ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃច័ន្ទ ទី១៥ កុម្ភៈថា ក្រសួងបានរកឃើញមេរោគកូវីដ១៩ កម្លាយ ឬបំប្លែងខ្លួនថ្មី លើអ្នកដំណើរជនបរទេស ៣នាក់ ដែលបានហោះហើរពីប្រទេសសិង្ហបុរី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជាកាលពីដើមខែកុម្ភៈ។
ក្រសួងសុខាភិបាល បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្នុងចំណោមអ្នកជំងឺដែលបានរកឃើញនោះ មានជនជាតិឥណ្ឌាពីរនាក់ អាយុ ២៣ឆ្នាំ និង ២៨ឆ្នាំ បានធ្វើដំណើរពីប្រទេសឥណ្ឌា បន្តតាមជើងយន្តហោះពីប្រទេសសិង្ហបុរី មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣ កុម្ភៈ។ ចំណែកម្នាក់ទៀតគឺស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ បានធ្វើដំណើរពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៧ កុម្ភៈ។
បច្ចុប្បន្នអ្នកជំងឺទាំង ៣នាក់ ត្រូវដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន នៅក្នុងទីក្រុងភ្នំពេញ។
ក្រសួងសុខាភិបាលឱ្យដឹងថា ការវិវត្តន៍នៃការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសការចរាចរនៃមេរោគកូវី១៩ ដែលបានបំប្លែងខ្លួនប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកបានរកឃើញ មានភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងមេរោគ កូវីដ១៩។
មេរោគកូវី១៩ ដែលបានបំប្លែងខ្លួនប្រភេទថ្មី ប្រភេទ ប៊ីវ័នប៊ីវ័នប្រាំពីរ (B.1.1.7) បានរីករាលដាលប្រមាណជាង ៨០ប្រទេសហើយនៅលើសកលលោកយើងនេះ ហើយមានជាង ៣០០ករណី រកឃើញនៅក្នុងបណ្ដាប្រទេសជាង ១០ប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វិកខាងលិច។ វត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលនៅក្នុងចំណោមប្រទេសទាំងនោះក៏មាននៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។