មេដឹកនាំបក្សប្រឆាំងលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើការសម្រេចចិត្តខុស ក្នុងការបង្កការជំងឺ Covid-19 ព្រោះរដ្ឋាភិបាល មិនបានបិទជើងហោះហើរជាមួយប្រទេសចិន ដែលជាប្រទេសនៃប្រភពជំងឺថ្មីនេះ។ ចំណែកអ្នកវិភាគនយោបាយ និងសង្គមអះអាងថា ការណ៍ដែលលោកហ៊ុន សែន មិនបិទការធ្វើដំណើរជាមួយប្រទេសចិន គឺដោយសារចង់ពឹងពាក់ចិន ដើម្បីឲ្យប្រទេសមួយនេះជួយការពារអំណាចរបស់លោក។
ប្រធានស្ដីទីគណ:បក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រាប់អាស៊ីសេរីថា វាជាគ្រោះថ្នាក់ធំណាស់ចំពោះទង្វើរបស់លោក ហ៊ុន សែន ដែលមិនបានបិទជើងហោះហើរជាមួយប្រទេសចិន ហើយថាលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវបើសិនជំងឺនេះ នាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី មានប្រសាសន៍ថា ទង្វើរបស់លោក ហ៊ុន សែន គឺចង់ឲ្យចិនការពារអំណាចរបស់លោកទៅថ្ងៃអនាគត៖ «ប្រទេសនិមួយៗ គេបិទព្រំដែន ហើយរឿងអីលោក ហ៊ុន សែន បិទព្រំដែនជាមួយអាមេរិក ជាមួយ អឺរ៉ុបជាមួយប្រទេសជិតខាង ថៃ វៀតណាម តែហេតុអីមិនបិទព្រំដែនជាមួយចិនផង។ អ៊ីចឹងវាអត់ត្រឹមត្រូវទាល់តែសោះ ធ្វើឲ្យពិភពលោកមិនយល់ ឃើញថាលោក ហ៊ុន សែន អត់ទទួលខុសត្រូវ ឬគាត់អត់យល់អីទាំងអស់»។
លោក សម រង្ស៊ី បានប្រដូចទង្វើរបស់លោក ហ៊ុន សែន ទៅនឹងរបប ប៉ុល ពត ដែលបានធ្វើឲ្យពលរដ្ឋខ្មែររាប់លាននាក់ បាត់បង់ជីវិតក្នុងរបបវាលពិឃាតរយ:ពេលជិត ៤ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលគ្រប់គ្រងដោយប្រទេសចិន ហើយឥឡូវនេះលោក ហ៊ុន សែន ទៅអែបជាមួយចិនម្ដងទៀត។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាចនឹងស្លាប់ច្រើនដោយសារការឆ្លងជំងឺកូវីត១៩ ដែលបានរាលដាលមកពីប្រទេសចិន បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំនយោបាយទាំងងងឹតងងល់បែបនេះ។
អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ ប្រាប់អាស៊ីសេរីថា លោក ហ៊ុន សែន មិនព្រមបិទជើងហោះហើរជាមួយចិន ព្រោះនយោបាយរបស់លោក ហ៊ុន សែន សព្វថ្ងៃបានក្លាយជាសត្រូវ ជាមួយប្រទេសមហាអំណាចនានា ក្នុងពិភពលោកដោយសារគាត់បានបង្កើតអរិភាពទាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសទាំងអស់នោះ៖ «គាត់មិនអាចបិទចិនបានទេ ពីព្រោះមូលហេតុសំខាន់គាត់ពិតជាត្រូវការចិនដើម្បីជួយជ្រោមជ្រែងអ្នកជំនាន់ក្រោយនៃគ្រួសារត្រកូល ហ៊ុន ដោយសារតែបច្ចុប្បន្នគាត់មិនអាចទុកចិត្តយួននៅក្នុងការជួយជ្រោមជ្រែងការពារអំណាចកូនៗ របស់គាត់ បន្ទាប់ពីគាត់អស់តំណែងទៅ»។
លោកបន្តថា ចិនមានប្រជាពលរដ្ឋជិត ១.៤០០លាននាក់ (១.៣៩០លាន) ហើយបើសិនបញ្ជូនតែ១០លាននាក់មកកម្ពុជានៅថ្ងៃណាមួយចិនអាចគ្រប់គ្រងកម្ពុជាបានទាំងស្រុង ហើយយកកម្ពុជាធ្វើជាឈ្នាន់នយោបាយ ដើម្បីប្រើប្រាស់កម្លាំងទ័ពចេញពីកម្ពុជា ហើយធ្វើសង្គ្រាមជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់៖ «លោក ហ៊ុន សែន អាចនឹងអញ្ជើញអ្នកជំនាញការរបស់បក្សកុម្មុយនិស្តចិន មកជួយជ្រោមជ្រែងអំណាចរបស់គាត់បានហើយ គឺអាចនាំមកមនុស្សគ្រប់ជំនាញទាំងអស់ ពីព្រោះគ្មាននរណាដឹងថា តើអ្នកនោះជា Doctor ឬអ្នកនោះជាជំនាញយោធា ឬអ្នកនោះជាជំនាញចារកម្ម ឬអ្នកនោះជាជំនាញអ្វីផ្សេងទៀតទេ បើពួកគេមិននិយាយ ម្ល៉ោះហើយលោកហ៊ុនសែនគ្រាន់តែនិយាយថាពួកគេជាពេទ្យគេមកដើម្បីជួយកម្ចាត់វីរុស Covid-19 នៅកម្ពុជា»។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ និងអ្នកស្រី ឱ វណ្ណឌីន ប៉ុន្តែទូរស័ព្ទចូលមិនមានអ្នកទទួលនៅថ្ងៃពុធ ទី២៥ ខែមីនានេះ។
ទោះបីជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានប្រាប់អាស៊ីសេរីក្នុងពេលធ្វើ បទសម្ភាសន៍កាលពីថ្ងៃទី២០ មីនាថា រដ្ឋាភិបាលសម្រេចមិនបិទជើងហោះហើរជាមួយប្រទេសចិន គឺដោយសារករណីថ្មីនៃការឆ្លងជំងឺកូវីត១៩នៅប្រទេសចិន មានភាពធូរស្រាលស្ទើរតែទាំងស្រុង។ អ្នកស្រីថា ឥឡូវនេះការដែលត្រូវព្រួយបារម្ភខ្លាំង គឺប្រទេសអឺរ៉ុបដែលបានក្លាយទៅជាមជ្ឈមណ្ឌលរាតត្បាតនៃជំងឺកូវីត១៩ ហើយចិនមិនមែនជាប្រទេសដែលត្រូវបារម្ភអំពីការឆ្លងមេរោគកូរ៉ូណាទៀតទេ។
ទោះបីជាយ៉ាងណា អ្នកស្រីបន្តថា ក្រសួងសុខាភិបាលបានសម្រេចបិទជើងហោះហើរជាមួយបណ្តាប្រទេសដែលជំងឺកូវីត១៩ នេះកំពុងតែរីករាលដាលខ្លាំង ដូចជា អីតាលី (Italy) អេសស្ពាញ (Spain) បារាំង (France) សហរដ្ឋអាមេរិក (United States) និងកូរ៉េខាងត្បូង ដោយសារពលរដ្ឋខ្មែរតែងតែធ្វើដំណើរចេញនិងចូលជាញឹកញាប់៖ «ការដែលព្រួយបារម្ភរបស់អង្គការសុខភាពពីភពលោក គឺប្រទេសអឺរ៉ូបហ្នឹងបានក្លាយទៅជា Epicenter នៃការរាតត្បាតនៃជំងឺកូវីត១៩ មានន័យថាក្លាយទៅជាមជ្ឈមណ្ឌលមួយដែលក្លាយទៅជាកន្លែងរាតត្បាតនូវវីរុសកូវីត១៩នេះ ហើយមិនមែនជាការបារម្ភនៅសាធារណ : រដ្ឋប្រជាមានិតចិនទៀតទេ។ អ៊ីចឹងកន្លែងនេះផ្អែកលើលក្ខណ : បច្ចេកទេសអស់នេះ ក្រសួងសុខាភិបាលបានប្រកាន់យកនូវជំហរមួយក៍ដូចជាការសម្រេចចិត្តមួយដ៍ត្រឹមត្រូវ គឺយើងប្រកាន់យកនូវបណ្ដាប្រទេសដែលយើងសង្កេតឃើញថាមានការផ្ទុះនូវវីរុសកូវីត១៩ ហ្នឹង គឺខ្លាំងក្លា»។
កន្លងមក ប្រជាពលរដ្ឋព្រមទាំងសង្គមស៊ីវិលមួយចំនួន បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាប្រញាប់បិទជើងហោះហើរជាមួយប្រទេសចិន ហើយធ្វើការរំដោះប្រជាពលរដ្ឋខ្មែរចេញពីទីក្រុងវូហាន ដែលជាកន្លែងផ្ទុះវីរុសកូរ៉ូណាមុនគេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធភ្លាមៗ ដោយលើកហេតុផលថា ការបិទនេះអាចនឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែត្រូវបានគេថ្កោលទោសដោយសារមិនបានបិទជើងហោះហើរជាមួយប្រទេសចិន ដើម្បីទប់ស្កាត់ការធ្វើដំណើរជនជាតិចិន ដែលនាំវីរុសកូរ៉ូណាចូលមកប្រទេសកម្ពុជា។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ធ្លាប់បានប្រាប់អាស៊ីសេរី ថា រដ្ឋាភិបាលកម្ពុជា កំពុងតែមិនអើពើចំពោះគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋខ្លួនឯង ដោយសារតែអនុញ្ញាតឱ្យក្រុមហ៊ុនយន្តហោះចិន បន្តដឹកអ្នកដំណើរដោយហោះត្រង់ពីក្រុងវូហាន (Wuhan) មកកម្ពុជា តាំងពីផ្ទុះករណីនេះដំបូង រហូតដល់ពេលរដ្ឋាភិបាលចិន បិទជើងហោះហើរទាំងនេះដោយខ្លួនឯង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។