ក្រុមគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលឯកជនមួយនៅខេត្តកំពង់ឆ្នាំង កំពុងតាមដានស្ថានភាពរបស់កម្មកររោងចក្រកាត់ដេរពីរនាក់ ក្នុងចំណោម ២៨នាក់ ដែលរបួសធ្ងន់ជាងគេក្នុងហេតុការណ៍ក្រឡាប់រ៉ឺម៉កដឹកកម្មករកាលពីថ្ងៃទី១១ ខែសីហា។ នគរបាលចរាចរណ៍ផ្លូវគោកអំពាវនាវឲ្យអ្នកបើករ៉ឺម៉ក ម៉ូតូ និងឡានដឹកកម្មករទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង និងម្ចាស់មន្ទីរសម្រាកព្យាបាល តែ វណ្ណា ឋិតនៅផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច បញ្ជាក់ថា កម្មករ-កម្មការិនី ជិត ៣០នាក់ ដែលរបួសដោយសារក្រឡាប់រ៉ឺម៉កបានធូរស្បើយ និងចេញទៅផ្ទះវិញអស់ហើយ។ ចំណែកកម្មករពីរនាក់ប្ដីប្រពន្ធដែលឋិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះ មិនទាន់ចេញនៅឡើយទេ ដោយសាររងរបួសធ្ងន់។
ប្រធានមន្ទីរសម្រាកព្យាបាល តែ វណ្ណា លោកវេជ្ជបណ្ឌិត តែ វណ្ណា ថ្លែងនៅថ្ងៃទី១២ ខែសីហា ថា បុរសឈ្មោះ សំ សុភា ត្រូវរ៉ឺម៉កក្រឡាប់កិនត្រូវស្មាខាងឆ្វេងលើកដៃមិនរួច និងប្រពន្ធរឹងក ហើយឈឺចាប់ពេញមួយចំហៀងខ្លួនដោយសាររ៉ឺម៉កក្រឡាប់លើដូចគ្នា ប៉ុន្តែលទ្ធផលនៃការថតមើលឆ្អឹងពុំមានបាក់ទេ។ បើជនរងគ្រោះទាំងពីរមានអាការៈប្រសើរជាងនេះ នឹងអាចចេញទៅផ្ទះបាន៖ «ខ្ញុំតាមដានមើលមួយថ្ងៃទៀត ប៉ុន្តែព្រឹកមិញឃើញគាត់លើកដៃបាន គ្រាន់តែរយៈពេល ១យប់គាត់អាចលើកដៃបានខ្លះ ប៉ុន្តែលើកក្នុងលក្ខណៈឈឺនៅឡើយ ហើយចាំមើលប្រហែលជាស្អែកបានទៅ(ផ្ទះ)។ គាត់ត្រូវរ៉ឺម៉កចំគាត់ខ្លាំងកន្លែងស្មាខាងឆ្វេង អ៊ីចឹងគាត់លើកដៃអត់រួច ប៉ុន្តែខ្ញុំថតហើយអត់មានបញ្ហាអីកើតឡើងទេ»។
នៅល្ងាចថ្ងៃទី១១ ខែសីហា មានរ៉ឺម៉កមួយគ្រឿងដឹកកម្មកររោងចក្រប្រមាណ ៣០នាក់ បានបើកក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវជាតិលេខ៥។ ស្រាប់តែមកដល់ចំណុចភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ពើបនឹងឡានដឹកកម្មករមួយគ្រឿងបើកចេញពីផ្លូវលំឡើងថ្នល់ជាតិ ធ្វើឲ្យអ្នកបើករ៉ឺម៉កគេចជ្រុលធ្លាក់ក្រឡាប់រ៉ឺម៉កទៅម្ខាងផ្លូវ បណ្ដាលឲ្យកម្មករចំនួន ២៨នាក់របួសធ្ងន់ និងស្រាល។
កម្មករ-កម្មការិនីទាំង ២៨នាក់ ពុំមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិតទេ។ ពួកគេត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរសម្រាកព្យាបាល តែ វណ្ណា ដែលសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម។
ទោះជាយ៉ាងណានាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឈឹម សារុន អំពាវនាវដល់ម្ចាស់យានយន្តដឹកកម្មករគ្រប់ប្រភេទត្រូវបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ដែលមន្ត្រីជំនាញរបស់លោកតែងតែចុះអប់រំ និងផ្សព្វផ្សាយតាមរោងចក្រ។ លោកមានគម្រោងចុះអប់រំស្ដីពីច្បាប់ចរាចរណ៍បន្ថែមទៀតនៅតាមរោងចក្រ៖ «កន្លងមកខាងចរាចរណ៍ស្រុកយើងចាត់វិធានការ តែពេលខ្លះកម្លាំងយើងវាតិច ដល់អ៊ីចឹងគាត់ចេះតែប្រញាប់ទៅមុនទៅ។ ធ្លាប់ចុះផ្សព្វផ្សាយឲ្យគាត់ដឹងដែរ ការផ្ទុកមនុស្សលើរ៉ឺម៉កឲ្យគាត់បើកប្រុងប្រយ័ត្ន ព្រោះរ៉ឺម៉កពេលគ្រោះថ្នាក់ទៅរបួសច្រើនណាស់ ហើយយើងធ្លាប់អំពាវនាវឲ្យគាត់ទៅធ្វើប័ណ្ណបើកបរប្រភេទក២»។
កម្មករដែលរបួសទាំងអស់សុទ្ធតែធ្វើការងារនៅរោងចក្រកាត់ដេរ ឋិតនៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ដែលជាបណ្ដុំរោងចក្ររបស់ចិន ប្រមាណ ១៥រោងចក្រ ក្នុងខេត្តកំពង់ឆ្នាំង។ នៅរៀងរាល់ព្រឹកព្រលឹម និងពេលល្ងាចដែលកម្មករចូល និងចេញពីធ្វើការ យានយន្តដឹកកម្មករចាប់ផ្ដើមជែងគ្នា និងខ្លះបើកប្រជ្រៀតក្នុងស្ថានភាពផ្លូវតូចចង្អៀត បណ្ដាលឲ្យមានគ្រោះថ្នាក់ញឹកញាប់ចាប់ពីចំណុចផ្សារសាលាលេខ៥ រហូតដល់ផ្សារឧដុង្គ ព្រំប្រទល់ខណ្ឌចែករវាងខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
