ពលរដ្ឋ និងសកម្មជនមួយចំនួនរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលព្រមទទួលយកវ៉ាក់សាំងពីប្រទេសចិន ទោះជាវ៉ាក់សាំងនោះមិនទាន់មានការទទួលស្គាល់ពីខាងអង្គការសុខភាពពិភពលោកយ៉ាងណាក្តី។ ពួកគេថា លោក ហ៊ុន សែន កំពុងលេបសម្តីខ្លួនឯង ហើយយកអាយុជីវិតពលរដ្ឋរបស់ខ្លួនសម្រាប់ឱ្យចិនពិសោធន៍វ៉ាក់សាំង។
ពលរដ្ឋ និងសកម្មជនមួយចំនួនលើកឡើងដូចៗ គ្នាអំពីក្តីបារម្ភចំពោះប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំង ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។ ពួកគេបារម្ភថា វ៉ាក់សាំងនេះ អាចនឹងមានប្រតិកម្មធ្ងន់ធ្ងរនៅពេលចាក់ជូនពលរដ្ឋ។
ពលរដ្ឋរស់នៅខេត្តកណ្តាល លោក ចាន់ តុន ឲ្យអាស៊ីសេរីដឹងថា លោកសោកស្ដាយដែលរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលយកវ៉ាក់សាំងរបស់ប្រទេសចិន ដែលមិនមានការទទួលស្គាល់ត្រឹមត្រូវ មកចាក់ជូនពលរដ្ឋបែបនេះ។ លោកបន្តថា ទង្វើរបស់រដ្ឋាភិបាលបែបនេះ គឺជាការមិនទទួលខុសត្រូវលើបញ្ហាសុខភាពរបស់ពលរដ្ឋជាចម្បងនោះទេ។ លោកស្នើឲ្យរដ្ឋាភិបាលយកវ៉ាក់សាំងទាំងនោះទៅមន្ទីរពិសោធន៍របស់អង្គការសុខភាពពិភពលោក ដើម្បីពិនិត្យជាមុនសិន មុននឹងប្រើប្រាស់លើប្រជាពលរដ្ឋ៖ «សព្វថ្ងៃនេះ ជំងឺកើតមានប៉ុន្តែការស្លាប់ក៏យើងមិនទាន់ឃើញទាន់មានការស្លាប់បាត់បង់អាយុជីវិតប៉ុន្មានទេ។ យើងការពារសុខភាពខ្លួនយើង យើងរស់បាន ប៉ុន្តែបើវ៉ាក់សាំងដែលមិនទាន់បានឆ្លងកាត់អង្គការសុខភាពពិភពលោកយកមកធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ។ អ៊ីចឹងសូមឲ្យរដ្ឋាភិបាលលោកពិចារណាឲ្យមែនទែន។ យើងទទួលយកមកៗសង្គ្រោះមនុស្ស កុំយកមកដាក់បន្ទុកលើមនុស្សរងគ្រោះថែមទៀត»។
ស្រដៀងគ្នានេះ ពលរដ្ឋរស់នៅខេត្តសៀមរាបលោក អួន វណ្ណៈ បង្ហាញការមិនពេញចិត្តចំពោះការសម្រេចរបស់លោក ហ៊ុន សែន។ លោកថា រដ្ឋាភិបាលគួរយកថវិកាដែលជាប្រាក់ឧបត្ថម្ភរបស់ពលរដ្ឋ ទិញវ៉ាក់សាំងដែលមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក ដើម្បីយកមកចាក់ជូនពលរដ្ឋ ទើបជារឿងប្រសើរ។ លោកបន្តថា នៅពេលវ៉ាក់សាំងចិនមកដល់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគួរតែចាក់វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិននេះមុនគេ មុននឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្ហាញនូវទំនុកចិត្តនៃការប្រើប្រាស់វ៉ាក់សាំងនេះ៖ «ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាលសូមមេត្តាយកថវិកាដែលយើងប្រមូលបានពីជំនួយសប្បុរសធម៌ពីប្រជាពលរដ្ឋហ្នឹងយកទៅទិញវ៉ាក់សាំងណាមួយដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ឲ្យបានត្រឹមត្រូវ ដើម្បីការពារពីបញ្ហាប្រការណាមួយដែលយកមកចាក់លើប្រជាពលរដ្ឋមានប្រតិកម្មនឹងថ្នាំហ្នឹង»។
ការរិះគន់ធ្ងន់ៗពីសំណាក់ពលរដ្ឋមួយចំនួននេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ចិន ឈ្មោះស៊ីណូហ្វាម (Sinopharm) ដែលមិនទាន់មានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោកនៅឡើយ។ វ៉ាក់សាំងដែលចិនគ្រោងផ្ដល់មកឲ្យកម្ពុជានោះ មានចំនួន ១លានដូស។ លោក ហ៊ុន សែន ថា វ៉ាក់សាំងនេះ នឹងត្រូវប្រើដើម្បីចាក់ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ លោកបកស្រាយថា ការទទួលយកវ៉ាក់សាំងនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ មានការកើនឡើងខ្លាំងដែលជាក្តីបារម្ភ ហើយរដ្ឋាភិបាលមិនអាចរង់ចាំបានតទៅទៀតនោះទេ។ លោកជឿជាក់ថា ការប្រើប្រាស់វ៉ាក់សាំងចិននេះ នឹងមិនមានហានិភ័យណាមួយដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ៖ « យើងមិនអាចរង់ចាំតទៅទៀតទេ ដោយសារតែភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលសព្វថ្ងៃនេះ ថ្ងៃនេះ ក៏មានការឆ្លងរហូតដល់១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះសម្រាប់ការការពារ»។
ការប្រកាសរបស់លោក ហ៊ុន សែន នេះ ផ្ទុយគ្នាទាំងស្រុងទៅនឹងអ្វីដែលលោកធ្លាប់បានប្រកាសនាពេលកន្លងទៅ។ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា រដ្ឋាភិបាលប្រកាន់ជំហរទិញវ៉ាក់សាំងណា ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ លោកថា លោកមិនយកអាយុជីវិតពលរដ្ឋសម្រាប់ជាការពិសោធន៍វ៉ាក់សាំងនោះជាដាច់ខាត។ ករណីនេះ ត្រូវបានពលរដ្ឋចាត់ទុកថា លោក ហ៊ុន សែន កំពុងលេបសម្តីខ្លួនឯង និងយកអាយុជីវិតពលរដ្ឋ សម្រាប់ឱ្យប្រទេសចិនពិសោធន៍វ៉ាក់សាំងរបស់ពួកគេ។ ជាងនេះទៅទៀត ពួកគេចោទសួរ លោក ហ៊ុន សែន ថា តើលុយទិញវ៉ាក់សាំងកូវីដ-១៩ ដែលសប្បុរសជនបានចូលរួមរាប់លានដុល្លារនោះ នឹងត្រូវចាត់ចែងយ៉ាងដូចម្តេច?
ពលករធ្វើការនៅប្រទេសជប៉ុន លោក ណុល វណ្ណៈ លើកឡើងថា រដ្ឋាភិបាលគួរបង្ហាញនូវភាពជឿទុកចិត្តមួយដល់ប្រជាពលរដ្ឋកម្ពុជាចំពោះការសន្យាដែលអះអាងកន្លងមកថា នឹងទទួលទិញវ៉ាក់សាំងដែលមានការទទួលស្គាល់ស្របច្បាប់ពីអង្គការសុខភាពពិភពលោក មិនមែនទទួលជំនួយវ៉ាក់សាំងពីប្រទេសចិននោះទេ។ លោកបារម្ភថា ការប្រើប្រាស់ថវិកាសប្បុរសធម៌របស់ពលរដ្ឋដែលបានឧបត្ថម្ភនោះ អាចនឹងមានអំពើពុករលួយ។ លោកស្នើឲ្យរដ្ឋាភិបាលគួរតែបង្ហាញភាពស្អាតស្អំរបស់ខ្លួន ជុំវិញការគ្រប់គ្រងថវិកានេះ ឲ្យប្រជាពលរដ្ឋបានដឹង៖ «ក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវតាមដានដោយយកចិត្តទុកដាក់ពីព្រោះថា ថវិកានេះ ខ្ញុំឃើញកន្លងមកមានឧកញ៉ាមួយចំនួនក៏ដូចជាអ្នកមានជីវភាពមួយចំនួនដែលគាត់ធូរធារគឺគាត់បានចូលរួមបរិច្ចាគខ្លះហើយសម្រាប់ថវិកាសម្រាប់ត្រៀមទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរ។ រាជរដ្ឋាភិបាលត្រូវតែបង្ហាញៗឲ្យឃើញថា វ៉ាក់សាំងចិនជួយអស់ប៉ុន្មាន ? ហើយរាជរដ្ឋាភិបាលកម្ពុជាហ្នឹងយកថវិកាដែលរៃអង្គាសបានពីជំនួយទាំងប៉ុន្មានហ្នឹងយកទិញវ៉ាក់សាំងពីប្រទេសណាហើយទិញបានចំនួនប៉ុន្មាន។ នេះ គឺជាភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលហើយប្រសិនបើជាគាត់បង្ហាញការពិតនូវជំនួយដែលយកទៅទិញវ៉ាក់សាំងហ្នឹង»។
ដូចគ្នានេះដែរ យុវជនគណបក្សសង្គ្រោះជាតិលោក សេង ម៉េងប៊ុនរ៉ុង បញ្ជាក់ថា លោក ហ៊ុន សែន មិនបានការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ពលរដ្ឋដូចការអះអាងរបស់លោកកន្លងមកនោះទេ។ លោកបន្តថា រដ្ឋាភិបាលហាក់យកសុខភាពរបស់ប្រជាពលរដ្ឋទៅលេងសើច ដោយការសាកល្បងនូវវ៉ាក់សាំងដែលមិនមានការទទួលស្គាល់នេះ។ លោកទទូចឲ្យរដ្ឋាភិបាល គួរពិចារណា នូវការទិញវ៉ាក់សាំងនេះ ពីក្រុមហ៊ុនដែលស្របច្បាប់ មានការទទួលស្គាល់ត្រឹមត្រូវ និងមានទំនុកចិត្តខ្ពស់ជាងនេះ៖ «ធាតុពិតវ៉ាក់សាំងប្រទេសណាក៏ដោយក៏យើងមិនថាដែរ ព្រោះបើសិនជាមានប្រសិទ្ធភាពគ្រប់គ្រាន់ គឺយើងដាក់ឲ្យប្រើប្រាស់ មានការទទួលស្គាល់គឺយើងប្រើប្រាស់ហើយ អត់អីទេ។ ប៉ុន្តែអត់ទាន់មានការទទួលស្គាល់ផងហើយយើងក៏ប្រថុយប្រើប្រាស់ ដូចយើងយកជីវិតយើងទៅលេងសើចពេកហើយ ព្រោះអីវ៉ាក់សាំងរបស់ Pfizer ក្រុមហ៊ុនគេល្បីសឹងអីហ្នឹង ខាងផ្នែកស្រាវជ្រាវរកវ៉ាក់សាំងអីហ្នឹង គេនៅមានប្រតិកម្មខ្លះៗ ហើយគេនៅបន្តបេសកកម្មរបស់គេទៀត ប៉ុន្តែគ្រាន់តែប្រសិទ្ធភាពគេខ្ពស់ដែលអាចប្រើប្រាស់បាន។ តែដល់ពេលវ៉ាក់សាំងចិនយើងអត់ទាន់មានការទទួលស្គាល់ ហើយប្រទេសតិចណាស់ មិនមែនប្រទេសច្រើនទេ។ ហើយប្រទេសដែលសម្រេចយកវ៉ាក់សាំងរបស់ចិនហ្នឹងគឺគ្រាន់តែជាប្រទេសមួយដែលសុទ្ធតែជំពាក់បំណុលចិនទាំងអស់ហើយសុទ្ធតែមានអ្វីនៅពីក្រោយដែលទទួលវ៉ាក់សាំងនេះទៀត»។
កាលពីយប់ថ្ងៃទី១៥ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈប់ទទួលយកថវិកាសប្បុរសធម៌ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីលោកទទួលបានជំនួយវ៉ាក់សាំងពីប្រទេសចិន។ របបលោកទទួលបានថវិកាសរុបចំនួនជិត ៥៧លានដុល្លារអាមេរិក ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញរបបលោកប្រកាសទិញវ៉ាក់សាំងដែលមានការអនុញ្ញាតពីអង្គការសុខភាពពិភពលោក ដូចជា វ៉ាក់សាំង Pfizer/BioNTech របស់អាមេរិក និងអាល្លឺម៉ង់នៅឡើយទេ។ ជុំវិញរឿងទិញវ៉ាក់សាំងកូវីដ-១៩ នេះ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានរិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំអសមត្ថភាព និងកំពុងធ្វើនយោបាយប្រជាភិថុតិ ឬបោកប្រាស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។