លោក ហ៊ុន សែន ស្នើ​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ដោយ​មិន​រើស​អើង

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ដាស់តឿន​ដល់​គ្រូពេទ្យ​នៅ​កម្ពុជា ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជូន​ប្រជាជន​ដោយ​មិន​រើសអើង​អ្នក​មាន ឬ​អ្នក​ក្រ។ លោក ហ៊ុន សែន មាន​ប្រសាសន៍​សំដៅ​ដល់​គ្រូពេទ្យ​មួយ​ចំនួន​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ក្រ។ ទន្ទឹម​នឹង​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ប្រកាស​បញ្ចូល​គ្រូពេទ្យ​ឯកទេស​ទាំង​អស់​ឲ្យ​ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ចាប់​ពី​ខែ​មេសា ត​ទៅ។

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល នៅ​សណ្ឋាគារ សូហ្វីថែល (Sofitel Phnom Penh Phokeethra) រាជធានី​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ដក​របាំង​ហិរញ្ញវត្ថុ​កុំ​ឲ្យ​យក​ប្រាក់​ជា​ធំ​នៅ​ពេល​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ បើ​មិន​ដូច្នេះ​ទេ វា​ធ្វើ​ឲ្យ​ជន​ក្រីក្រ​ត្រូវ​បាន​សង្គម​គេ​រើសអើង ដោយ​លោក​សង្កត់​ធ្ងន់​ថា ប្រជាជន​ទាំង​អស់​គួរ​ទទួល​បាន​សេវា​សុខភាព​ស្មើៗ​គ្នា។

លោក ហ៊ុន សែន ស្នើ​ឲ្យ​គ្រូពេទ្យ​ដែល​ធ្លាប់​ប្រើ​សម្ដី​ធំ គំរោះគំរើយ​ដាក់​ប្រជាជន​ក្រីក្រ​ឲ្យ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​ជា​បន្ទាន់ ដើម្បី​ធានា​ថា វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា បម្រើ​ប្រជាជន​ដោយ​មិន​រើសអើង៖ «ប្រសិន​បើ​មិន​ដូច្នេះ​ទេ ប្រព័ន្ធ​សុខាភិបាល​ទាំង​មូល នឹង​មិន​ជួយ​លើក​ស្ទួយ​សុខភាព ដោយ​សមធម៌ ក្នុង​ចំណោម​ប្រជាជន​ទូទៅ​នោះ​ទេ»

លោក ហ៊ុន សែន ច្រានចោល​ជា​ថ្មី​ម្ដង​ទៀត​ថា មិន​មែន​គ្រូពេទ្យ​ជាង ៩០​ភាគរយ ខ្វះ​វិជ្ជាជីវៈ​ពេល​បំពេញ​ការងារ​នោះ​ទេ៖ «ខ្ញុំ​មិន​យល់​ស្រប​ទេ តែ​យើង​ទទួល​ស្គាល់​នូវ​ការ​ខ្វះ​ចន្លោះ និង​សម្ដី​ឆ្មើងឆ្មៃ​មួយ​ចំនួន​ដោយ​គ្រូ​ពេទ្យ​ជា​បុគ្គល មិន​មែន​ជា (វិស័យ) សុខាភិបាល (ទាំង​មូល) ទេ។ យើង​ត្រូវ​កែ​ប្រែ​ឥរិយាបថ​ទាំង​អស់​នេះ»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​នាយករដ្ឋមន្ត្រី​នេះ ក៏ប៉ុន្តែ​លោក​យល់​ថា ការ​បំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​សុខាភិបាល និង​ការ​ពង្រឹង​ការ​អនុវត្ត​ប័ណ្ណ​សមធម៌​សម្រាប់​ប្រជាជន​ក្រីក្រ នឹង​ជួយ​ប្រជាជន​ឲ្យ​ទទួល​បាន​សេវា​សុខភាព​ប្រកប​ដោយ​សមធម៌៖ «មូលនិធិ​ដែល​ជួយ​ជន​ក្រីក្រ ដែល​ហៅ​ថា មូលនិធិ​សមធម៌​ហ្នឹង ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ។ ត្រូវ​មាន​វិធានការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់ ដើម្បី​ធានា​ប្រជាពលរដ្ឋ​ដែល​កាន់​អត្តសញ្ញាណ (ប័ណ្ណ) ក្រីក្រ មិន​ត្រូវ​បាន​គិត​លុយ»

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បង្ហាញ​ថា ថវិកា​ចំណាយ​លើ​វិស័យ​សុខាភិបាល​បាន​កើន​ឡើង​ជាង​មួយ​ពាន់​លាន​រៀល ក្នុង​រយៈពេល ១​ឆ្នាំ​ចុង​ក្រោយ ពី ៨២៥​ពាន់​លាន​រៀល នៅ​ឆ្នាំ​២០១៤ ដល់ ៩៣២​ពាន់​លាន​រៀល នៅ​ឆ្នាំ​២០១៥។

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​នេះ​ដែរ លោក ហ៊ុន សែន បាន​ប្រកាស​បញ្ចូល​គ្រូពេទ្យ​ឯកទេស​ទាំង​អស់​ជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ ដោយ​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ពី​រដ្ឋាភិបាល​ចាប់​ពី​ខែ​មេសា ត​ទៅ។

លោក​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា នា​ពេល​សព្វថ្ងៃ កម្ពុជា កំពុង​ខ្វះខាត​គ្រូពេទ្យ​ឯកទេស​ក្នុង​វិស័យ​សុខាភិបាល ខណៈ​កន្លង​មក គ្រូពេទ្យ​ឯកទេស​ដែល​រៀន​ចប់ តែ​លើស​អាយុ មិន​ចូល​បម្រើ​ការ​ជា​គ្រូពេទ្យ​រាជការ ត្រូវ​រង់ចាំ​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ពី​លោក។ លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា គ្រូពេទ្យ​ឯកទេស​ធម្មតា បាន​រៀន​ច្រើន​ជាង​វេជ្ជបណ្ឌិត​ធម្មតា តែ​បែរ​ជា​ពេល​បញ្ចប់​ការ​សិក្សា មិន​បាន​ចូល​ធ្វើ​ការ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។