ក្រសួង​អប់រំ​ថា ការ​រៃ​អង្គាស​ប្រាក់​ចូលរួម​ក្នុងដំណើរការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រចិត្ត

ក្រសួង​អប់រំ យុវជន និង​កីឡា​អះអាង​ថា ការ​រៃអង្គាស​ថវិកា​នៅ​តាមគ្រឹះស្ថានសិក្សាឯកជន​ដើម្បី​ចូលរួម​ក្នុង​ដំណើរការចាក់​វ៉ាក់សាំង​កូវីដ​-១៩ គឺជា​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​ស្ថាប័ន ឬ​អង្គភាព​ទាំងនោះ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា ប្រាប់​អាស៊ីសេរី​ថា ការ​អំពាវនាវ​របស់​ស្ថាប័ន​មួយចំនួន​ឱ្យ​បុគ្គលិក ឬ​អង្គភាព​ក្រោម​ឱវាទ ចូលរួម​បរិច្ចាគ​ថវិកា​ដើម្បី ​ចូលរួម​ក្នុង​ដំណើរការចាក់វ៉ាក់សាំងកូវីដ​-១៩ នោះ ជា​រឿង​ស្ម័គ្រចិត្ត មិនមែន​ជា​ការ​បង្ខិតបង្ខំ​នោះ​ទេ​។ លោក​បញ្ជាក់​ថា ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ​សាធារណៈ និង​ឯកជន​ជាង ១ សែន ៦ ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស តាម​គោលការណ៍​ស្ម័គ្រចិត្ត ចាប់ពី​ថ្ងៃទី១ មេសា តទៅ៖ «គឺ​ជា​ការ​ស្ម័គ្រចិត្ត​ចូលរួម​រៀបចំ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង ដោយមាន​ការ​ស្ម័គ្រចិត្ត​ពី​អង្គភាព​ដែល​មាន​ការ​ស្ម័គ្រចិត្ត​ចូលរួម ដើម្បី​ឱ្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ មាន​ភាព​រលូន​ប្រកប​ទៅ​ដោយ​ការ​យក​ចិត្តទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ​តាម​ការ​ស្ម័គ្រចិត្ត​របស់​ពួកគាត់»។

ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​នេះ ធ្វើឡើង​បន្ទាប់ពី​បុគ្គលិក​អប់រំ​មួយចំនួន បាន​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​រៃអង្គាស​ប្រាក់ ដើម្បី​​ចូលរួម​ក្នុង​ដំណើរការចាក់វ៉ាក់សាំង​កូ​វីដ​-១៩ ព្រោះ​ពួកគាត់​ថា នេះ​ជា​ការ​ដាក់បន្ទុក​បន្ថែម​ទៀត​លើ​ពួកគាត់​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ-១៩។

ពួកគាត់​អះអាង​ថា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា និង​ជា​នាយក​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ លោក ហេង វ៉ាន់ដា បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ដល់​សាលា​ឯកជន​ទាំងអស់​ដែល​ជា​សមាជិក​របស់​សមាគម ឲ្យ​ចូលរួម​ឧបត្ថម្ភ​ថវិកាចំពោះដំណើរការ​​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ។ ពួកគាត់​ថា លោក ហេង វ៉ាន់ដា បាន​ផ្ញើ​សារ​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​រំលឹក​ឲ្យ​សាលារៀន​ទាំងអស់​បង់​ថវិកា ប៉ុន្តែ មិនបាន​បញ្ជាក់​ច្បាស់​ថា ថវិកា​ដែល​ប្រមូល​បាន​នឹង​យក​ទៅ​ចាត់ចែង​យ៉ាង​ដូចម្តេច​នោះ​ទេ។

អាស៊ីសេរី​បាន​ទាក់ទង​ទៅ លោក ហេង វ៉ាន់ដា ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ តែ​លោក​បាន​បដិសេធ​ការអធិប្បាយ រួច​ក៏​ចុច​ផ្តាច់​ទូរស័ព្ទ។

ទោះជា​យ៉ាងណា បុគ្គលិក​អប់រំ ចាត់​ទុកថា ការ​ប្រមូល​ថវិកា​នេះ គឺជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​រដ្ឋាភិបាល បាន​ប្រកាស​ថា នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ៕

*អត្ថបទ​មាន​ការ​កែតម្រូវ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​អះអាង​ថា ការ​រៃអង្គាស​ថវិកា​នៅ​តាម​គ្រឹះស្ថានសិក្សាឯកជន​ដើម្បី​រៀបចំដំណើរការចាក់​វ៉ាក់សាំង​កូវីដ​-១៩ មិនមែន​ជា​ការ​រៃអង្គាស​ថវិកា​ទិញវ៉ាក់សំាង​នោះ​ទេ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។