កម្ពុជា​រក​ឃើញ​អ្នក​ជំងឺ​កូវីដ​៩​នាក់​បន្ថែម​ទៀត​នាំ​ចូល​ពី​ឥណ្ឌូណេស៊ី និង​អ្នក​ជា​សះស្បើយ​ម្នាក់

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី២៧ មិថុនា បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី ៩​ករណី​បន្ថែម​ទៀត លើ​ជនជាតិ​ខ្មែរ​ប្រាំ​បី​នាក់ និង​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់។ ស្របគ្នា​នោះ​ដែរ ក្រសួង​សុខាភិបាល បាន​ប្រកាស​ករណី​ជាសះស្បើយ​ម្នាក់​ផង​ដែរ ជា​ជនជាតិ​ខ្មែរ សញ្ជាតិ​អាមេរិកាំង​នៅ​ថ្ងៃ​ដដែល​នេះ​។​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នកជំងឺ​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី ២២​ឆ្នាំទៅ ២៦​ឆ្នាំ ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​នេះ ពេល​ធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​វិភាគ ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃ​ទី២៦ មិថុនា។ បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​៩​នាក់​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

អ្នកដំណើរ​ដែល​បាន​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ​ទាំង​៩​នាក់​នេះ សរុប​ចំនួន ៤០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ២៤​នាក់ ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន ១៥​នាក់ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ដាក់​ឱ្យ​ធ្វើ​ចត្តាឡឺស័ក​ចំនួន​១៤​ថ្ងៃ នៅ​តាម​មណ្ឌល​ខេត្ត​ដែល​ពួកគេ​រស់នៅ និង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព​របស់​ពួកគេ​បន្ត​ទៀត។

ក្រសួង​សុខាភិបាល​ក៏​ឱ្យ​ដឹង​ដែរ​ថា អ្នកជំងឺ​កូវីដ-១៩ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ម្នាក់​ទៀត បាន​ជា​សះស្បើយ គឺជា​បុរស​ជនជាតិ​ខ្មែរ សញ្ជាតិ​អាមេរិកាំង អាយុ​៦៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់ប្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អាមេរិក។ បុរស​រូប​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ បន្ទាប់ពី​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំនួន ២​ដង។

គិត​ត្រឹម​ថ្ងៃ​ទី២៧ មិថុនាថថរ៥៦៩ ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ សរុប​ទូទាំង​ប្រទេស​កើន​ដល់​ចំនួន ១៣៩​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ ១២៩​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន ១០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។