អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរី នៅព្រលប់ថ្ងៃទី១៧ មីនា ថា រដ្ឋសភា បានចេញគោលការណ៍ឲ្យមន្ត្រីជំនាញធ្វើការងារតាមអនឡាញ (Online) ពីផ្ទះទៅរៀងៗខ្លួន ដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ១៩ (Covid-19)។
លោក ប្រាប់ថា មន្ត្រី ដែលធ្វើការតាមអនឡាញ ពីផ្ទះ គឺមន្ត្រីផ្នែកឯកសារ ព្រោះបារម្ភពីការឆ្លងជំងឺតាមរយៈឯកសារ ដែលគ្រប់ក្រសួងស្ថាប័ន បញ្ជូនទៅរដ្ឋសភា។ ឯមន្ត្រីក្នុងគណៈកម្មការជំនាញរដ្ឋសភា ក៏នឹងអាចធ្វើការតាមអនឡាញ ពីផ្ទះទៅដែរ លើកលែងតែកិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍ ឬកិច្ចប្រជុំសភា ដែលត្រូវទៅចូលរួមដោយផ្ទាល់ នៅរដ្ឋសភាជាតិ៖ « គឺថា មានការងារខ្លះ ដូចថា អាចធ្វើតាមអនឡាញបាន យើងធ្វើតាមអនឡាញ។ ការងារដូចជា ការងារឯកសារផ្សេងៗ ខាងទាក់ទង ខាងក្រសួងផ្សេងៗ យើងប្រើអនឡាញ ការងារបញ្ជូនព័ត៌មានយើងប្រើអនឡាញ។ តែបើការងារ ដែលប្រើអនឡាញមិនកើត យើងទៅធ្វើការធម្មតា។ ប្រជុំសភា ប្រជុំធម្មតា។ តែឥឡូវអត់ទាន់មានការសម្រេច ឬក៏បញ្ជាប្រជុំសភាហ្នឹងទេ»។
មកដល់ពេលនេះ មានតែរដ្ឋសភាតែមួយគត់ ដែលបានប្រកាសវិធានការធ្វើការងារតាមផ្ទះ ជាផ្លូវការ ដើម្បីបន្ថយហានិភ័យ ជំងឺ កូវីដ ១៩។ រីឯក្រសួង ស្ថាប័នផ្សេងទៀត មិនទាន់មានការប្រកាសពីវិធានការ ការងារតាមផ្ទះទេ។ លើកលែងក្រសួងចំនួន២ ដែលលេចធ្លាយសំឡេងរបស់រដ្ឋមន្ត្រី បង្គាប់ឲ្យបុគ្គលិក ធ្វើការងារតាមផ្ទះ ដើម្បីបន្ថយហានិភ័យជំងឺកូវីដ១៩ គឺ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងឧស្សាហកម្ម និងថាមពល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។