អាណាព្យាបាល​កុមារ រងគ្រោះ​ដោយសារ​ទឹកដោះគោ​នូទ្រីលេត ស្នើ​ឱ្យ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌ ដើម្បី​បញ្ចប់​រឿងក្ដី

0:00 / 0:00

អាណាព្យាបាល​កុមារ​រងគ្រោះ​ជាង ២០គ្រួសារ ស្នើ​ឱ្យ​តុលាការ​កំពូល​កាត់ក្ដី ផ្ដល់​ភាព​យុត្តិធម៌​ឱ្យ​ពួកគាត់ ក្នុង​សំណុំរឿង ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) ដែល​បាន​ធ្វើ​ឱ្យ​កូន​ៗ ​ពួកគាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ក្រោយ​ប្រើប្រាស់​ផលិតផល​គ្មាន​គុណភាព​មួយ​នេះ។ មន្ត្រី​អង្គការសង្គម​ស៊ីវិល ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​ការ​កាត់ក្ដី​ក្នុង​សំណុំរឿង​នេះ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌ និង​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ប៉ះប៉ូវ​ដល់​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ។

អាណាព្យាបាល​កុមារ​រងគ្រោះ ដោយសារ​ផឹក​ម្សៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន នូទ្រីលេត (Nutrilatt) ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​កាលពី ៣​ឆ្នាំមុន រំពឹង​ថា តុលាការ​កំពូល នឹង​បញ្ចប់​សំណុំរឿង​មួយ​នេះ ដោយ​រក្សា​ការ​សម្រេច​របស់​សាលាដំបូង ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ឱ្យ​កូន​ៗ របស់​ពួកគាត់។

ម្ដាយ​ក្មេង​រងគ្រោះ គឺ​លោកស្រី ជួន ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ថា លោកស្រី​រំពឹង​ថា​ការប្រកាស​សាលដីកា​របស់​តុលាការជាន់ខ្ពស់​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ នឹង​កាត់ក្ដី​ឱ្យ​ពួកគាត់​ឈ្នះ​លើ​សំណុំរឿង​ប្ដឹងផ្ដល់​ជាមួយ ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) ដោយ​បញ្ចូល​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចូល​ជាស្ថាពរ។ លោកស្រី​ស្នើ​ឱ្យ តុលាការ​កំពូល​បញ្ចប់​រឿងក្ដី​មួយ​នេះ​ត្រឹម​ថ្ងៃ​ប្រកាស​សាលដីកា ដោយ​លោកស្រី​ថា ការ​អូស​បន្លាយ​សំណុំរឿង​ដល់ទៅ​បី​ឆ្នាំ​វា​យូរ​ពេក​ហើយ​សម្រាប់​ក្មេង​រងគ្រោះ និង​ក្រុម​គ្រួសារ ដែល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ខាតបង់​ប្រាក់កាស​និង​ពេលវេលា ដោយសារ​ភាព​គ្មាន​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​មួយ​នេះ។

លោកស្រី ជួន ផល្លា៖«ស្នើសុំ​ឱ្យ​ពួកគាត់(តុលាការជាន់ខ្ពស់)ហ្នឹង​ជួយ​ដោះស្រាយ ហើយ​រក​ភាព​យុត្តិធម៌​ឱ្យ​ក្មេងៗ​រងគ្រោះ​ទាំង ២១គ្រួសារ​ហ្នឹង។ សូម​ឱ្យ​កាត់ក្ដី​ឆាប់​ចប់​ទៅ ព្រោះ​វាបី​ឆ្នាំ​ហើយ។ រឿងក្ដី​មួយ​ដល់ទៅ​បី​បួន​ឆ្នាំ ដូច​វា​យូរ​ពេក​ហើយ។ ប៉ះទង្គិច​ខ្លាំង​ហ្មង។ ទឹកដោះគោ​ហ្នឹង យើង​អត់​ដឹង ដូច​បញ្ច្រក​ថ្នាំពុល​កូន​អ៊ីចឹង បើ​យើង​មើល​អត់​ទាន់​មានតែ​ទៅ​ហើយ​កូន!»។

ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល គ្រោង​ប្រកាស​សាលដីកា​សំណុំរឿង ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលេត ម៉ាស្ទ័រ អិលអឹម (Nutrilatt Master LM Co., LTD) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ បន្ទាប់ពី​ខកខាន​កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដោយសារ មេធាវី​តំណាង​ឱ្យ​ក្រុមហ៊ុន​នេះ បាន​ស្នើសុំ​តុលាការ​ទម្លាក់​បទ​ចោទ លើ​កូនក្ដី​របស់​ខ្លួន ដោយ​លើក​ហេតុផល​ថា ផលិតផល​របស់​ក្រុមហ៊ុន គឺ​មានការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​គុណភាព និង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចែកចាយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ កំពូល​លោក យូរ ប៊ុនឡេង និង​តំណាង​ក្រុមហ៊ុន នូទ្រីលេត (Nutrilatt) ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ។

ទោះជា​យ៉ាងណាក្ដី អាណាព្យាបាល​កុមារ​រងគ្រោះថ្លែង​ថា គោលបំណង​របស់​មេធាវី​ក្រុមហ៊ុន ហាក់​មាន​ចេតនា​ចង់​អូស​បន្លាយពេល​វេលា ក្នុង​ការ​កាត់ក្ដី​រឿង​នេះ ព្រោះ​ភាគី​ក្រុមហ៊ុន​មិនដែល​ចូលខ្លួន​មក​បំភ្លឺ​នៅ​ក្នុង​សវនាការ​ឡើយ។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត រំពឹង​ថា តុលាការ​កំពូល នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​គ្រួសារ​កុមារ​រងគ្រោះ។ លោក​បន្ត​ថា ការ​ប្ដឹង​ជំទាស់ គឺជា​សិទ្ធិ​របស់​ភាគី​ទាំងសងខាង ក៏ប៉ុន្តែ​កត្តា​សំខាន់ នោះ​គឺ​យុត្តិធម៌​ចំពោះ​កុមារ និង​អាណាព្យាបាល ដែល​រងគ្រោះ ប៉ះពាល់​ដល់​សុខភាព និង​ចំណាយ​លើ​ការ​ព្យាបាល។

លោក អំ សំអាត៖«ក្រុមហ៊ុន ដែល​គាត់​លក់​ផលិតផល មិន​មានគុណ​ភាព ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទារក ត្រូវតែ​ទទួល​ខុសត្រូវ ចំពោះ​មុខ​ច្បាប់។ អ៊ីចឹង​យើង​សង្ឃឹម​ថា តុលាការ​កំពូល នៅតែ​ផ្ដល់​យុត្តិធម៌​សម្រាប់​ឪពុក​ម្ដាយ និង​កុមារ​រងគ្រោះ»។

នៅ​ខែ​មេសា ឆ្នាំ២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ គឺ​លោកស្រី ខុន កែវកេសី ដាក់​ពន្ធនាគារ​រយៈពេល ១០ខែ និង​ពិន័យ​ជា​ប្រាក់ ៨លាន​រៀល (៨.០០០.០០០) និង​បង្គាប់​ឱ្យ​ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ចន្លោះ​ពី​ ១ម៉ឺន(១០.០០០) ទៅ ​២ម៉ឺន​ដុល្លារ (២០.០០០) ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង។ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន បាន​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍ និង​បន្ត​ប្ដឹង​ជំទាស់​ដល់​តុលាការ​កំពូល ដោយ​មិនព្រម​ទទួលខុសត្រូវ​ចំពោះ​កំហុស​របស់​ខ្លួន​នោះ​ឡើយ។

អាណាព្យាបាល​ទារក​រងគ្រោះ​ទាំង ២១គ្រួសារ ស្នើ​ឱ្យស្ថាប័ន​តុលាការ​បញ្ចប់​សំណុំរឿង​មួយ​នេះ​ឱ្យ​បាន​ឆាប់ ព្រោះ​ពួកគាត់​មិន​ចង់​បន្ត​ឡើង​សវនាការ ដែល​តម្រូវ​ឱ្យ​រៀបរាប់ និង​បង្ហាញ​ពី​រូបភាព​នៃ​ការឈឺចាប់​របស់​កូន​ៗ ​ពួកគាត់​ម្ដង​ហើយ​ម្ដងទៀត​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។