចូលរួមពិធីរបស់ក្រុមហ៊ុនស្រាបៀ និងលើកកែវពិសាជានិមិត្តរូប ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមប្រើប្រាស់គ្រឿងស្រវឹង។ លើសពីនេះ ក្រុមហ៊ុនស្រាបៀមួយចំនួនថែមទាំងឱ្យយុវជនឡើងលើឆាកប្រជែងគ្នាផឹកស្រាបៀក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីបង្ហាញទៅកាន់អ្នកទស្សនាថា ស្រាបៀរបស់ពួកគេមានរសជាតិឆ្ងាញ់ជាប់ចិត្តជាដើម។ ប៉ុន្តែ សកម្មភាពទាំងអស់នេះ បានទទួលរងនូវការរិះគន់ជាខ្លាំងពីសំណាក់មហាជន។
អ្នកឃ្លាំមើលលើកឡើងថា ការដាក់តាំងបង្ហាញស្លាកសញ្ញាស្រាបៀទូទាំងប្រទេសព្រោងព្រាតនេះ គឺជាការជំរុញឱ្យមនុស្សទទួលទានគ្រឿងស្រវឹងកាន់តែច្រើន ដែលបង្កឱ្យកើតមានវិបត្តិសង្គមធ្ងន់ធ្ងរ ដូចគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ ការចំណាយថវិកាលើការព្យាបាល និងការដោះស្រាយបញ្ហាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។