អ្នកធ្វើ​ចត្តាឡីស័ក​ប្រមាណ​ ​៤០​ ​នាក់​ ​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ហូប​ផ្លែ​តាង៉ែន​ដែល​ជា​អំណោយ​លោក​ ​ហ៊ុន​ ​សែន

0:00 / 0:00

ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ព្រំដែន​ ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​រាប់​សិប​នាក់​បាន​​ធ្លាក់ខ្លួន​ឈឺ​ ​និង​ក្អួត​ចង្អោរ​ ​ដោយ​អ្នកខ្លះ​ត្រូវ​សង្គ្រោះ​បន្ទាន់​ ​ក្រោយ​​ហូប​តាង៉ែន​ ​ដែល​ជាអំណោយ​របស់​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​។​

ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​​ធ្វើការ​នៅ​ប្រទេស​ថៃ​​ប្រមាណ​ ​៤០​ ​នាក់​ ​ក្នុងចំណោម​ពលករ​ជាង​ ​៣​០​០​ ​នាក់​ ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ ​នៅ​អនុវិទ្យាល័យ​ទឹកជោរ​តា​ប៉ុន​ ​ក្នុងស្រុក​ព្រះនេត្រ​ព្រះ​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​កើត​អាការ​បែប​នេះ​ ​ក្រោយ​ហូប​ផ្លែ​តាង៉ែន​ ​ដែល​ជាអំណោយ​របស់​លោក​ ​ហ៊ុន​ ​សែន​។​

សាក្សី​នៅកន្លែង​កើតហេតុ​ ​ថា​អ្នកធ្វើ​ចត្តាឡី​ស័ក​ទាំងនោះ​ ​ធ្លាក់ខ្លួន​ឈឺធ្ងន់​ព្រមៗ​គ្នា​ ​ភ្លាម​ៗ​ ​ក្នុង​ពេល​តែមួយ​។​ ​ពលការិនី​ម្នាក់​ដែល​កំពុង​ជាប់​ធ្វើ​ចត្តាឡី​ស័ក​នៅ​​មណ្ឌល​នេះ​ដែរ​ ​គឺ​លោកស្រី​ ​សឿន​ ​ស​ ​ដែល​មាន​សុខភាព​ល្អ​ ​ព្រោះ​មិនបាន​ហូប​ផ្លែ​តាង៉ែន​ ​ដូច​អ្នក​ដែល​ធ្លាក់ខ្លួន​ឈឺ​នោះ​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​យប់​ថ្ងៃ​ទី​ ​២​៥​ ​ខែ​​សីហា​ ​ថា​មាន​អ្នក​សន្លប់បាត់មាត់​ ​ដោយសារតែ​អាការ​ពុល​នេះ​៖​ «គេឲ្យញ៉ាំបានរម្លងគ្នាមួយយប់​ ​ពេលល្ងាចពេលឈឺពោះឈឺព្រមគ្នាបណ្ដោយ! កើតទៅគេហៅគ្រូពេទ្យមកដាក់សេរ៉ូមឲ្យ​ ​និងឲ្យថ្នាំលេប​ ​ក៏មានម្នាក់ដែរ​ ​ឃើញឡានពេទ្យទើបយក​ ​គាត់រាងធ្ងន់ជាងគេ​ ​គាត់ក្អួតច្រើនរហូតសន្លប់»

​ដូចគ្នា​នេះ​ដែរ​ ​មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​នៅ​តំបន់​នោះ​ ​ក៏បាន​បញ្ជាក់​អំពី​ហេតុការណ៍​ដែល​កើតឡើង​នេះ​ដែរ​។​ ​អ្នក​សម្របសម្រួល​សមាគម​អាដហុ​ក​ (​ADHOC) ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​លោក​ ​ស៊ុំ​ ​ចាន់​គា​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាលពី​យប់​ថ្ងៃ​ទី​​២​៥​ ​ខែ​​សីហា​ដែរ​ថា ​លោក​បាន​ទទួល​ព័ត៌មាន​ពី​ខាង​ពលករ​ចំណាកស្រុក​ ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​អនុវិទ្យាល័យ​ទឹកជោរ​តា​ប៉ុន​នោះ​ ​ដោយ​អ្នក​ទាំងនោះ​ ​ប្រាប់​ថា ​ពួកគេ​ពុល​ក្រោយ​ហូប​ផ្លែ​តាង៉ែន​នេះ​៖​ «យើងបានព័ត៌មានពីអ្នកដែលពុលដោយសារផ្លែឈើហ្នឹងពិតប្រាកដ​ ​គាត់ទើបតែគេដកអ៊ុកស៊ីហ្សែនពីច្រមុះរបស់គាត់​ ​ប្រហែល​ ​​ ​នាក់គ្រាន់តែក្ដៅខ្លួន​ ​តែប្រហែល​ ​-​ ​នាក់​ ​ជាអ្នកពុលធ្ងន់ធ្ងរ​ ​មានដាក់អ៊ុកស៊ីហ្សែនផង​»​។

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​មន្រ្តី​សុខាភិបាល​មូលដ្ឋាន​ ​មិន​អាច​បញ្ជាក់​ការពិត​នៃ​ព្រឹត្តិការណ៍​ពុល​នេះ​បានទេ​។​ ​មន្រ្តី​រដ្ឋបាល​សុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ថា ​អាចម​ក​ពី​លោក​ជាប់រវល់​ទៅ​ធ្វើការ​នៅកន្លែង​ខ្សោយ​សេវា​ទូរស័ព្ទ​ ​ទើប​លោក​មិនបាន​ទទួល​សេចក្តីរាយការណ៍​ណាមួយ​អំពី​រឿង​នេះ​៖​ «ខ្ញុំដូចអត់បានព័ត៌មានផង​ ​ខ្ញុំអាល័យទៅការិយាល័យព្រឹកមិញ​ ​ទៅដល់អត់សូវមានសេវាទូរស័ព្ទ»។​

​ហេតុការណ៍​ពុល​ ​ក្នុងមណ្ឌល​ចត្តាឡីស័ក​នេះ​ ​កើតមានឡើង​ក្រោយ​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​បើក​យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​តាង៉ែន​ ​ពី​កសិករ​ដែល​គ្មាន​ទី​ផ្សារ​លក់​ផ្លែឈើ​នេះ​។​

លោក​ ​ហ៊ុន​ ​សែន​ ​ថា​នឹង​យក​ផ្លែ​តាង៉ែន​ទាំងនោះ​ ​ទៅ​ចែក​ដល់​កងទ័ព​ ​នគរបាល​ ​កង​រាជ​អាវុធហត្ថ​ ​គ្រូពេទ្យ​ ​អ្នកជំងឺ​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​ធ្វើ​​ចត្តាឡីស័ក​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​មាន​វីឡា​ធំស្កឹមស្កៃ​ច្រើន​កន្លែង​ ​និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ ​ពាក់​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ​ផង​នោះ​ ​អះអាង​ថា​ លោក​ «​អាច​បញ្ចាំ​ផ្ទះ​» ​យក​លុយ​ទៅ​ទិញ​តាង៉ែន​ ​ពី​កសិករ​​ដែល​កំពុង​ជួប​ការលំបាក​។​

ប៉ុន្តែ​សារ​នេះ​ បាន​រង​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ថា​ជា​សារ​ឃោសនា​នយោបាយ​ ​តាម​បែប​ប្រជាភិថុតិ​ ​ដោះស្រាយបញ្ហា​បែប​ដោះ​ទាល់​មួយ​គ្រា​ៗ​ ​ជាជាង​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​ថ្នាក់​ជាតិ​រយៈពេល​យូរអង្វែង​ ​ដើម្បី​ដោះស្រាយបញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ​ ​ព្រោះ​បញ្ហា​ខ្វះ​ទី​ផ្សារ​លក់​កសិផល​នេះ​ ​មិនមែន​មានតែ​ចំពោះ​ផ្លែ​តាង៉ែន​នោះ​ទេ​ ​គឺ​មាន​ស្ទើរគ្រប់​កសិផល​ក្នុងស្រុក​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។