អ្នកដំណើរមកពីបរទេសមិនតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដូចពីមុនទៀតទេ ហើយការធ្វើតេស្ដរហ័សពេលមកដល់កម្ពុជាក៏ត្រូវបានលុបចោលផងដែរ។ ជាមួយគ្នានេះ ការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ក៏ត្រូវបើកដំណើរការឡើងវិញសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី១៧ មីនានេះតទៅដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅព្រឹកថ្ងៃទី១៧ មីនា ថា ការបន្ធូរបន្ថយលក្ខខណ្ឌទាំងនេះ គឺដើម្បីទាក់ទាញការវិនិយោគ ទេសចរណ៍ និងកាត់បន្ថយការចំណាយផ្សេងៗ៖ «មួយថ្ងៃៗ រដ្ឋាភិបាលចាយលុយច្រើនណាស់ ណាឧបករណ៍ធ្វើតេស្ដ ណាសម្លៀកបំពាក់ ( ពេទ្យ ) ព្រោះមិនមែនធ្វើតេស្ដដំឡូងមូលឯណា ត្រូវតែស្លៀកខោអាវពេទ្យឱ្យត្រឹមត្រូវ បានទៅធ្វើតេស្ដ។ បើមិនអ៊ីចឹងទេ ទៅធ្វើតេស្ដគេឆ្លងខ្លួនឯង ហើយក៏វារំខានទៅដល់ការងារ។ អ៊ីចឹងយើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការធ្វើវិនិយោគ និងសម្រួលទៅឱ្យអ្នកដែលមកធ្វើធុរកិច្ច និងទេសចរណ៍នៅកម្ពុជា»។
ទោះបីជារដ្ឋាភិបាលសម្រេចបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនក៏ដោយ អ្នកធ្វើដំណើរពីក្រៅប្រទេសទាំងអស់តម្រូវឱ្យបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ពួកគេត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
ទាក់ទងនឹងតួលេខអ្នកជំងឺកូវីដ-១៩វិញ ក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីជាង ១រយនាក់ (១៣២) បន្ថែមទៀត ក្នុងនោះភាគច្រើនជាករណីចម្លងក្នុងសហគមន៍។ គិតត្រឹមព្រឹកថ្ងៃទី១៧ មីនានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែន ៣ម៉ឺននាក់ (១៣៤.៦២៤) ក្នុងនោះអ្នកជាសះស្បើយមានប្រមាណ ១ សែន ៣ម៉ឺននាក់ (១៣០.៤០៧) និងអ្នកស្លាប់មានចំនួន ៣ពាន់ ៤៩ នាក់ (៣.០៤៩)។
រីឯការចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ មីនា រដ្ឋាភិបាលចាក់វ៉ាក់សាំងគ្រប់ដូសជូនពលរដ្ឋបានជាង ១៣ លាន ៨សែននាក់ ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់ប្រមាណ ១៤លាននាក់ រាប់ពីកុមារអាយុ ៥ឆ្នាំរហូតដល់មនុស្សពេញវ័យ។ រីឯដូសជំរុញទី៣ និងទី ៤វិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជិត ៩លានដូស ស្របពេលកុមារអាយុពី ៣ ឆ្នាំដល់ក្រោម ៥ ឆ្នាំ រដ្ឋាភិបាលចាក់ដូសទី ១ បានជិត ៣សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
