អាជ្ញាធរ​ខេត្ត​កំពង់ចាម​ប្ដេជ្ញា​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ចែក​ចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន

ដោយ សូត សុខប្រាថ្នា
2016.06.29
ដុត​បំផ្លាញ​គ្រឿង​ញៀន កំពង់ចាម ២០១៦ ៨៥៥ អាជ្ញាធរ​ខេត្ត​កំពង់ចាម ដុត​បំផ្លាញ​គ្រឿង​ញៀន​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ចរាចរ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

អាជ្ញាធរ​ខេត្ត​កំពង់ចាម ប្ដេជ្ញា​ពង្រឹង​ការ​ផ្សព្វផ្សាយ និង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​មិន​ឲ្យ​មាន​សកម្មភាព​ប្រើប្រាស់ និង​ចែក​ចាយ​ថ្នាំ​ញៀន។ ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ចរាចរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ដែល​មាន​អ្នក​ចូលរួម​ជាង ៣​ពាន់​នាក់។ សង្គម​ស៊ីវិល​នៅ​ក្នុង​ខេត្ត សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​នេះ។

សារ​ដែល​អាជ្ញាធរ​ខេត្ត​ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធ​ប្រឆាំង​ការ​ចរាចរ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន មាន​ដូចជា ត្រូវ​និយាយ​ថា​ទេ​ចំពោះ​គ្រឿង​ញៀន។ លើស​ពី​នេះ ពលរដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​តាម​គ្រប់​រូបភាព គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ដើម្បី​អនាគត​ខ្លួន​យើង និង​សហគមន៍​យើង​គ្មាន​គ្រឿង​ញៀន។

ថ្លែង​ក្នុង​ពិធី​នេះ អភិបាល​រង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ខេត្ត​កំពង់ចាម លោក ជឹម លាវ បង្ហាញ​ចំណាប់​អារម្មណ៍​ថា រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ដ៏​រឹងមាំ ដើម្បី​ទប់ស្កាត់ ឬ​លុប​បំបាត់​រាល់​ការ​ជួញ​ដូរ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។ លោក​ថា គ្រឿង​ញៀន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ប្រជាពលរដ្ឋ ពិសេស​យុវវ័យ​ដែល​ជា​កម្លាំង​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​ជាតិ«ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត បុគ្គល​គ្រប់​រូប​ត្រូវ​យល់​ដឹង​ពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿង​ញៀន»

របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បង្ហាញ​ថា អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​កាល​ពី​ឆ្នាំ​២០១៥ មាន​ចំនួន ៤១៩​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង​ជាង ១០០​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤។ លើស​ពី​នេះ ក្នុង​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៥ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​សរុប​ចំនួន ១៤២​ករណី ចាប់​ជន​សង្ស័យ​បាន ២៧៨​នាក់ ក្នុង​នោះ​ស្រី​ចំនួន​ជាង ៣០​នាក់ ហើយ​មាន​ជនជាតិ​វៀតណាម ម្នាក់ ព្រម​ទាំង​ដក​ហូត​គ្រឿង​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ជិត ២០០​ក្រាម (១៩៦,០១​ក្រាម)។ ចំណែក​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ វិញ សមត្ថកិច្ច​ខេត្ត​កំពង់ចាម បង្ក្រាប​បាន​ចំនួន ១០៤​ករណី ចាប់​ខ្លួន​ជន​សង្ស័យ​បាន ២៤៥​នាក់ ក្នុង​នោះ​ស្រី ១៩​នាក់។ ចំនួន​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៦ នេះ គឺ​ជិត​ស្មើ​នឹង​ចំនួន​បង្ក្រាប​រយៈពេល​មួយ​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៥។ ចំណែក​គ្រឿង​ញៀន​វិញ គឺ​សមត្ថកិច្ច​ដក​ហូត​បាន​ចំនួន​ជាង ៣០០​ក្រាម (៣៣៤,៦១​ក្រាម) ដែល​លើស​ជាង​ពាក់​កណ្ដាល​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥។

ក្នុង​ឱកាស​នោះ ក៏​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពី​សំណាក់​តំណាង​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​សិស្ស​និស្សិត​ថា ត្រូវ​ចូលរួម​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់ ឬ​ចែក​ចាយ​គ្រឿង​ញៀន​ក្នុង​សហគមន៍​ឡើយ។ ជាង​នេះ​ទៀត ពួក​គេ​ចង់​ឲ្យ​យុវជន​ត្រូវ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ថ្នាំ​ញៀន មិន​ត្រូវ​សាកល្បង​ជា​ដាច់ខាត។ ក្រៅ​ពី​ប្ដេជ្ញា​ចិត្ត​ហើយ អ្នក​ចូលរួម​ថែម​ទាំង​បាន​ដើរ​ហែ​ក្បួន​ផ្សព្វផ្សាយ​នៅ​ក្រុង​កំពង់ចាម ដើម្បី​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ។

ជាមួយ​គ្នា​នោះ អាជ្ញាធរ​បាន​ដុត​បំផ្លាញ​ចោល​នូវ​គ្រឿង​ញៀន​ដែល​បង្ក្រាប​បាន​កន្លង​មក​ទៀត​ផង។

ស្នងការ​រង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​លេខាធិការដ្ឋាន​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ខេត្ត​កំពង់ចាម លោក​ឧត្ដមសេនីយ៍ត្រី ឯម កុសល មាន​ប្រសាសន៍​ថា កន្លង​មក អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ឲ្យ​យល់​ដឹង​អំពី​ច្បាប់ និង​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន។ លើស​ពី​នេះ​ទៀត សមត្ថកិច្ច​បាន​ចាត់​ទុក​បញ្ហា​ថ្នាំ​ញៀន​ជា​បញ្ហា​អាទិភាព ដើម្បី​ស្រាវជ្រាវ​រក​កូន​ប្រជាពលរដ្ឋ​ញៀន​ថ្នាំ ហើយ​សមត្ថកិច្ច​ត្រូវ​ណែនាំ និង​បញ្ជូន​ពួក​គេ​ទៅ​មណ្ឌល​កែប្រែ ព្រម​ទាំង​បាន​បង្ក្រាប​ជាច្រើន​ករណី​រហូត​បាន​លេខ​មួយ​ទូទាំង​ប្រទេស​ទៀត​ផង។

លោក ឯម កុសល បញ្ជាក់​ថា យុទ្ធសាស្ត្រ​បន្ត​ទៀត អាជ្ញាធរ​នឹង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ដើម្បី​អប់រំ​ណែនាំ​ឲ្យ​ពួក​គាត់​ត្រឡប់​មក​ផ្លូវ​ល្អ​វិញ និង​ត្រូវ​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀន។ បន្ថែម​ពី​នេះ លោក​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ការងារ​ទាំង​នេះ​ដូច​ភ្លៀង​រលឹម«យើង​នឹង​ប្ដេជ្ញា​ថា ធ្វើ​ម៉េច​ដើម្បី​កាត់​បន្ថយ​បញ្ហា​គ្រឿង​ញៀន មិន​ឲ្យ​នៅ​ក្នុង​ខេត្ត នៅ​ស្រុក​របស់​យើង​នៅ​តាម​មូលដ្ឋាន​ភូមិ-ឃុំ​របស់​យើង»

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ទាំង​នេះ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ស្វែងរក​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ​នៅ​ស្រុក​ខ្មែរ​មក​ផ្ដន្ទាទោស និង​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ការ​អនុវត្ត​ច្បាប់​មិន​បាន​ស្មើ​ភាព​គ្នា។ លោក​ថា ប្រសិន​បើ​សមត្ថកិច្ច​អាច​ចាប់​មេ​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ​បាន នោះ​ទើប​ធ្វើ​ឲ្យ​ការ​ប្ដេជ្ញា​ចិត្ត​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព។ លោក​សង្កេត​ឃើញ​ថា អ្នក​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​បញ្ហា​ថ្នាំ​ញៀន​បច្ចុប្បន្ន គឺ​ភាគ​ច្រើន​ជា​អ្នក​ប្រើប្រាស់ ឬ​ជា​ជន​រងគ្រោះ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ជួញ​ដូរ​ថ្នាំ​ញៀន​ធំៗ​វិញ គឺ​មិន​ឃើញ​មាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។