ពលរដ្ឋខ្លះត្អូញថា អ្នកលក់ម៉ាស់មួយចំនួននៅក្រុងភ្នំពេញ ឆ្លៀតឱកាសតម្លៃថ្លៃម៉ាស់ទ្វេដង ស្របពេលដែលពលរដ្ឋកំពុងសម្រុកទិញម៉ាស់ប្រើប្រាស់ ដើម្បីការពារជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយ វីរុសកូរ៉ូណា(Corona Virus)។ ពលរដ្ឋថា សារព្រមានរបស់រដ្ឋាភិបាលថា នឹងចាត់វិធានការលើអ្នកលក់ម៉ាស់ដំឡើងថ្លៃ គឺគ្មានប្រសិទ្ធភាពនោះទេ។
ពលរដ្ឋមួយចំនួនរស់នៅ ក្រុងភ្នំពេញ និងខេត្តកំពង់ចាម ឱ្យដឹងនៅថ្ងៃទី២៧ មករាថា ស្របពេលដែល វីរុសកូរ៉ូណា (Corona Virus) កំពុងផ្ទុះខ្លាំងនៅប្រទេសចិន និងរាតត្បាតដល់ប្រទេសជិតខាងកម្ពុជា ពលរដ្ឋខ្មែរបានសម្រុកទិញម៉ាស់ពាក់ការពារ ក៏ប៉ុន្តែពួកគេរអ៊ូថា អ្នកលក់ម៉ាស់នៅតាមហាងមួយចំនួន បានឆក់ឱកាសតម្លៃថ្លៃទ្វេដង។
ពលរដ្ឋរស់នៅក្រុងភ្នំពេញ កញ្ញា ខាត់ ឆវី ថ្លែងថា ថ្ងៃធម្មតាម៉ាស់មួយប្រអប់ ដែលមានចំនួន ៥០ម៉ាស់ មានតម្លៃ ១ម៉ឺនរៀល ឬស្មើនឹង ២ ដុល្លារ ៥០សេន ក៏ប៉ុន្តែនៅរយៈពេលប៉ុន្មានថ្ងៃនេះ ម៉ាស់មានតម្លៃរហូតដល់ ៨ដុល្លារ ឬស្មើ ៣ម៉ឺន ២ពាន់រៀលក្នុងមួយប្រអប់។ កញ្ញាត្អូញថា ការឆ្លៀតឱកាសដំឡើងថ្លៃបែបនេះ គឺជាសញ្ញាបង្ហាញពីទង្វើអសីលធម៌សង្គម និងភាពទន់ខ្សោយនៃការអនុវត្តច្បាប់របស់រដ្ឋាភិបាល ក្នុងការការពារសុខុមាលភាពពលរដ្ឋ៖ «ជាធម្មតា ម៉ាស់ហ្នឹងតែ ៣ម៉ាស់ ៥០០រៀល ហើយមួយដុំហ្នឹងវា ៥០ម៉ាស់។ អ៊ីចឹងយើងគិតថា ម៉ាស់១ = ២០០រៀល ៥០ម៉ាស់ តែ ១ម៉ឺនរៀលហ្នឹង។ ហើយឥឡូវវាឡើងដល់ ៨ដុល្លារ ( ម៉ាស់មួយប្រអប់ ) អ៊ីចឹងវាឡើងទ្វេមួយជា ២ ជា ៣។ ហ្នឹងហើយ ៨ដុល្លារ គ្រាន់តែមកដល់ទិញនៅហ្នឹងគេគ្រាន់ប្រាប់ថា ម៉ាស់ឥឡូវឡើងថ្លៃ ៨ដុល្លារ នៅម្តុំថ្នាំពេទ្យផ្សារតាប៉ាង » ។
ចំណែក ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ទៀត លោក សុត បាន សង្កេតឃើញថា មិនត្រឹមតែនៅរាជធានីភ្នំពេញទេ នៅខេត្តសៀមរាប ក៏មានករណីដំឡើងថ្លៃម៉ាស់នេះកើតឡើងដូចគ្នាដែរ។ លោកអំពាវនាវឱ្យក្រសួងសុខាភិបាលចាត់វិធានការតាមច្បាប់ លើម្ចាស់ហាងទាំងឡាយណា ដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ នៅគ្រាដែលពលរដ្ឋកំពុងសម្រុកទិញ ដើម្បីពាក់ការពារជំងឺប្រភេទថ្មីនេះ៖ «ឃើញថា ខាងរាជរដ្ឋាភិបាលធ្វើអ្វីមួយ មិនទាន់មានប្រសិទ្ធភាព ដោយសារតែឈ្មួញកណ្ដាលមួយចំនួនគាត់អត់បានគោរពតាមទេ។ ក្នុងខណៈពេលហ្នឹងគាត់នៅតែបន្តលក់ ហើយរដ្ឋាភិបាលចេះគំរាមកំហែងថា ចាប់ចេះចាប់ចុះ ប៉ុន្តែឈ្មួញនៅតែលក់ដដែល » ។
ដោយឡែក ពលរដ្ឋនៅខេត្តកំពង់ចាម លោក ឃឹម សុខុម សង្កេតឃើញថា សេចក្ដីប្រកាសរបស់រដ្ឋាភិបាលដែលព្រមានអ្នកលក់ម៉ាស់មិនឱ្យឡើងថ្លៃ គឺគ្មានប្រសិទ្ធភាពនោះទេ។ លោកថា ការឆ្លៀតឱកាសដំឡើងថ្លៃបែបនេះ អ្នកដែលប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺពលរដ្ឋក្រីក្រ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយរឿងនេះ មិនមែនគ្រាន់តែប្រកាសឱ្យតែល្អមើលនោះទេ៖ «ខ្ញុំគិតថា ដើម្បីឱ្យវិធានការហ្នឹងវា ជាក់លាក់ពិតប្រាកដមែន មួយគឺរដ្ឋាភិបាលខ្លួនឯងតែម្តង។ ខ្ញុំគិតថា រឿងប៉ុណ្ណឹង ដូចជារឿងស្រាលទេតិចតួចទេ គ្រាន់តែម៉ាស់ប៉ុណ្ណឹង ប្រសិនបើរឿងហ្នឹងវាចាំបាច់ ទាក់ទងសុខភាពពលរដ្ឋ ដល់ម្ល៉ឹងគាត់គួរតែកេងហ្នឹង គាត់គួរតែកេងប្រជាប្រិយភាព រឿងម៉ាស់ប៉ុណ្ណឹង រដ្ឋាភិបាលគាត់គួរតែចែក Free ឱ្យពលរដ្ឋតែម្តង ដើម្បីឱ្យគាត់មានទំនុកចិត្ត ហើយនេះជាសុខភាពរបស់ពលរដ្ឋខ្លួនឯងតែម្ដង » ។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទព័ត៌មាននៅព្រឹកថ្ងៃទី២៧ មករា ដោយព្រមានថា ប្រសិនបើអ្នកលក់ម៉ាស់ (Mask) ហ៊ានដំឡើងថ្លៃ ពួកគេអាចនឹងប្រឈមជាប់ទោសក្នុងពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់ ៥ឆ្នាំ។ អ្នកនាំពាក្យរូបនេះ សំណូមពរឱ្យ អ្នកលក់ម៉ាស់ទាំងអស់ កុំធ្វើព្យុះភ្លៀង ក្នុងពេលដែលពលរដ្ឋកំពុងមានតម្រូវការចាំបាច់៖ «ពេលនេះដែរ សូមសំណូមពរដល់ពាណិជ្ជករ ដែលអ្នកលក់ម៉ាស់ កុំធ្វើព្យុះធ្វើភ្លៀង ព្រោះការពារជំងឺនេះ គឺជាការការពារជំងឺទូទៅ មិនមែនគ្រាន់តែក្នុងព្រះរាជាណាចក្រកម្ពុជាទេ គឺទូទាំងពិភពលោក។ បើកាលណាដំឡើងថ្លៃម៉ាស់ហ្នឹង គឺជាបទវិច្ឆេទកម្ម ដែលយើងអាចចោទជា បញ្ហាហ្នឹងបាន។ សូមរក្សាតម្លៃដដែល ដើម្បីផ្ដល់លទ្ធភាពដល់ពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ ដែលលោកអាចប្រើប្រាស់បាន » ។
ទោះជាបែបនេះក្តី ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃម៉ាស់ឡើងខ្ពស់ទ្វេ១ ជា ៣ ហើយមិនទាន់ឃើញមន្ត្រីរដ្ឋាភិបាលណា ចុះអនុវត្តច្បាប់នៅឡើយទេ។ លោកយល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវមានយុទ្ធនាការ ចែកម៉ាស់មានគុណភាពខ្ពស់ដោយមិនគិតថ្លៃ ដល់ពលរដ្ឋក្រីក្រ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ជាពិសេស ត្រូវចុះអនុវត្តច្បាប់ លើម្ចាស់ហាងទាំងឡាយណា ដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់៖ «កន្លងមកប៉ុន្មានថ្ងៃនេះ តម្លៃម៉ាស់ទ្វេ ១ ជា ២ ជា ៣ ឯណោះ ហើយអ្នកនាំពាក្យរដ្ឋាភិបាលគាត់គ្រាន់ប្រកាសឱ្យតែសាធារណជន ដឹងថា រដ្ឋាភិបាលប្រកាសដែលតែប៉ុណ្ណោះ តែតាមការពិតគ្រាន់តែប្រកាសហើយអ្នកឡើង គឺគេឡើងតាមអំពើចិត្តអ៊ីចឹងទៅ។ ប្រកាសគ្មានយន្តការ គឺជារឿងមួយដែល យើងមិនទើបឃើញឥឡូវទេ គ្រប់សាច់រឿង។ ប្រកាសគ្មានយន្តការ គឺស្មើនឹងអត់ប្រកាសដដែល » ។
ក្រសួងសុខាភិបាល នៅថ្ងៃទី ២៧មករា បានអំពាវនាវឱ្យអ្នកលក់ម៉ាស់ទាំងអស់ (Mask) កុំដំឡើងថ្លៃ ដើម្បីផ្ដល់លទ្ធភាពឱ្យពលរដ្ឋក្រីក្រ អាចទិញប្រើប្រាស់បាន ចូលរួមទប់ស្កាត់ជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។