ពលរដ្ឋរស់នៅខណ្ឌមានជ័យ ក្រុងភ្នំពេញ ថា គ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬពេទ្យរុស្ស៊ី និងឡានពេទ្យសង្គ្រោះបន្ទាន់មិនអើពើនឹងពលរដ្ឋដែលមានអាការៈសង្ស័យកើតជំងឺកូវីដ១៩។ ការលើកឡើងនេះ ក្រោយពេលពលរដ្ឋម្នាក់អាការៈក្ដៅខ្លួន និងពិបាកដង្ហើម បានសុំជំនួយពីក្រុមគ្រូពេទ្យប៉ុន្តែមិនឃើញពេទ្យមកយកអ្នកជំងឺ។
ពលរដ្ឋរស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន លោកស្រី ប្រាក់ ច័ន្ទថុល ឱ្យអាស៊ីសេរីដឹងថ្ងៃទី២២ ខែមេសា ថា ក្មួយស្រីលោកស្រីមានអាការៈសង្ស័យកើតជំងឺកូវីដ១៩ពីរថ្ងៃហើយ ដោយថ្ងៃដំបូងមានអាការៈក្ដៅខ្លួន និងពិបាកដង្ហើម។ លោកស្រី ប្រាក់ ច័ន្ទថុល ឱ្យដឹងទៀតថា លោកស្រីបានព្យាយាមទូរស័ព្ទទៅខាងសង្គ្រោះបន្ទាន់លេខ ១១៥ និងលេខ១១៩ ដើម្បីប្រាប់ពីបញ្ហានិងស្នើសុំឱ្យឡានពេទ្យមកដឹកក្មួយលោកស្រី ប៉ុន្តែរយៈពេលពីរថ្ងៃទៅហើយ មិនឃើញពួកគេមកទទួលទេ។ លោកស្រីឱ្យដឹងទៀតថា លោកស្រីនិងប្ដីបានជិះម៉ូតូដឹកក្មួយទៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែគ្រូពេទ្យបដិសេធមិនទទួល៖ «ខ្ញុំអត់មានដំណោះស្រាយខ្ញុំក៏តេ ( ហៅទូរស័ព្ទ ) គាត់ក៏និយាយយើងគួរតែធ្វើអញ្ចេះៗព្រោះយើងអត់អាចសង្ស័យទៅកូវីដ១០០ភាគរយទេ ហើយគាត់ឱ្យខ្ញុំទៅពេទ្យរុស្ស៊ីពេលទៅដល់ពេទ្យរុស្ស៊ីគាត់អត់ឱ្យអ្នកជំងឺចុះពីលើម៉ូតូទេ គាត់ថា កន្លែងហ្នឹងសង្គ្រោះបន្ទាន់ពេលយប់ទេ បើចង់មកធ្វើតេស្តកូវីដ ទាល់តែស្អែកហើយគាត់ឱ្យទៅទិញថ្នាំ»។
លោកស្រីបន្តថា លោកស្រីក៏ព្យាយាមទូរស័ព្ទទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែអាជ្ញាធរបានត្រឹមនិយាយសុំទោសលោកស្រីដោយបញ្ជាក់ថា ពួកគេមិនដឹងត្រូវជួយរបៀបណាទេ និងជំរុញឱ្យលោកស្រីទាក់ទងទៅខាងក្រុមគ្រូពេទ្យ។ លោកស្រី ប្រាក់ ច័ន្ទថុល បន្តថា ថ្ងៃទី២នេះក្មួយលោកស្រីកាន់តែមានអាការៈធ្ងន់ធ្ងរដោយលែងចាំមុខសាច់ញាតិ មិនព្រមពិសាអាហារ និងនៅតែពិបាកដកដង្ហើមដដែល៖ «វា ( ក្មួយស្រី ) អត់និយាយជាមួយខ្ញុំវាបើកភ្នែកព្រឹមៗដូចរាងហត់ហើយអត់និយាយស្ដីវាដេកនិយាយទៅស្ថានភាពពិបាកមើលខ្លាំង ប៉ុន្តែខ្ញុំអត់ហ៊ានចូលព្រោះខ្ញុំមានតែនៅចាំឡានពេទ្យតែប៉ុណ្ណឹង»។
ជុំវិញករណីនេះ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរសង្កាត់សន្សំកុសល និងប្រធានមន្ទីរពេទ្យរុស្ស៊ីលោកវេជ្ជបណ្ឌិត ងី ម៉េង បានទេ នៅថ្ងៃទី២២ ខែមេសា។ ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយប្រព័ន្ធទូរស័ព្ទមិនទទួលការហៅចូល។
កន្លងមក រដ្ឋាភិបាល ធ្លាប់លើកឡើងថា ខ្វះកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងធ្លាប់ណែនាំពលរដ្ឋដែលឈឺតិចតួចឱ្យព្យាបាលនៅផ្ទះ។ ប៉ុន្តែ លោកស្រី ប្រាក់ ច័ន្ទថុល ពេលនេះក្មួយស្រីលោកស្រីស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ លោកស្រីឱ្យដឹងថា ពេលនេះក្រុមសាច់ញាតិលែងហ៊ានប៉ះពាល់ក្មួយស្រីដែលសង្ស័យកើតជំងឺកូវីដ១៩ហើយ ដោយសារមានការភ័យខ្លាចចំពោះជំងឺនេះ។ ស្ត្រីរូបនេះ បារម្ភថា បើគ្មានគ្រូពេទ្យមកជួយសង្គ្រោះទេ នឹងអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតក្មួយលោកស្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។