ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង បារម្ភពីបញ្ហាសុខភាព ក្រោយពីទទួលបានសារតាមទូរស័ព្ទជាសំឡេងនិងអក្សរ ពីអាជ្ញាធរកូរ៉េ ឱ្យប្រុងប្រយ័ត្នការពារខ្លួន ដើម្បីជៀសវាងការឆ្លងវីរុសកូរ៉ូណាថ្មី ឬកូវីដ-១៩ (Covid-19)។
រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង ចេញសេចក្ដីប្រកាសជូនដំណឹងដល់ពលរដ្ឋខ្លួន និងពលករបរទេសទាំងអស់ ឱ្យចេះរក្សាអនាម័យផ្ទាល់ខ្លួន និងហាមមិនឱ្យដើរចេញទៅក្រៅ នៅពេលមិនចាំបាច់ ក្រោយពីមានការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី ឬកូវីដ-១៩ ជាង១០០ករណី កាលពីថ្ងៃទី២០ កុម្ភៈ ដែលភាគច្រើនកើតមាននៅទីក្រុងដេវូ (Daegu) ភាគខាងត្បូងប្រទេស។
ពលករខ្មែរម្នាក់ ដែលធ្វើផ្នែកច្រៀកជ័រជាង១៤ឆ្នាំ នៅតំបន់អ៊ូសាន់ ក្បែរតំបន់ស៊ូវ៉ុន លោក ឡេង ចាន់រី បង្ហាញអារម្មណ៍ភិតភ័យអំពីបញ្ហាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីទទួលបានដំណឹងនេះ តាមទូរស័ព្ទដៃ នៅថ្ងៃទី២១ ខែកុម្ភៈនេះ៖ «គេផ្ញើសារមកប្រកាសអាសន្នអំពីវីរុសកូរ៉ូណាហ្នឹង ឆ្លងរបៀបណា ឆ្លងប៉ុន្មាននាក់ ។ ខ្ញុំបានមើលដែរ ហើយមានអារម្មណ៍ថាភ័យ ប៉ុន្តែខ្ញុំគិតថា ពិតជាមិនអីទេ នៅខាងមួយប៉ែកខាងដេវូនោះ មានមនុស្សឆ្លងបន្តបន្ទាប់ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែមានអារម្មណ៍ភ័យ តែនៅខាងនេះវិញ ដូចមិនអីទេ»។
ទោះជាយ៉ាងណា លោក ឡេង ចាន់រី ឱ្យដឹងថា មកពេលនេះ ខាងក្រុមហ៊ុននៅដំណើរការធម្មតា នៅមិនទាន់មានការជូនដំណឹងឱ្យកម្មករផ្អាកការងារ។ ទន្ទឹមគ្នានេះ លោក ក៏បារម្ភពីសុវត្ថិភាព ប្រពន្ធនិងកូនប្រុស២នាក់ ដែលរស់នៅប្រទេសកម្ពុជាដែរ ដោយសារជំងឺនេះឆ្លងរាលដាលជាច្រើនប្រទេសលើពិភពលោក។ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ឱ្យដឹងថា មកពេលនេះ ពលករខ្មែរដែលធ្វើនៅកូរ៉េ មិនមាននរណាម្នាក់ឆ្លងវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩ នៅឡើយទេ។
ទោះបីជាយ៉ាងណា លោកបញ្ជាក់ថា ពលករខ្មែរ និងស្ត្រីខ្មែរដែលមានស្វាមីជនជាតិកូរ៉េ នៅមានការព្រួយបារម្ភបញ្ហានេះដូចគ្នា។ លោកអំពាវនាវដល់ពលករខ្មែរទាំងអស់ បង្ការខ្លួនជានិច្ច ដើម្បីជៀសផុតពីការឆ្លងជំងឺដែលមិនទាន់មានថ្នាំព្យាបាលនេះ៖ «ស្ថិតនៅក្នុងស្ថានភាពអាសន្ននេះ គឺខ្ញុំស្នើដល់បងប្អូនពលរដ្ឋខ្មែរទូទៅនៅក្នុងប្រទេសកូរ៉េ មានការប្រុងប្រយ័ត្នហើយហាមដាច់ខាត ការដើរហើរ បើមិនមានការចាំបាច់សូមកុំចូលតំបន់ដេវូ ឬតំបន់ផ្សេងទៀតដែលអាជ្ញាធរបានផ្ញើសារប្រាប់តាមទូរស័ព្ទហ្នឹង។ បើមិនមានការចាំសូមកុំចាកចេញពីផ្ទះ ឬដើរលេងកន្លែងណាមួយ។ ឥឡូវនេះឈានដល់បិទជើងយន្តហោះហោះហើរផ្សេងៗនៅក្នុងទីក្រុងប៊ូសានទៀត។ ដូច្នេះនេះជារឿងមួយដែលយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីកុំឆ្លងជំងឺដ៏កាចសាហាវនេះ» ។
មកដល់ថ្ងៃទី២១ កុម្ភៈ ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី២ ដែលមានមនុស្សជាង ២រយនាក់ឆ្លងវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសចិន និងវ៉ាដាច់ប្រទេសសិង្ហបុរី ដែលធ្លាប់ឈរលេខរៀងទី២។ អភិបាលក្រុងដេវូ លោក វ៉ុន យ៉ុងជីន (Kwon Young-jin) កាលថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈ ប្រាប់ឱ្យពលរដ្ឋរស់នៅក្នុងទីក្រុងចំនួនជាង ២លាន ៥សែននាក់ ស្នាក់នៅផ្ទះ និងពាក់ម៉ាស់ ដើម្បីបង្ការករឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរកូរ៉េ ក៏សម្រេចបិទឧទ្យានធំៗមួយចំនួននៅក្នុងទីក្រុង និងមិនឱ្យមានពលរដ្ឋជួបជុំគ្នាជាសាធារណៈ ដើម្បីបញ្ចៀសកុំឱ្យឆ្លងមេរោគដល់មនុស្សជាច្រើននាក់ទៀត។
ចំណែកនៅកម្ពុជាវិញ ក្រសួងសុខាភិបាល ឱ្យដឹងថា មកដល់ពេលនេះ មិនមានពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ-១៩ នោះទេ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់រឿងនេះ ពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាននៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
ទោះបីជាយ៉ាងនេះក្ដី អង្គការសុខភាពពិភពលោក (WHO) បានស្នើឱ្យកម្ពុជាត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីឆ្លើយតបរហ័ស និងទាន់ពេលវេលា ចំពោះលទ្ធភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី ឬជំងឺកវីត-១៩ (CoVid-19) ដែលអាចកើតមាននៅកម្ពុជា។
គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈនេះ ចំនួនអ្នកឆ្លងមេរោគបង្កជំងឺ កូវីដ-១៩ (CoVid-19) នៅទូទាំងពិភពលោក ឡើងដល់ជាង ៧ម៉ឺន ៦ពាន់នាក់ (៧៦.៧២៧) គឺលើសពីម្សិលមិញចំនួន ១ពាន់នាក់ (១.០០០នាក់)។ ទន្ទឹមគ្នានេះ ចំនួនអ្នកស្លាប់ឡើងដល់ជាង ២ពាន់ ២រយនាក់ (២.២៤៧) លើសពីម្សិលមិញចំនួនជាង ១រយនាក់ (១១៨នាក់) ភាគច្រើននៅក្នុងប្រទេសចិន។ អ្នកបានព្យាបាលជាសះស្បើយមានចំនួនជាង ១ម៉ឺន ៨ពាន់នាក់ (១៨.៦៥៧នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។