ក្រសួង​សុខា​ភិបាល​ប្រកាស​រក​ឃើញ​មេរោគ​កូវីដ​ ១៩​ បំប្លែង​ខ្លួន​ថ្មី​ លើ​អ្នក​ដំណើរ​ជាជនបរទេស​ ៣​នាក់

ហេង រស្មី
2021-02-15
Share
ក្រសួង​សុខា​ភិបាល​ប្រកាស​រក​ឃើញ​មេរោគ​កូវីដ​ ១៩​ បំប្លែង​ខ្លួន​ថ្មី​ លើ​អ្នក​ដំណើរ​ជាជនបរទេស​ ៣​នាក់
រូបថត៖​ អាស៊ីសេរី​

ក្រសួង​សុខាភិបាល​ប្រកាស​​​នៅ​ថ្ងៃច័ន្ទ​ ​ទី​១៥ ​កុម្ភៈ​ថា ក្រសួង​បាន​រក​ឃើញ​មេរោគ​កូវីដ១៩​ កម្លាយ​ ឬ​បំប្លែង​ខ្លួន​ថ្មី​ លើ​​អ្នក​ដំណើរ​ជនបរទេស​ ៣​នាក់​ ដែល​បាន​ហោះ​ហើរ​​ពី​​ប្រទេស​សិង្ហបុរី និង​ប្រទេស​កូរ៉េខាងត្បូង​ ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ​។

ក្រសួង​សុខាភិបាល​ ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​បាន​រក​ឃើញ​នោះ​ មាន​ជនជាតិ​ឥណ្ឌា​ពីរ​នាក់​ អាយុ ២៣ឆ្នាំ​ និង​ ២៨ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា​ បន្ត​តាម​ជើង​យន្តហោះ​ពី​ប្រទេស​សិង្ហបុរី​ មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី៣​ កុម្ភៈ​។​​ ចំណែក​ម្នាក់​ទៀត​គឺ​ស្ត្រី​ជនជាតិ​ចិន​ អាយុ​​ ២៦ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ បន្ត​ជើង​ហោះហើរ​​នៅ​ប្រទេស​កូរ៉េខាងត្បូង​ ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧​ កុម្ភៈ​។​

បច្ចុប្បន្ន​អ្នក​ជំងឺ​ទាំង​ ៣​នាក់​ ត្រូវ​ដាក់​ឱ្យ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ ​កម្ចាត់​រោគ​របេង​ និង​ហង់សិន​ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា​ ការ​វិវត្តន៍​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ ជា​ពិសេស​ការ​ចរាចរ​នៃ​មេរោគ​​កូវី​១៩​ ដែល​បាន​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​ ដែល​អង្គការ​សុខភាព​ពិភព​លោក​បាន​រក​ឃើញ​ មាន​ភាព​ឆ្លង​សាហាវ​ហើយ​លឿន​ និង​ធ្ងន់ធ្ងរ​ជាង​មេរោគ​ កូវីដ១៩​។ ​

​​មេរោគ​​កូវី​១៩​ ដែល​បាន​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី ប្រភេទ​ ប៊ីវ័នប៊ីវ័នប្រាំពីរ (B.1.1.7)​ បាន​រីករាល​ដាល​ប្រមាណ​ជាង​ ៨០​ប្រទេស​ហើយ​នៅ​លើ​សកល​លោក​យើង​នេះ ហើយ​មាន​ជាង ​៣០០​ករណី​ រក​ឃើញ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាង​ ១០​ប្រទេស​ នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​ខាង​លិច​។ ​វត្តមាន​មេរោគ​កូវីដ​១៩​ បំប្លែង​ខ្លួន​ថ្មី​ ដែល​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​ក៏​មាន​នៅ​ក្នុង​តំបន់​អាស៊ាន​ និង​នៅ​ជិត​ខាង​កម្ពុជា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល