ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ជិត​៥០​នាក់​ដែល​ពុល​អាហារ​ឬ​ទឹក​ក្រូច​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល

ដោយ ជិន ជេដ្ឋា
2015.12.25
ផែនទី​ខេត្ត​ពោធិ៍សាត់ ៨៥៥ ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

ចំនួន​អ្នកភូមិ​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ កើន​ដល់​ជិត​៥០​នាក់ បន្ទាប់​ពី​មាន​អាការ​ពុល​ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ក្នុង​ពិធី​សែនព្រេន​មួយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ។ បើទោះជាយ៉ាងណា​មន្ត្រី​សុខាភិបាល​មិន​ទាន់​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ នៃ​ការ​ពុល​នេះ​នៅ​ឡើយ​ទេ។

ប្រជា​ពលរដ្ឋ​នៅ​ចំណុច​បឹង​គូរ នៃ​ភូមិ​តាំង​គោក ឃុំ​តាលោ​ចំនួន​៤៦​នាក់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​បន្ទាប់​តាំង​ពី​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ចំនួន​៣៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាកាន និង​៧នាក់​ទៀត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ។​ មក​ដល់​ព្រលប់​ថ្ងៃទី២៥ ខែ​ធ្នូ នេះ​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ថា អ្នក​ពុល​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ។

ទាំង ​មេភូមិ​តាំង​គោក​លោក ហាក់ ផល និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តាលោ លោក រ៉ង សុវណ្ណារឿន បញ្ជាក់​ស្រដៀង​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ មាន​អ្នកភូមិ​ម្នាក់​ទៀត​វ័យ​៨៧​ឆ្នាំ ឈ្មោះ យឹម វ៉ិត មាន​អាការ​ពុល​ធ្ងន់ធ្ងរ ដូច​អ្នក​ភូមិ​ផ្សេង​ទៀតដែរ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ខណៈ​អ្នក​ភូមិ​ដែល​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​បាកាន​ភាគ​ច្រើន មាន​អាការ​ធូរស្រាល​វិញ​ហើយ។

ប្រធាន​មន្ទីរ​ សុខាភិបាល​ខេត្ត​ពោធិ៍សាត់​លោក ខូយ ឌី បដិសេធ​មិន​អត្ថាធិប្បាយ​យ៉ាង​ណា​ចំពោះ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ។ ប៉ុន្តែ​នាយ​ប៉ុស្តិ៍​ឃុំ​តាលោ លោក រ៉ង សុវណ្ណារឿន បញ្ជាក់​ថា មន្ត្រី​សុខាភិបាល​មិន​ទាន់​រក​ឃើញ​មូលហេតុ នៃ​ការ​ពុល​របស់​អ្នក​ភូមិ​ទេ គ្រាន់តែ​ប្រមូល​សំណាក​ដូច​ជា​ទឹកក្រូច ទឹកម្ទេស និង​គ្រឿង​ផ្សំ​ធ្វើ​ម្ហូប​ក្នុង​ពិធី​សែនព្រេន​នោះ​ទៅ​ពិសោធន៍៖ «បើ​តាម​យើង​ធ្វើកំណត់ហេតុពីអ្នក​ដែល​ហូប​ៗ​នៅ​ថ្ងៃ​សែន​ព្រេន​ហ្នឹង! ស្អែក ​ឡើង​នៅ​ថ្ងៃ​ទី​២២ គឺ​ថា​មាន​ការ​រាគ​រូស ចុក​ពោះ​អីចឹង​ដែរ តែ​កាល​ណោះ​វា​អត់​ទាន់​ធ្ងន់ធ្ងរ ទើប​មក​យប់​ម្សិលមិញ ឃើញ​មាន​ធ្ងន់ធ្ងរ​ប៉ុន្មាន​បី​បួន​នាក់​នោម​មក​ឈាម​វា​សំខាន់ ដល់​អីចឹង​ចេះ​តែ​មាន​បន្ត។ បញ្ជូន​ទៅ​ភ្នំពេញ​ចំនួន​៧​នាក់​ហ្នឹង​មាន​អាការ​ធ្ងន់ធ្ងរ​តែ​មួយ​នាក់​ទេ ប៉ុន្ដែ​អ្នក​ល្មម​ៗ​ទៅ​ដែរ​ព្រោះ​ដូច​ថា​ជូន​បងប្អូន​គាត់​ទៅ​ផង»។

អ្នក​ជំងឺ​ម្នាក់ ដែល​កំពុង​បន្តោង​សេរ៉ូម​លើ​គ្រែ​ក្បែរ អ្នក​មាន​អាការ​ពុល​ជាង​៣០​នាក់​ផ្សេង​ទៀត នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​បាកាន គឺ​លោកស្រី យ៉ែម សុខណា ឲ្យ​ដឹង​ថា ពេល​ចូល​រួម​ពិធី​សែនព្រេន​នោះ​លោកស្រី​បាន​ទទួល​ទាន​ស្រាបៀ​លាយ​ទឹក​ក្រូច និង​អាហារ។ តាំ​ង​ពី​ពេល​នោះ​មក​លោកស្រី​មាន​អាការ​អស់​កម្លាំង ចុក​ពោះ និង​រាករូស ហើយ​មាន​អាការ​កាន់តែ​ធ្ងន់​នៅ​យប់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ៖ «អត់​ទេ​អត់​មាន​ហូប​អ្វី​ផ្សេង​ផង តាំង​ពី​ហូប​ហ្នឹង (ទឹក​ក្រូច និង​អាហារ​នៅ​កន្លែង​សែន​ព្រេន) ឈឺ ​រហូត។ ដូច​ជា​មិន​ដឹង​ជា​ពុល​មក​ពី​មុខ​ស្អី បើ​ហូប​ម្ហូប​ផង ស្រា​ផង ទឹក​ក្រូច​ផង​លាយឡំ​គ្នា​អីចឹង។ ឥឡូវ​ស្រួល​លែង​រាក​អី​ហើយ​មិន​ដឹង​ពេទ្យ​ឲ្យ​ចេញ​ទៅ​ផ្ទះ​ពេល​ណា»។

របាយការណ៍​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាបានសន្និដ្ឋាន ​ថា ក្រុម​អ្នក​ភូមិ​អាច​ពុល​ទឹក​ក្រូច​ម៉ាក​កូកាកូឡា ឬ​អាហារ​នៅ​ក្នុង​ពិធី​សែនព្រេន​ប្ដី​ប្រពន្ធ​មួយ​គូរ នៅ​ភូមិ​តាំង​គោក ឃុំ​តាលោ ស្រុក​បាកាន។ មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រជុំ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​អនាម័យ និង​សុវត្ដិភាព​ចំណី​អាហារ​ដល់​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។