"រដ្ឋាភិបាល​ត្រូវទទទួល​ខុសត្រូវ​ពី​ជីវភាព​រស់នៅ​និង​​សុខុមាលភាព​ពលរដ្ឋ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩"

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​មាន​តួនាទី​និង​កាតព្វកិច្ច​ផ្សេងគ្នា ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ។

តើ​រដ្ឋាភិបាល​កាតព្វកិច្ច​បែប​ណា​? ចុះ​ខាង​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី បែប​ណា​?

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវ​មាន​ករណីយកិច្ច ទំនួល​ខុសត្រូវ និង​ការ​យកចិត្តទុក​ដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ និង​ធានា​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អ្នកស្រី ចក់ សុភាព ថ្លែង​ថា អ្នក​ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ពលរដ្ឋ​នោះ គឺ​ស្ថាប័នរដ្ឋ​ដូចដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ អ្នកស្រី​បន្ត​ថា ទន្ទឹម​នឹង​គ្នា​នេះ តួអង្គ​ផ្សេងទៀត​ដូចជា សង្គម​ស៊ីវិល​ជាដើម​នោះ​គឺ​មាន​តួនាទី​ក្នុង​ការ​ចូលរួម​ជា​ចំណែក​ដើម្បី​ជួយ​បំពេញ​គ្នា​ទៅវិញទៅមក និង​មាន​សិទ្ធិ​ក្នុង​ការ​ការងារ​បំពេញ​ការងារ​ក្នុង​សង្គម​ជាតិ​ដែរ​៖ «កន្លងមក​រដ្ឋាភិបាល​ត្រូវធ្វើ​ការ​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​គឺ​ដើម្បី​បុព្វហេតុ​នៃ​សុខភាព​សាធារណៈ ហើយ​នេះ​ហើយ​គឺ​ចាំបាច់​គឺជា​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ប៉ុន្តែ​ដូច​យើង​បាន​ជជែក​មុន​នេះ​បន្តិច​ហើយ​ទន្ទឹម​នឹង​ការ​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ក្នុង​ការ​ទប់ស្កាត់​នោះ​ក៏​ត្រូវ​មាន​វិធានការ​គាំពារ​ដែរ​ដើម្បី​ធានា​ដល់​សុខុមាលភាព​ពលរដ្ឋ​ព្រោះ​បើ​យើង​គិតតែ​សុខភាព​សាធារណៈ​តែ​ម្យ៉ាង​ប៉ុន្តែ​ទន្ទឹម​នឹង​ជីវភាព​គាត់​លំបាក​ក៏​យើង​មិនអាច​ជម្នះ​នូវ​ឧបសគ្គ​នៃ​ការ​ឆ្លង​រីក​រាលដាល​ហ្នឹង​ដែរ ហើយ​យើង​មិន​អាច​សម្រេច​នូវ​គោលដៅ​នៃ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ហើយ ព្រោះ​យើង​ដឹង​ហើយ​មាន​ចំណោទ​រឿង​ក្រពះ និង​រឿង​សួត​ហ្នឹង​គឺ អ្នកខ្លះ​គាត់​លើក​ថា សួត​ខ្ញុំ​សំខាន់​ណាស់ តែបើ​យើង​យល់​អំពី​តួនាទី​នៃ​សរីរាង្គកាយ​ផ្នែក​ណាមួយ​នៃ​សរីរាង្គកាយ​យើង​ក៏​សំខាន់​ដែរ​។ អ៊ីចឹង​ទន្ទឹម​នឹង​យើង​យកចិត្តទុកដាក់​លើ​សួត ក្រពះ​ក៏​ត្រូវ​យកចិត្តទុកដាក់​ដូចគ្នា​។ រដ្ឋាភិបាល​មាន​ទំនួល​ខុសត្រូវ​សំខាន់​មែនទែន​ដែល​ត្រូវ​ការពារ​ដល់​អាយុជីវិត​ពលរដ្ឋ តាមរយៈ​ការធានា​ការទប់ស្កាត់ ហើយនឹង​ការ​ការពារ​ជំងឺ​កូវីដ និង​ជំងឺឆ្លង​ដទៃ​ហើយ ប៉ុន្តែ​ក៏​ត្រូវ​គាំពារ​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ដែរ»។

ការ​លើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល និង​អ្នកតំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់អំណាច​តែងតែ​អះអាង​ថា គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បានតែ​និយាយ​រិះគន់ ដោយ​មិនបាន​ជួយ​អ្វី​សោះ​ដល់​រដ្ឋាភិបាល ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ។

អតីត​នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ធ្វើ​ការងារ​នៅត្រង់​ចន្លោះប្រហោង​ដែល​រដ្ឋាភិបាល​មិន​បាន​ធ្វើ​។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​មាន​ការ​សម្របសម្រួល​ជាមួយ​តួអង្គ​ផ្សេងៗ​ក្នុង​សង្គម ដូចជា​សង្គម​ស៊ីវិល​ជាដើម ដើម្បី​អាច​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​លំបាក​នេះ​៖ «បញ្ហា​បន្ទាន់​គឺ​រឿង​ម្ហូបអាហារ​របស់​ប្រជាពលរដ្ឋ ក្នុង​រឿង​នេះ​ត្រូវតែ​កោះហៅ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ប៉ុន្មាន​ទៅ​ប្រជុំ​ធ្វើ​ម៉េច​សម្របសម្រួល​ជាមួយ​នឹង អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រជា​ពលរដ្ឋ​អាច​ធ្វើ​បាន​។ ហើយ​បើ​កន្លែង​បោះ​ដុំ​ដែល​ឥឡូវ​ហ្នឹង​ផ្សារ​ផ្សេងៗ​ត្រូវ​បិទ​វា​ជា​រឿង​មួយ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតផល​ខ្លាំង​ណាស់ ដូច្នេះ​ត្រូវតែ​បើក​ផ្សារ​អស់​នេះ និង​ត្រូវតែ​មាន​វិធានការ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ឆ្លង គឺ​មានន័យថា ហ៊ុមព័ទ្ធ​កន្លែង​ផ្សារ​ឱ្យ​មនុស្ស​ចូល​ឱ្យ​មាន​ចំនួន​ឱ្យ​ពាក់​ម៉ាស់ ពេល​ទិញ​ពេល​អី​គឺ​ត្រូវ​មាន​វិធានការ​១​ម៉ែត្រ​កន្លះ​ពី​គ្នា​។ អ្នក​លក់​នោះ​ត្រូវ​តែ​មើល​គាត់​អត់​មាន​ឈឺ​អី បើ​មិន​អ៊ីចឹង​ទេ​ត្រូវ​ធ្វើតេស្ត​គាត់​រៀងរាល់​ថ្ងៃ ឬ​អាទិត្យ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា គាត់​អត់​មាន​ជំងឺ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ»។

ការ​រីករាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​ជា​លើក​ទី​៣ រហូត​រដ្ឋាភិបាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​តំបន់​ខ្លះ​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​មួយចំនួន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ដោយសារ​ការ​ខ្វះខាត​ស្បៀង​អាហារ។

ពលរដ្ឋ​នាំគ្នា​ដង្ហោយ​រក​សុំ ជំនួយ​សង្គ្រោះ​បន្ទាន់ គ្រា​ដែល​ពួកគាត់​បាត់បង់​ចំណូល និង​សុំ​ឱ្យ​ផ្អាក​សងបំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ខ្លះទៀត ក៏​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ចុះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង និង​ថ្លៃ​ផ្ទះ រួម​ទាំង​បន្ទប់​ជួល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។