ពលរដ្ឋរស់នៅតាមបណ្តាលខេត្តមួយចំនួន និងរាជធានីភ្នំពេញ ភ័យខ្លាចក្នុងការបរិភោគសាច់ជ្រូក បន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរីករាលដាល់ កាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា។ មន្ត្រីសង្គមស៊ីវិលបារម្ភថា ឥទ្ធិពលជំងឺនេះ បង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក ជាពិសេសគឺ ជីវភាពរបស់អាជីវករលក់សាច់ជ្រូកតាមទីផ្សារ។
ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋចាត់ទុក ការរីករាលដាលជំងឺប៉េស្តជ្រូកកាន់តែខ្លាំងឡើងមានន័យថា វិធានការទាំងឡាយរបស់រដ្ឋាភិបាល គឺគ្មានប្រសិទ្ធភាព។ ពួកគេមើលឃើញថា មកទល់ពេលនេះ មិនទាន់ឃើញមានសមត្ថកិច្ចព្រំដែនណាមួយ ទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ ពាក់ព័ន្ធការឃុបឃិតជាមួយពាណិជ្ជករវៀតណាមបណ្តោយ ឲ្យនាំជ្រូកចូលកម្ពុជា។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិគង់ធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក សេវ វ៉ាន់លី ឲ្យដឹងថា ជំងឺប៉េស្តជ្រូកនេះ បានសម្លាប់ជ្រូកអ្នកភូមិដែលចិញ្ចឹមលក្ខណៈប្រពៃណី ស្ទើរតែដាច់ពូជ ហើយមកទល់ពេលនេះ ជំងឺនេះបានឆ្លងរាលដាលកាន់តែខ្លាំងដល់តំបន់ផ្សេងទៀតក្នុងខេត្តរតនគិរី។ លោកថា កាលពីអំឡុងខែមីនាកន្លងទៅ ជំងឺប៉េស្តជ្រូក បានឆ្លងចូលជាលើកដំបូងក្នុងឃុំសោមធំជាប់ព្រំដែនកម្ពុជា-រៀតណាម បន្ទាប់មកឆ្លងចូលឃុំយ៉ាទុង និងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។ លោកថា អ្នកភូមិកំពុងភ័យខ្លាចមិនហ៊ានបរិភោគសាច់ជ្រូកនោះទេ៖ «សម្រាប់នៅស្រុកអូរយ៉ាដាវ កើតជំងឺខែ៣ សម្រាប់នៅឃុំប៉ាតេ ជ្រូកកើតជំងឺតាំងពីខែ៤ វាងាប់អស់រលីងគ្មានសល់។ បើអ្នកភូមិត្រូវការជ្រូកសែនព្រេនក៏គ្មានដែរ ទោះបីមានក៏គាត់មិនហ៊ានហូបដែរ ព្រោះគាត់ហូបអាចប៉ះពាល់សុខភាពរបស់គាត់ » ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ឈុំ ឈឿន ឲ្យដឹងថា គ្រួសារលោកបានផ្អាកបរិភោគសាច់ជ្រូកជាច្រើនខែមកហើយ ព្រោះភ័យខ្លាចជំងឺដ៏សាហាវនេះ។ លោកថា កសិករភាគច្រើនបានខ្ចីបុលពីធនាគារ ដើម្បីធ្វើដើមទុនចិញ្ចឹមជ្រូក លក់បង្វិលសងម្ចាស់បំណុលវិញ តែបើជំងឺនេះផ្ទុះឡើងហើយនោះ ពួកគេនឹងប្រឈមខាតបង់ប្រាក់ចំណូល និងជីវភាពធ្លាក់ចុះ៖ « ពេលមានជំងឺនេះកើតមក ប្រាកដកជាប្រឈមការខាតបង់ ខ្លះគាត់យកលុយធនាគារ មកខ្ចីបុលគេមកប្រើអ៊ីចឹងទៅ ធ្វើឲ្យគាត់ខាតបង់ គាត់លំបាកបង្វិលអាចជាបញ្ហាធ្ងន់ ធ្វើឲ្យគាត់ប្រឈមលក់ផ្ទះសម្បែង និងដីធ្លី ដើម្បីសងធនាគារទាំងអស់នោះ » ។
ថ្មីៗ នេះ ក្រសួងកសិកម្ម សម្រេចផ្អាកជាបណ្តោះអាសន្ន ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ចេញពីតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។ លើសពីនេះ ក្រសួងនឹងចាត់បញ្ជូនមន្ត្រីជំនាញបសុព្យាបាល ចុះពិនិត្យ និងវិភាគ នៅតំបន់ផ្ទុកជម្ងឺ ដើម្បីរកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្នុងករណី ពុំមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ក្រសួងនឹងអនុញ្ញាតឱ្យ អាជីវករលក់សត្វជ្រូកចេញពីតំបន់នោះ ដើម្បីផ្តល់លទ្ធភាពជូនប្រជាជនរក ប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមកន្លងមក។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការអធិប្បាយជុំវិញករណីនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៤ កក្កដា។
ទោះយ៉ាងណាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា ប្រាប់កាសែតក្នុងស្រុកថា ក្នុងចំណោមជ្រូកជាង ២ពាន់ក្បាល មានជ្រូក ៧៩៨ក្បាល ត្រូវបានសម្លាប់ចោល និងមានជ្រូកជាង ១ពាន់ក្បាលផ្សេងទៀតងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ លោកថា ក្រសួងកសិកម្ម បានបិទការនាំចូលជ្រូកពីវៀតណាម ក៏ប៉ុន្តែអនុញ្ញាតឲ្យនាំចូលជ្រូកពីថៃ ក្នុងចន្លោះពី ១.៥០០ក្បាល ទៅ ២.០០០ ដើម្បីផ្គត់ផ្គង់តម្រូវការពលរដ្ឋ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា ឥទ្ធិពលជំងឺប៉េស្តជ្រូកនេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កសិករ ហេតុនេះក្រសួងកសិកម្មត្រូវរកមធ្យោបាយចែករំលែក ការខាតបង់ របស់កសិករ តាមរយៈវិធានការឆ្លើយតបជាគោលនយោបាយ និងរកវិធានការទប់ទល់ជំងឺនេះមិនឲ្យឆ្លងរាលដាលកាន់តែខ្លាំង។ លោកថា រដ្ឋាភិបាលមិនគួរព្រងើយកន្តើយ ចំពោះកសិករដែលខាតបង់ដោយសារជំងឺនេះទេ ព្រោះមូលហេតុនៃការឆ្លងជំងឺនេះមកកម្ពុជា ដោយសារការអនុវត្តច្បាប់របស់សមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន៖ «រដ្ឋាភិបាលមិនគួរប្រងើយកន្តើយ ចំពោះកសិករដែលខាតបង់ផលប្រយោជន៍ដោយសារជំងឺនេះទេ តែដោយសារតែឥទ្ធិពលនៃការអនុវត្តច្បាប់ របស់មន្ត្រីនៅតាមព្រំដែនហ្នឹង។ អ៊ីចឹងរឿងជួយកសិករជាផ្នែកមួយ និងស៊ើបអង្កេតមន្ត្រី ដែលបើកដៃឲ្យនាំជ្រូកចូលពីវៀតណាម។ ខ្ញុំយល់ថា នេះជាបទល្មើសធ្ងន់ តែមកដល់ពេលនេះមិនទាន់មានមន្ត្រីអនុវត្តច្បាប់ណាមួយ ត្រូវប្រឈមុខផ្លូវច្បាប់នៅឡើយទេ » ។
មកទល់ពេលនេះជំងឺប៉េស្តជ្រូក បានឆ្លងរាលដាល ដល់ខេត្តចំនួន ៥ សុទ្ធសឹងជាខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាម រួមមាន ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តស្វាយរៀង។ កាលពីចុងខែមីនា ឆ្នាំ២០១៩ ជំងឺប៉េស្តជ្រូក បានឆ្លងជាលើកដំបូង ចូលក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានជ្រូក ២.១៤០ក្បាល ត្រូវបានសម្លាប់ចោល និងងាប់ ហើយកាលពីរ សប្តាហ៍មុន សត្វជ្រូករបស់ពលរដ្ឋជាង ៥០០ក្បាល នៅខេត្តកណ្តាល ក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាតបានស្លាប់ដោយសារជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
