និស្សិតខ្មែរកំពុងព្រួយបារម្ភខ្លាំងពីសុខភាព ទោះលោក ហ៊ុន សែន ព្រមានឲ្យបន្តនៅរួមសុខរួមទុក្ខជាមួយចិននៅវូហាន

ដោយ មួង ណារ៉េត
2020-02-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

និស្សិត​ខ្មែរ​ជាច្រើន​នាក់ ដែល​កំពុង​ជាប់​ផុង​ក្នុង​ទីក្រុង​វូហាន ប្រទេស​ចិន នៅតែ​ស្នើ​សុំ​យ៉ាង​ទទូច ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជម្លៀស​ពួកគាត់​ទៅ​កម្ពុជា​វិញ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយសារ​ជំងឺ​រលាក​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​កូរ៉ូណា កំពុង​បន្ត​រាតត្បាត​ខ្លាំង​នៅ​ទីនោះ​។ ចំណែក​រដ្ឋាភិបាល នៅតែ​ព្រងើយកន្តើយ ចំពោះ​សំណូមពរ​របស់​ពួកគាត់​ដដែល ព្រោះ​អះអាង​ថា បើ​ជម្លៀស​ខ្លាច​ចិន​អន់ចិត្ត។

និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​វូហាន ដែល​ជា​កន្លែង​ផ្ទុះ​កា​រីក​រាលដាល​ខ្លាំង នៃ​វីរុស​កូរ៉ូណា នៅ​តែ​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​ឡើងវិញ ក្នុង​ការ​យក​ពួកគាត់ ចេញពី​ទីនោះ ព្រោះ​ពួកគាត់ និង​ក្រុម​គ្រួសារ ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​សុវត្ថិភាព និង​សុខភាព។

និស្សិត​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤ ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ​សកល​វិទ្យាល័យ​វូហាន (Wuhan University) លោក ភួង បុប្ផាគីមហុង រៀបរាប់​ថា បច្ចុប្បន្ន​លោក កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច និង​ឯកោ​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់ ស្រប​ពេល​ដែល​វីរុស​កូរ៉ូណា កំពុង​បន្ត​វាយប្រហារ និង​រីក​រាលដាល​យ៉ាង​លឿន ក្នុង​ប្រទេស​ចិន ជាពិសេស​ក្នុង​ទីក្រុង​វូហាន តែម្ដង​។

លោក​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ពុំ​ទាន់​ឃើញ​មាន​មន្ត្រី​ស្ថាន​ទូត ឬ​ស្ថាន​កុងស៊ុល​ខ្មែរ​នៅ​ប្រទេស​ចិន ចុះ​សួរសុខទុក្ខ​លោក​ដោយ​ផ្ទាល់​ឡើយ​។ ប៉ុន្តែ​លោក​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ និង​មានការ​ឧបត្ថម្ភ​អាហារ​បី​ពេល ដោយ​ឥតគិតថ្លៃ ពី​ខាង​សាលា​ទៅវិញ។

និស្សិត​វ័យ​២៣​ឆ្នាំ​រូប​នេះ បន្ត​ថា ស្ថានភាព​នៅ​ទីនោះ ស្ងប់ស្ងាត់​ខ្លាំង ហើយ​លោក​ឃើញ​រដ្ឋាភិបាល​ប្រទេស​នានា បាន​ជម្លៀស​និស្សិត​របស់​ខ្លួន ចេញពី​ទីក្រុង​វ៉ូហាន​ជា​បន្តបន្ទាប់ ពោល​គឺ​នៅ​សល់​តែ​និស្សិត​ខ្មែរ និង​និស្សិត​ប្រទេស​ក្រីក្រ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ៖ «សម្រាប់​បច្ចុប្បន្ន​នេះ មានការ​ជម្លៀស​ដូច​ជនជាតិ​ថៃ សាំងហ្គាពូ បារាំង អង់គ្លេស និង​អាមេរិក សុទ្ធតែ​មានការ​ជម្លៀស​មែន។ សព្វថ្ងៃ​នេះ​អ្នក​ដែល​នៅ មាន​ជនជាតិ​ខ្មែរ​យើង មាន​នេប៉ាល់ ហើយ​និង​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក»

និស្សិត ភួង បុប្ផាគីមហុង ឱ្យ​ដឹង​ដែរ​ថា អាណាព្យាបាល​របស់​លោក មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ហើយ ពួក​លោក​ដែល​ជាប់​នៅ​ក្នុង​ទីក្រុង​វូហាន នៅតែ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុ​ជា នឹង​ចាត់វិធានការ​ជម្លៀស ពួក​លោក​ចេញទៅ​កម្ពុជា​មួយ​រយៈ ព្រោះថា​សាលា ក៏បាន​ផ្អាក​កម្មវិធីសិក្សា​បណ្ដោះ​អាសន្ន​ដែរ៖ «គ្រួសារ​ខ្ញុំ​ផ្ទាល់​នៅតែ​បារម្ភ​ហើយ​ពួកគាត់​រាល់ថ្ងៃ​ព្យាយាម​សួរ​ខ្ញុំ​អំពី​សុខទុក្ខ​របស់ខ្ញុំ សុខភាព​ម៉េច​ម៉ា​ហើយ ស្ថានភាព​នេះ​មានការ​ផ្លាស់ប្ដូរ​អី​ខ្លះ ។​និយាយ​ទៅ​គឺ​គាត់​ចង់​ដឹង​សុខទុក្ខ​របស់ខ្ញុំ​ឱ្យ​បាន​ប្រាកដ ហើយ​ណាមួយ​ឥឡូវនេះ​ជំងឺ​នេះ ចេះតែ​ធ្ងន់ធ្ងរ​ទៅៗ​។ ពួកគាត់ នៅ​បារម្ភ​ហើយ​ពួកគាត់​ថា បើ​មាន​ឱកាស​ណាមួយ ពួកគាត់ នៅតែ​សង្ឃឹមថា ខ្ញុំ​អាច​ត្រឡប់​ទៅ​ប្រទេស​វិញ​។ ចំពោះ​គំនិត​ខ្ញុំ​ផ្ទាល់​ចង់បាន​ការ​ជម្លៀស​ចេញ ប៉ុន្តែ​ពួក​ខ្ញុំ​គោរព​តាម​អ្វី​ដែល​សម្ដេច​បាន​មាន​ប្រសាសន៍»

ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ នៅ​ខេត្ត​របស់​ចិន​មួយ​នេះ មាន​និស្សិត​ខ្មែរ ចំនួន​២៣​នាក់ កំពុង​ជាប់​ផុង​នៅ​ទីនោះ ដោយសារ​អាជ្ញាធរ​ចិន បាន​បិទ​ទីក្រុង និង​ខេត្ត​នេះ​ទាំងមូល ដោយ​មិន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ចេញចូល​ទៀត​ឡើយ។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​បរទេស​នា​នា បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ចិន ជម្លៀស​ពលរដ្ឋ​និង​និស្សិត​របស់​ខ្លួន​ចេញពី​ទីនោះ​ជា​បន្តបន្ទាប់ ដើម្បី​គេច​ពី​វីរុស​កូរ៉ូណា ហើយ​មានតែ​រដ្ឋាភិបាល​កម្ពុជា​ទេ ដែល​ទុក​ពលរដ្ឋ​ខ្មែរ​ឱ្យ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន ដើម្បី​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​ចិន ក្រោម​ហេតុផល​ថា ជឿជាក់​លើ​ចិន​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​នេះ។

និស្សិត​ខ្មែរ​ម្នាក់ទៀត កំពុង​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ឆ្នាំ​ទី​៣​ជំនាញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​វូហាន​(Wuhan University Of Technology) លោក លី សេដ្ឋា ប្រាប់ អាស៊ីសេរី​ថា តំបន់​ដែល​លោក​កំពុង​រស់នៅ​ក៏ មាន​សភាព​ស្ងាត់ជ្រងំ​ដែរ ហើយ​ម្នាក់ៗ​សំងំ​នៅតែ​ក្នុង ផ្ទះ។

លោក​បន្ត​ថា នៅ​សាលា​របស់​លោក គឺ​មិន​មាន​ការឧបត្ថម្ភ​អាហារ​នោះ​ទេ ដូច្នេះ​លោក​តែង​តែ​ទៅ​ផ្សារ ដើម្បី​ទិញ​ម្ហូបអាហារ​ដោយ​ខ្លួនឯង សម្រាប់​បរិភោគ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ឬ​ពីរ​សប្ដាហ៍​។

និស្សិត​រូប​នេះ បញ្ជាក់​ថា លោក​មិនទាន់​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ខ្មែរ ចុះ​សួរ​សុខ ទុក្ខ​លោក​ដោយ​ផ្ទាល់ ឬ​ផ្ដល់​ជំនួយ​អ្វី​ទេ​។ ប៉ុន្តែ លោក​ទទួល​បាន​ថវិកា​ខ្លះៗ ពី​សប្បុរសជន សម្រាប់​ជួយ​ផ្គត់ផ្គង់​ការ​ចំណាយ​ផ្សេងៗ ក្នុង​គ្រា​មាន​អាសន្ន​នេះ៖ «ចំពោះ​ពួក​ខ្ញុំ​ឥលូវ​នេះ គឺ​ខំ​ការពារ​ខ្លួន​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ភាគច្រើន​គឺ​នៅ​ក្នុង​បន្ទប់ ហើយ​បើ​ចេញទៅ​ក្រៅ​មាន​ម៉ាស់ មាន​ស្រោមដៃ ដដែល ហើយ​ការ​ហូប​ចុក​គឺ​គោរព​ទៅតាម​អនាម័យ ។ អារម្មណ៍​ផ្ទាល់​របស់​និស្សិត​យើង​នេះ នៅ​តែ​មាន​ភាព​ភ័យខ្លាច​នៅឡើយ ប៉ុន្តែ​ដោយសារ​យើង​គោរព​ទៅតាម​អនុសាសន៍​របស់​ប្រមុខ​ដឹកនាំ ហើយ​ពួក​យើង កំពុង​រង់ចាំ​នូវ​អនុសាសន៍​បន្ទាប់​ថែមទៀត»

និស្សិត លី សេដ្ឋា បញ្ជាក់​ថា លោក​នៅតែ​ចង់​ឱ្យ​រដ្ឋាភិបាល ជម្លៀស​ពួក​លោក ចេញពី​ទីក្រុង​វូ​ហាន​បណ្ដោះអាសន្ន ព្រោះ​ដើម្បី​កុំ​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក​បារម្ភ​ខ្លាំង ហើយ​ម្យ៉ាងទៀត​ក្នុង​ស្ថានភាព​អាក្រក់​បែប​នេះ លោក យល់​ថា គ្មាន​អ្វី​ប្រសើរ​ជាង​វិល​ទៅ​មាតុភូមិ​របស់​ខ្លួន​វិញ​នោះ​ទេ៖ «ជា​ការ​ពិត​ណាស់​! គ្រួសារ​ខ្ញុំ ជាពិសេស​ឪពុកម្ដាយ​របស់ខ្ញុំ គាត់​បារម្ភ​មែនទែន ។ មួយ​ថ្ងៃៗ​នេះ គាត់​ខ​ល​មក​សួរសុខទុក្ខ​ពីរ​ទៅ​បី​ដង ហើយ​គាត់ ចង់​ឱ្យ​ត្រឡប់​ទៅវិញ​។ ខ្ញុំ​និយាយ​លួងលោម​គាត់​ទៅ ថា ពេលណា​មួយ​នឹង​ត្រឡប់​ទៅវិញ ហើយក៏​សន្យា​ថា នឹង​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ នឹង​ត្រឡប់​ទៅ​ជួប​គាត់​វិញ​ឆាប់ៗ»

ដោយឡែក ក្រុម​និស្សិត​មួយ​ចំនួន​ទៀត ហាក់​មិនសូវ​ហ៊ាន​និយាយ​នោះ​ទេ ព្រោះ​ពួកគេ បារម្ភ​ខ្លាច​ប៉ះពាល់ ដល់​ការរស់នៅ​និង​សិក្សា​ក្នុង​ប្រទេស​ចិន បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឱ្យ​ពួកគេ​បន្ត​រស់នៅ​ក្នុង​ប្រទេស​ចិន និង​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​និស្សិត​រូប​ណា​ដែល​ចាក​ចេញទៅ​កម្ពុជា ក្នុង​គ្រា​ប្រទេស​ចិន​មាន​អាសន្ន​បែបនេះ។

តាំង​ពីមុន​អង្គការ​សុខភាព​ពិភពលោក ប្រកាស​អាសន្ន​អំពី​ការ​រីក​រាលដាល​ដ៏​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា​នេះ​ម្ល៉េះ ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក បាន​ចាត់វិធានការ​ជា​បណ្ដើរ ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចេញពី​ទីក្រុង​វូហាន និង​បាន​ផ្អាក​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន ឬ​បិទ​ច្រក​ព្រំដែន​មួយ​រយៈ ដើម្បី​សុវត្ថិភាព​ពលរដ្ឋ​របស់​ខ្លួន។

ប៉ុន្តែ ចំពោះ​កម្ពុជា រដ្ឋាភិបាល​មិន​ត្រឹម​គ្មាន​វិធាន​ការ​នាំ​ពលរដ្ឋ​ខ្មែរ ដែល​នៅ​ជាប់​គាំង​នៅ​ទីក្រុង​វូហាន មក​ស្រុកកំណើត​វិញ​នោះ​ទេ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​ព្រមាន​ពលរដ្ឋ​ទាំងនោះ អំពី​ផលវិបាក នៃ​ការ​គេច​ចេញពី​គ្រោះអាសន្ន​នេះ​ទៀត​ផង​។

លោក ហ៊ុន សែន បង្គាប់​ឱ្យ​អ្នក​ទាំងនោះ បន្ត​នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​ជនជាតិ​ចិន ដែល​កើត​កំពុង​ឆ្លង និង​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ និង​កំពុង​រីក​រាលដាល​នេះ ដោយ​លោក​អះអាង​ថា ដើម្បី​រឹតចំណង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ផង និង​ដើម្បី​ជួយ​ប្រទេស​ចិន ក្នុង​គ្រា​មាន​អាសន្ន​នេះ​ផង៖ «អត់​មាន​តម្រូវការ​នៃ​ការ​ជម្លៀស​និស្សិត​ខ្មែរ មកកាន់​កម្ពុជា​ទេ ដោយ​យើង​ទុក​នៅ​ទីនោះ ដែល​ជា​ការ​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ បើ​ជម្លៀស​និស្សិត មិន​ចាំបាច់​សុំ​អាហារូបករណ៍​ចិន​ទៅទៀត​ទេ ច្បាស់​ជា​ចិន​នឹង​មិន​ឱ្យ​ទេ​។ អាហ្នឹង​ខ្ញុំ​ប៉ាន់ស្មាន​ទុក ខ្ញុំ​មិន​ដឹង​ថា​ចិន​គាត់​គិត​យ៉ាងម៉េច​ទេ​។ ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ជា​ចិន ខ្ញុំ​អត់​ឱ្យ (​អាហារូបករណ៍​) អ្នកឯង​ទៀត​ទេ ព្រោះ​ពេល​ស្រួល​អ្នក​ឯង​មក​រក​ខ្ញុំ ពេល​លំបាក​អ្នក​ឯង​រត់ចោល​ខ្ញុំ​។ បើ​ខ្ញុំ​ជា ស៊ី ជីន​ពីង ឬ លី ឃើ​ឈាង គឺ​ខ្ញុំ​អត់​ឱ្យ​ទេ​!»

ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ជ្រួលច្របល់ រក​វិធី​ការពារ​ខ្លួន​តែ​រៀងៗ​ខ្លួន លោក ហ៊ុន សែន ថែមទាំង​និយាយ​ចំអក​ដល់​អ្នក​ដែល​ព្រួយបារម្ភ​ខ្លាំង អំពី​ការ​ឆ្លង​មេរោគ​នេះ ថា​ភ័យ​ហួសហេតុ​ពេក​។ លោក​ថែមទាំង​លើកទឹកចិត្ត​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ការពារ ដោយ​ព្រមាន​បណ្ដេញ​អ្នកសារព័ត៌មាន និង​អ្នកណា​ក៏ដោយ​ដែល​ពាក់​ម៉ាស់ ចូល​ក្នុង​វិមាន​សន្តិភាព ក្នុង​ពេល​លោក​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ​ទៀត​ផង៖ «នែ៎​! នៅ​ក្នុង​ហ្នឹង បើ​សិន​មាន​នរណា​មួយ​ពាក់​ម៉ាស់ ខ្ញុំ​ដេញចេញ​! មាន​នរណា​ពាក់​ម៉ាស់​ទេ​? បើ​ពាក់​ម៉ាស់​ដេញចេញ​! នាយករដ្ឋមន្ត្រី​អត់​ពាក់​ម៉ាស់​ផង មក​ពាក់​ម៉ាស់​ស្អី​នៅ​កន្លែង​ហ្នឹង​! នេះ​ចេះ​អត់​មាន​នរណា​ពាក់​ម៉ាស់ បើ​ពាក់​ម៉ាស់​ខ្ញុំ​ដេញចេញ អត់​ឱ្យ​នៅ​ហ្នឹង​ទេ​! អ្ហែង​ទៅ​ស៊ី​ជាមួយ​ម៉ាស់ ទៅ​នៅ​ជាមួយ​ម៉ាស់​! ខ្លា​មិន​ខ្លាច ទៅ​ខ្លាច​អាចម៍​ខ្លា​! វា​ឆ្លល់​រឿង​កន្លែង​ហ្នឹង​! អត់​ទាន់​ងាប់​ម្នាក់​ផង ខ្មែរ​មិនទាន់​ឆ្លង​ម្នាក់​ផង»

ទោះជា​យ៉ាងណា និស្សិត​ខ្មែរ​មួយ​រូប​ដែល​ទើប​មកដល់​ប្រទេស​កម្ពុជា​ដោយ​ខ្លួនឯង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ជួយ​ជម្លៀស​និស្សិត​ខ្មែរ ដែល​ស្ថិត​ក្នុង​ទីក្រុង​វូហាន​នោះ ព្រោះ​ពួកគេ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង ហើយ​ជាពិសេស ទោះបីជា​ពួកគេ នៅ​ទីនោះ​ក៏​មិន​អាច​ជួយ​អ្វី​ដល់​រដ្ឋាភិបាល​ចិន​ដែរ។

យុវនិស្សិត​រូប​នេះ បន្ត​ថា ពួក​និស្សិត​ទាំងនោះ គឺជា​ធនធានមនុស្ស សម្រាប់​ជួយ​អភិវឌ្ឍ​កម្ពុជា​នា​ពេល​អនាគត ហើយ​ប្រសិនបើ​ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​បែបនេះ ធ្វើ​ឱ្យ​កើត​មានរឿង​អកុសល​ចំពោះ​និស្សិត​ទាំងនោះ​វិញ គឺជា​រឿង​ឈឺចាប់ និង​សោកស្ដាយ​សម្រាប់​ជាតិខ្មែរ ហើយ​រដ្ឋាភិបាល នឹង​ត្រូវ​មហាជន​ស្តី​បន្ទោស។

ចំពោះ​ករណី​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ឆ្លើយតប​យ៉ាង​ខ្លី​ថា រដ្ឋាភិបាល នៅ​មាន​ជំហរ មិន​បិទ​ជើង​ហោះហើរ​ពី​ចិន និង​មិន​ជម្លៀស​និស្សិត​ខ្មែរ ពី​ទីក្រុង​វូហាន​ដដែល «បាទ​នៅ​ដដែល​!»

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១ ខែ​កុម្ភៈ កម្ពុជា​មិន ទាន់​រក​ឃើញ​ករណី​ឆ្លង​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​នោះ​ទេ ក្រៅពី​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ហើយ​ដែល​លោក​អះអាង​ថា កំពុង​មាន​ស្ថានភាព​សុខភាព​ល្អ​ធម្មតា​នោះ​។ ក្រុម​គ្រូពេទ្យ​កម្ពុជា ក៏​រក​ឃើញ​ករណី​សង្ស័យ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់ ចេញ​រោគសញ្ញា​ជា​វិជ្ជមាន​នៅឡើយ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួង ជាច្រើន លើក តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រ សាសន៍​ថា នៅ​ពេល​ដែល​អង្គភាព​សុខភាព​លោក​(WHO) ប្រកាស​ដាក់​ពិភពលោក​ក្នុង​ភាព​អាសន្ន ដោយសារតែ​វីរុស​កូរ៉ូណា​នេះ គឺ​មានន័យថា មេរោគ​ដ៏​កាច​សហាវ​នេះ មិន​អាច​ថមថយ ឬ​មិនទាន់ រក​វិធី​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​បានទេ ដូច្នេះ​សម្រាប់​និស្សិត​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ចិន ជាពិសេស​ក្នុង​ទីក្រុង​វូហាន គឺ​មាន​ការ​ប្រឈម​ខ្លាំង​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល កម្ពុជា គួរតែ​ពិចារណា​ឡើងវិញ​ក្នុង​ការ​ចាត់វិធានការ​កម្រិត​ខ្ពស់​បំផុត ដើម្បី​ការពារ​សុវត្ថិភាព និង សុខុមាលភាព​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ដូចដែល​មាន​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ៖ «ពិចារណា​យក​គាត់​មក​ប្រទេស​កម្ពុជា​វិញ ក្នុង​រយៈពេល​ណាមួយ ហើយក៏​ចាំ​ជំងឺ​នេះ​ស្រាកស្រាន្ត​ទៅ ក៏​អាច​ឱ្យ​គាត់​ទៅវិញ​ទៅ ព្រោះថា រាល់​ថ្ងៃ​នេះ គាត់​អត់​បាន​រៀន​ដដែល​ទេ ដូច្នេះ​គាត់​មក​ក៏​អត់​មាន​ខាត់​ពេលវេលា​ក្នុង​ការ​រៀន​ដែរ ។ ម្យ៉ាង​ដែរ បើ​អាច​ឱ្យ​គាត់​បាន​មក​វិញ​ទាំង​ពួកគាត់​និង​គ្រួសារ ក៏​គាត់​មានការ​ត្រេកអរ​សប្បាយ​និង​ការ​កោត ស្ញប់ស្ញែង​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ដែរ ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​គឺជា​រឿង​សំខាន់​មួយ»

មាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំ ពារ​។ ចំណែក​មាត្រា​៣៥ ចែងថា សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​ដោយ​ហ្មត់ចត់​ដោយ​អង្គការ​រដ្ឋ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុ​ក​របស់​លោក ដោយ​សរសេរ​ឃ្លា​ថា “​គួរ​អនុវត្ត​ឃ្លា​នេះ​ក្នុង​រដ្ឋធម្មនុញ្ញ​៖ «គឺ​រដ្ឋ​យកចិត្តទុកដាក់​ជា​អាទិភាព ចំពោះ​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ»

កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​៣០ ខែ​មករា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​សេចក្តី​ប្រកាស ដាក់​ពិភពលោក​ក្នុង​ភាព​អាសន្ន​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ក្រោយ​ពិនិត្យ​ឃើញ​ថា មេរោគ​បង្ក​ឱ្យ​រលាក​សួត​នេះ បាន​សម្លាប់​មនុស្ស និង​ឆ្លង​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស កើន​ឡើងជា​លំដាប់​យ៉ាង​ឆាប់រហ័ស រហូត​ឆ្លង​ដល់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។

គិត​ត្រឹម​ថ្ងៃទី​១ ខែ​កុម្ភៈ មាន​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​ចិន​កើន​ដល់ ២៥៩​នាក់ និង​បាន​ឆ្លង​ដល់ មនុស្ស​ជាង​១​ម៉ឺន​នាក់។ ករណី​ឆ្លង​មេរោគ​នេះ បាន​រីក​រាលដាល ដល់​ប្រទេស​ចំនួន ២៣ នៅ​លើ​ពិភពលោក រួម​ទាំង​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

coronavirus will visit evil dictator's home soon no later...SARS+CORONAvirus will strike hards against evildoer HS...

We wishing the Viet/China deadly zombie coronavirus agent will hand over this virus to evil's"HS" home and family incoming day.Tell this stupid moron go ahead with bring all his family to help the Chinses as soon as possible,because the China's coronavirus need a black-ish family like them to help now.This only a stupid moron like him that can help them overthere.Khmer pple wish him and his family stay there...no more come back to Cambodia 4ever.God bless all khmer pple and wishing dead to evil dictator"HS"in hellfires.

Feb 02, 2020 10:53 AM

គេហទំព័រ​ទាំងមូល