រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ប្រកាសថា លោកកើតជំងឺកូវីដ១៩បន្ទាប់ពីអាការៈសុខភាពខុសប្លែកពីធម្មតា។ លោក ស ខេង ប្រកាសឆ្លងជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែឧសភា គឺក្រោយមួយថ្ងៃដែលលោក ស ខេង ជួបពលរដ្ឋ និងជួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក ស ខេង កំពុងដាក់ខ្លួនឱ្យនៅដាច់ឡែក គឺស្ថិតនៅក្នុងផ្ទះរបស់លោក ក្នុងក្រុងភ្នំពេញធ្វើលំហាត់ប្រាណ និងអនុវត្តតាមវិធានសុខាភិបាល ក្រោយរកឃើញថា លោកមានវិជ្ជមានជំងឺកូវីដ១៩។ ចំណែកក្រុមគ្រួសារ និងអ្នកនៅជុំវិញលោកក៏ត្រូវក្រុមគ្រូពេទ្យធ្វើតេស្ត និងតាមដានសុខភាពដូចលោកផងដែរ។
លោក ស ខេង ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថ្ងៃទី១២ ខែឧសភា ថា បើទោះជាលោកឆ្លងជំងឺកូវីដ១៩ នៅពេលនេះក៏ដោយ ក៏លោកនៅតែអាចបំពេញការងារជាធម្មតា ពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់លោក។
មុនមួយថ្ងៃដែលលោក ស ខេង ប្រកាសថា លោកឆ្លងជំងឺកូវីដ១៩នេះ លោក ស ខេង បានជួបមនុស្សជាច្រើន ក្នុងនោះក៏មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែរ។ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា លោក ស ខេង ចូលរួមក្នុងពិធីសម្ពោធសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅខេត្តបាត់ដំបង ដែលមានមន្ត្រីរាជការព្រះសង្ឃ និងពលរដ្ឋរាប់ពាន់នាក់ចូលរួម ហើយពេលនោះទាំងលោក ស ខេង និងអ្នកចូលរួមផ្សេងទៀត មិនបានពាក់ម៉ាសនោះទេ។ ចំណែកនៅរសៀលថ្ងៃទី១១ ខែឧសភា លោក ស ខេង និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតថា បានទៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទទួលលោក ហ៊ុន សែន និងភរិយាដែលទើបវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី (Indonesia) ហើយពេលនោះលោក ស ខេង និងអ្នកផ្សេងទៀត រួមទាំងលោក ហ៊ុន សែន ក៏មិនបានពាក់ម៉ាសដែរ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១២ ខែឧសភា។
ចំណែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់ថា លោកមិនដឹងរឿងនេះហើយលោកក៏មិនដឹងដែរថា មានអ្នកពាក់ព័ន្ធណាខ្លះត្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កនោះដែរ។ លោក ផៃ ស៊ីផាន ឱ្យដឹងដែរ ថ្ងៃសុក្រសប្ដាហ៍នេះគណៈរដ្ឋមន្ត្រីមិនបានបើកអង្គប្រជុំនោះទេ ប៉ុន្តែមិនមែនដោយសារលោក ស ខេង ឆ្លងជំងឺកូវីដ១៩ទេ តែដោយសារសប្ដាហ៍នេះគ្មានរបៀបវារៈត្រូវលើកយកមកប្រជុំ។
លោក ផៃ ស៊ីផាន៖ «អត់ទេដូចមិនមានប៉ះពាល់ដល់ការងារហ្នឹងទេ គ្រាន់ទី១ វិធានរដ្ឋបាល និងវិធានរបស់សុខាភិបាលពីរហ្នឹងគឺអនុវត្តវិធានរដ្ឋបាលមិនអនុញ្ញាតឱ្យយើងមកជួបជុំជាមួយបុគ្គលិកឬការិយាល័យរបស់រដ្ឋាភិបាល វិធានសុខាភិបាលគឺយើងនៅដាច់ពីគេហើយព្យាបាលហើយជំងឺកូវីដ១៩នៅកម្ពុជាយើងដូចមិនកាចទេ»។
គិតត្រឹមល្ងាចថ្ងៃទី១២ ខែឧសភា មិនទាន់ឃើញអ្នកពាក់ព័ន្ធជាមួយលោក ស ខេង ឬលោក ហ៊ុន សែន ប្រកាសថា បានឆ្លង ឬមិនបានឆ្លងជំងឺកូវីដ១៩ ដូចលោក ស ខេង នោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានអាយុ៧២ឆ្នាំ ជាមនុស្សទី២ ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន និងក្នុងជួរគណបក្សកាន់អំណាច។ នេះជាលើកទី២ ហើយដែលលោក ស ខេង ប្រកាសថា លោកឆ្លងជំងឺកូវីដ១៩ ដោយកាលពីឆ្នាំ២០២០ លោកធ្លាប់ប្រកាសថា លោកឆ្លងជំងឺនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។