ពលរដ្ឋ​ជាប់​ក្នុង​តំបន់​បិទខ្ទប់​ក្នុង​ខេត្តសៀមរាម​ អំពាវនាវ​រក​ជំនួយ​ពី​រដ្ឋាភិបាល

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុងតំបន់​ក្រហម​ឬ​តំបន់បិទខ្ទប់​ក្នុង​ខេត្តសៀមរាប ​អំពាវនាវ​រក​ជំនួយ​ពី​រដ្ឋាភិបាល​ដោយសារ​ពួកគាត់​បាត់បង់​ការងារ ​​និង​គ្មាន​​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព។ អាជ្ញាធរ​អះអាងថា ​ពេលនេះ ​ក្រុម​ការងារ​កំពុង​ចុះ​ផ្តល់​ជំនួយ​ជូន​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ ​និង​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​​ចូលរួម​​សហការ​ដើម្បី​កាត់​ផ្តាច់​​ការចម្លង​​ជំងឺកូវីដ​នៅក្នុង​​សហគមន៍។

វិធានការ​បិទខ្ទប់​ក្រុង​សៀមរាម​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​រយៈពេល​​ពីរសប្តាហ៍​មក​នេះ​ កំពុង​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​យ៉ាប់យឺន​បន្ថែម​ទៀត​ ដែល​​ទាមទារ​​ឲ្យ​មានការ​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល។​

Siem_Reap_Lockdown_Police_exercise_for_Lockdown_on_23_09_2021.jpg
កងកម្លាំង​មាន​សមត្ថកិច្ចខេត្តសៀមរាប​ហ្វឹកហាត់​ពីរបៀបទប់ទល់​ចំពោះការ​ប្រឆាំង​នឹង​វិធានការ​រដ្ឋបាល​ខេត្ត​ក្នុងអំឡុងពេល​បិទខ្ទប់​ក្រុងសៀមរាប​កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ (រដ្ឋបាលខេត្តសៀមរាប)

ប្រជាពលរដ្ឋម្នាក់​រស់នៅ​ភូមិ​គោកតាចាន់​ សង្កាត់​គោកចក ​ដែល​អាជ្ញាធរ​កំណត់​ជាតំបន់​លឿងទុំ ​គឺលោក នុប សុខុម ​ប្រាប់​អាស៊ីសេរី​ថា ​គ្រួសារ​របស់​លោក ​និង​ប្រជាពលរដ្ឋ​ភាគច្រើន​នៅតំបន់​នោះ​ ​បាត់បង់​មុខរបរ​និង​ប្រាក់​ចំណូល​ទាំងស្រុង​ ហើយ​កំពុង​តស៊ូ​រស់នៅ​ទាំង​លំបាក​លំបិន​ ជាពិសេស​ខ្វះខាត​ស្បៀង​អាហារ​ហូប​ចុក​​ប្រចាំថ្ងៃ និងប្រាក់​សង​ធនាគារ​។ ​លោកឲ្យដឹងថា ​អាជ្ញាធរ​មូល​ដ្ឋាន​ ក៏បាន​ផ្តល់​ជំនួយខ្លះ​ដែរ​ ប៉ុន្តែមិន​គ្រប់​គ្រាន់ឡើយ​ ព្រោះ​មានតែ​អង្ករ​ តែ​ខ្វះម្ហូប​ និង​​គ្មាន​​លុយ។ លោកសំណូម​ដល់​រដ្ឋាភិបាល​ ជួយ​បង្កើន​ជំនួយ​ឧបត្ថម្ភ​បន្ថែមទៀត ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ​៖ «និយាយរួម​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង​មែនទែន​ វាហួស​និស្ស័យ​ ប៉ុន្តែ​ធ្វើម៉េច​វា​រឿង​មួយ​អកុសល​ក្នុង​ខេត្តសៀមរាប​របស់​យើង​ទទួលរង​ផល​ប៉ះពាល់​ខាំ្លង។យើង​ចេះតែ​ទ្រាំ​ទៅ ​មានខ្លះ​ហូបខ្លះ​អត់ខ្លះ​ហូបខ្លះ​វា​មិន​បរបូរ​ទេ»។

ពលរដ្ឋ​រស់នៅសង្កាត់​គោកចក​ម្នាក់ទៀតលោក​ យឹម សុខណា ​រៀបរាប់ថា​ វិធានការ​បិទខ្ទប់​របស់​អាជ្ញាធរ​លើកនេះ​ ហាក់ដូចជា​តឹងរ៉ឹង​ជាងមុន​ដោយ​មិនអនុញ្ញាត​​ឲ្យ​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ពីផ្ទះ​ឡើយ ​​ហើយ​​ការ​លក់ដូរ​ ក៏ត្រូវបាន​ហាមឃាត់​។ លោក​បន្តថា ​ការរឹតបន្តឹងបែបនេះ​ ធ្វើឲ្យ​អ្នកលក់ដូរ​មួយចំនួន ​ឆ្លៀត​ឱកាស​លក់​ម្ហូប​អាហារ​ក្នុង​តម្លៃថ្លៃ​ទ្វេដង ​ហើយ​ពិបាក​រកទិញ​ថែមទៀត​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម។ ពលរដ្ឋរូបនេះ​ បន្ថែម​ថា ​ចាប់តាំង​ពី​អាជ្ញាធរបិទខ្ទប់មកគ្រួសារ​របស់​លោក ​ទទួលបាន​ថ្នាំពេទ្យ​ពីរបន្ទះ​ពីអាជ្ញាធរ​ ប៉ុន្តែ​មិនទាន់​ ទទួលបាន​ជំនួយ​ជាអង្ករ​និង​ម្ហូបអាហារ​ឡើយ៖ «ទាក់ទង​នឹងការ​ស្នើសុំ​អាជ្ញាធរមូលដ្ឋាន​និង​រដ្ឋាភិបាល ​ទី១ សុំពន្យា​ការ​បង់ថ្លៃទឹក​ថ្លៃភ្លើង​មួយខែ​ទៅ​ពីរខែទៅ ​ទី២​សុំឲ្យ​គាត់​ជួយ​បន្ធូរ​សេរីភាព​នៃការ​ដើរហើរបន្តិច ​ទី៣​សុំកុំឲ្យ​អាជ្ញាធរ​លក់​ទំនិញ​មួយ​ចំនួន​ឡើងថ្លៃពេក ​ព្រោះ​ធ្វើឲ្យ​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ក្រហម​ ខ្វះថវិកា​ហើយ​ណាមួយ​អត់មាន​ទិញ​ទៀត​ ព្រោះ​អត់​មាន​លក់។ ក្រៅពីនេះ​សុំ​រដ្ឋាភិបាល​ជួយ​ផ្តល់អង្ករ ​ឬក៏​ត្រីងៀត​ ពងទា​ និង​ សាច់ក្រក​​ដែលជា​ការស្នើសុំ​របស់​ពលរដ្ឋ​ក្នុង​តំបន់ក្រហម»។

រដ្ឋបាលខេត្តសៀមរាប ​បាន​បិទខ្ទប់​ក្រុងសៀមរាប ​និង​ហាម​ធ្វើដំណើរ​ចេញចូល​ចាប់តាំងពី​ថ្ងៃទី១១ ​ខែកញ្ញាមក​ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺកូវីដ-១៩​ នៅក្នុង​សហ​គមន៍។ គិតត្រឹមថ្ងៃ​ទី២៦ ​ខែកញ្ញា ​តំបន់​មួយចំនួនមិនទាន់​ធូរស្រាល​នៅឡើយ​ ដោយ​អាជ្ញាធរ​បន្តដាក់​ជាតំបន់​លឿងទុំ​ និង​តំបន់​ក្រហម​ដដែល។

Siem_Reap_Lockdown_Map_of_Red_Zoon_on_23_09_2021.jpg
ផែនទីបង្ហាញពីតំបន់ក្រហមនិងតំបន់លឿងទុំនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបិទខ្ទប់កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ (រូប៖ រដ្ឋបាលខេត្តសៀមរាប)

ចៅសង្កាត់​គោកចក​លោក ទិត ឌីរ៉ា ​ថ្លែងថា ​អាជ្ញាធរពាក់ព័ន្ធ​កំពុង​យកចិត្តទុក​ដាក់​ខ្ពស់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដោយ​ជំហ៊ាន​ទី១​អាជ្ញាធរ​ ​បាន ផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណក្រីក្រ ​ហើយ​ជំហ៊ាន​បន្ទាប់ ​គឺ​អាជ្ញាធរ​កំពុង​សហការ​ជាមួយ​ក្រុមយុវជន ​ចុះផ្តល់​ជំនួយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាមមុខ​ផ្ទះ​ជាបន្តបន្ទាប់៖ «តំបន់ក្រហម​ ត្រូវការ​បិទខ្ទប់​មិនឲ្យ​ចេញ​ដើរ​ឆ្វេចឆ្វាច​ទេ​ ដូច្នេះ​ការ​លួចលក់ដូរ​នេះ​ គាត់​លក់​ក្នុង​តម្លៃខ្ពស់ ​អ៊ីចឹង​ពួកយើង​អាជ្ញាធរ​ កំពុងតែ​ហាម​ ឃាត់​មិនឲ្យ​លក់ទេ​ ព្រោះ​យើង​​មានអ្នក​ដែល​លក់​មិន​ឲ្យ​យក​តម្លៃ​តាម​សេរីទេ​ គឺ​តម្លៃ​មន្ទីរពាណិជ្ជកម្ម​បាន​កំណត់ ​ជាតម្លៃដើម​ ហើយ​មិនឲ្យ​លក់​ឆ្វេចឆ្វាច​អ៊ីចឹងទេ។ ការ​​ដែល​លក់ថ្លៃនោះ​ ដោយសារ​មានអ្នក​លួចលក់ទេ​ ហើយ​យើង​កំពុងតែ​តាម​ប្រមាញ់​មិនឲ្យ​គាត់​លួចលក់ទេ ​ព្រោះ​កាលណា​លក់ទៅ​ វាមាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កំពុង​មាន​បញ្ហា»

ទោះជាយ៉ាងណា ​​មន្ត្រី​​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​សៀមរាប គឺ​លោក សួស ណារិន​ ដែល​កំពុង​រស់​នៅក្នុង​តំបន់ក្រហមដែរនោះ​​ ទទួលស្គាល់ថា ​ប្រជាពលរដ្ឋ ​រស់នៅតំបន់​មួយចំនួន​ពិតជា​មិនទាន់​ទទួល​បាន​ជំនួយ​ដូចជា​ស្បៀង​អាហារ​និង​ថ្នាំពេទ្យ​ពី​អាជ្ញាធរ​នៅឡើយ ​ហើយ​តម្លៃម្ហូប​អាហារ​ពិតជា​ឡើង​ថ្លៃខ្ពស់។ លោក ​ជំរុញឲ្យ​អាជ្ញាធរ​យកចិត្ត​ទុកដាក់​បន្ថែមទៀត៖ «ខ្ញុំ​គិត​ថា​ អាជ្ញាធរ​មុន​នឹង​លក់​គួរតែ​គិត​អំពី​ហានិភ័យ​ សម្រាប់​ផ្តល់​ស្បៀង​អីហ្នឹង​ទុកឲ្យ​ហើយ។លោក ​ចង់​បិទ​មួយខែ​ក៏បាន​ដែរ ​ប៉ុន្តែ​លោក​ ត្រូវ​តៀម​ស្បៀង​ត្រៀម​អាហារ ​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ក្រហម ​ព្រោះ ពួកគាត់​លំបាកណាស់​ ចេញ​ពី​ផ្ទះអត់​បានទេ»។

Siem_Reap_Lockdown_authorities_Lockdown_on_22_09_2021.jpg
សមត្ថកិច្ចខេត្តសៀមរាប​ដាក់ពង្រា​យ​កម្លាំង​បិទផ្លូវ​ធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​នៅក្នុង​ខេត្តសៀមរាប​កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ (រដ្ឋបាលខេត្តសៀមរាប)

កន្លងទៅ​ប្រជាពលរដ្ឋ ​តែងតែ​រិះគន់​រដ្ឋាភិបាល ​​ទាក់ទងនឹងការ​​ផ្តល់​ជំនួយ​យឺតយ៉ាវ ​និង​​មិនបាន​​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បិទខ្ទប់ ​រហូត​ពលរដ្ឋ​នៅ​កន្លែងខ្លះ​ បាន​នាំ​គ្នា​ផ្ទុះ​ការតវ៉ា​ទៀត​ផង ទើបអាជ្ញាធរយកជំនួយជូនពលរដ្ឋ។ លើសពីនេះ​ ប្រជាពលរដ្ឋ​មួយចំនួនក៏​ខកចិត្តចំពោះ​លោក ហ៊ុន សែន ដែល ​​ចំណាយ​លុយ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ ឬឡប់ប៊ី​(Lobby)​នៅអាមេរិក​ ដើម្បី​ជួយ​លុបលាង​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​ខ្លួន​ និង​ផ្តល់​ជំនួយ​ដល់​ប្រទេស​មួយចំនួន​ ដើម្បី​ទប់ស្កាត់កូវីដ ដែល​ប្រទេស​ខ្លះនោះមាន​សេដ្ឋកិច្ច​ល្អ​ជាង​កម្ពុជាផង ក្នុងគ្រាដែលពលរដ្ឋកម្ពុជាខ្លួនឯងកំពុងរង់ចាំជំនួយជាបន្ទាន់នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។