ក្រសួងសុខាភិបាល សហការជាមួយសាលារាជធានីភ្នំពេញ សង់មណ្ឌលចត្ដាឡីស័ក ចំនួន៤ អគារ លើផ្ទៃដីប្រមាណ ១ហិកតារ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អគារចត្តាឡីស័កនេះ បានសាងសង់កាលពីខែកញ្ញា ហើយនឹងដាក់ឱ្យប្រើប្រាស់នៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខ ក្រោយពីសង់រួចរាល់។ អគារនេះ អាចដាក់មនុស្សបាន ៤៦០នាក់។ ក្រសួងក៏នឹងមានផែនការពង្រីកអគារចំនួន២ ទៀត ដើម្បីដាក់មនុស្សសម្រាប់ធ្វើចត្ដាឡីស័កឱ្យបាន ៨០០នាក់ ដែលចំណាយថវិកាសរុបជិត ៨០ម៉ឺនដុល្លារ ( ៧៩ម៉ឺនដុល្លារ) ជាថវិការបស់រដ្ឋាភិបាល។
ដោយឡែក មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ វិញ មានដូចជា នៅមន្ទីរពេទ្យមិត្រភាព ខ្មែរ-សូវៀត (មានបន្ទប់ VIP និងសង្គ្រោះបន្ទាន់), មណ្ឌលសុខភាពចក្រអង្រែក្រោម, និងនៅមជ្ឈមណ្ឌលកម្ចាត់មេរោគរបេង និងហង់សិន ជាដើម (មានអគារសង្គ្រោះបន្ទាន់)។
របាយការណ៍របស់ក្រសួងសុខាភិបាល ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៩២នាក់ (ស្ត្រី ៦០នាក់ ប្រុស ២៣២នាក់) ក្នុងនោះ អ្នកព្យាបាលជាសះស្បើយសរុប ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។