ពលរដ្ឋរស់នៅខេត្តស្វាយរៀង និងមន្ត្រីសង្គមស៊ីវិលបង្ហាញក្ដីបារម្ភពីការឆ្លងរាលដាលជំងឺផ្ដាសាយជ្រូកពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា បង្កការប៉ះពាល់ដល់សុខភាពមនុស្សសត្វ។ ការបារម្ភនេះ ក្រោយពីពួកគេប្រទះឃើញជ្រូកច្រើនសន្ធឹងសន្ធាប់ នៅតែមានការនាំចូល ពីប្រទេសវៀតណាម មកលក់នៅទីផ្សារក្នុងប្រទេសកម្ពុជា បើទោះបីជា ក្រសួងកសិកម្មបានអំពាវនាវ ឱ្យសមត្ថកិច្ចព្រំដែនរឹតបន្តឹងក្ដី។
ពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជាវៀតណាម នៃស្រុករមាសហែក ខេត្តស្វាយរៀងឱ្យដឹងនៅថ្ងៃទី២១ កុម្ភៈថា សមត្ថកិច្ចពាក់ព័ន្ធនៅតែបណ្ដោយឱ្យឈ្មួញនាំចូលជ្រូកពីប្រទេសវៀតណាមតាមច្រករបៀងដួង មកលក់នៅទីផ្សារប្រទេសកម្ពុជា ដោយសេរីគ្មានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ។ ពួកការបារម្ភថា ជំងឺផ្ដាសាយជ្រូកអាចនឹងរាលដាលមកកាន់ប្រទេសកម្ពុជាប្រសិនបើ អាជ្ញាធរពាក់ព័ន្ធនៅតែធូររលុងក្នុងការអនុវត្តច្បាប់ និង ប្រព្រឹត្តអំពើពុករលួយដដែលៗ។
ពលរដ្ឋរស់នៅឃុំដួងស្រុករមាស ហែក ខេត្តស្វាយរៀងថ្លែងមិនហ៊ានបញ្ចេញឈ្មោះឱ្យដឹងថា ស្ទើរជារៀងរាល់យប់រថយន្តដឹកជ្រូកទាំងទ្រុងៗ ពីប្រទេសវៀតណាម ឆ្លងតាមច្រករបៀងដូងក្នុងស្រុករមាសហែកមកលក់នៅប្រទេសកម្ពុជា គ្មានការត្រួតពិនិត្យគុណភាពត្រឹមត្រូវឡើយ។ លោកអះអាងថា អំពើពុករលួយទាក់ទិននាំទំនិញពីវៀតណាមមកលក់នៅប្រទេសកម្ពុជា ដោយសេរីបានក្លាយជាទម្លាប់របស់សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីគយតាមព្រំដែន៖«ជ្រូកយប់ក៏ចូល ថ្ងៃក៏ចូលតិច ឬច្រើន រ៉ឺម៉កដឹកទៅភ្នំពេញ ដឹកឡាន គឺដឹកចេញទៅខាងព្រៃវែងអីហ្នឹង។ ចំនួន ១តោន ទៅ ៣តោន ពេលណាដឹកឆ្លងកាត់ធុំក្លិន។ ប្រហែលជាមានការឃុបឃិតគ្នា មិនមែនហ៊ានចូលខុសច្បាប់ទេ ព្រោះយើងមើលទៅ ច្រករបៀងសុទ្ធតែមានសមត្ថកិច្ច ប៉ូលិសទាហាន កងរាជអាវុធហត្ថតាមបណ្ដោយព្រំដែនច្រើនណាស់ បើគ្មានការអនុញ្ញាតពីថ្នាក់ហ្នឹងមក ក៏មិនអាចចូលមកបានដែរ » ។
នៅប្រទេសវៀតណាម អាជ្ញាធរវៀតណាមបានរកឃើញថា ជំងឺផ្ដាសាយជ្រូកមានឈ្មោះថា អាហ្រ្វិកខេនស្វាញ ហ្វេវើ (African Swine Fever (AFS) កំពុងឆ្លងរាលដាលដល់ភាគអាគ្នេយ៍នៃទីក្រុងហាណូយ។ ទន្ទឹមនឹងនេះអាជ្ញាធរវៀតណាមបានយកសត្វជ្រូកមានជំងឺទាំងនោះទៅកប់ចោលក្នុងរណ្ដៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវ៉ាន់ ដើម្បីសុំការពន្យល់ពីស្ថានភាពជំងឺផ្ដាសាយជ្រួកទាំងនេះ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាននៅថ្ងៃទី២១ កុម្ភៈ។
ចំណែកអធិការស្រុករមាសហែកលោក ចាប ណុល បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីនៅថ្ងៃដដែលនេះ។
រីឯស្នងការខេត្តស្វាយរៀងលោក កឹង ឃន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ និងអ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី ក៏មិនអាចទាក់ទងបានដែរព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃ២១កុម្ភៈ។
ទោះជាយ៉ាងណាប្រតិភូរាជរដ្ឋាភិបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលោក តាន់ ផាន់ណារ៉ា បានប្រាប់កាសែតក្នុងស្រុកថា នាយកដ្ឋានសុខភាពសត្វបានកោះប្រជុំបន្ទាន់បំណងរកមធ្យោបាយទប់ទល់ជំងឺផ្ដាសាយជ្រូកនេះមិនឲ្យចូលមកកម្ពុជា ក្រោយពីទទួលព័ត៌មាននេះ។ លោកបានជូនដំណឹងភ្លាមៗ ទៅកាន់មន្ទីរកសិកម្មគ្រប់ខេត្ត/ក្រុងឲ្យពិនិត្យយ៉ាងហ្មត់ចត់លើលិខិតនាំចូលសត្វជ្រូកពីប្រទេសវៀតណាមត្រូវបញ្ជាក់ពីសុខភាពសត្វឲ្យបានត្រឹមត្រូវ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានមតិថា ដើម្បីទប់ទល់ការនាំជ្រូកមានជំងឺពីប្រទេសវៀតណាមទាល់តែមានការសហការល្អរវៀងក្រសួងកសិកម្មក្រសួងពាណិជ្ជកម្មនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ លោកថា អាជ្ញាធរជាតិគួរតែស៊ើបអង្កេតបទល្មើសពុករលួយរឿងនាំជ្រូក និងនាំទំនិញខូចគុណភាពចូលប្រទេសកម្ពុជា ខណៈដែលក្រសួងកសិកម្មបានអំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់។ ក៏ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមនៅតែមិនអាចអនុវត្តឲ្យមានប្រសិទ្ធភាព៖ «ច្រកព្រំដែនមានច្រកអន្តរជាតិ និងច្រករបៀង អ៊ីចឹងទៅការត្រួតពិនិត្យនៅតាមច្រកទាំងពីរនេះ មានពេលវេលា មានយប់ និងថ្ងៃ។ ប្រសិនបើមានការត្រួតពិនិត្យធូររលុង ឬក៏មានការបើកដៃឲ្យឈ្មួញនាំចូលជ្រូកមានជំងឺ ប៉ះពាល់សុខភាពមនុស្សជាក់ជាមិនខានទេ ចាំបាច់គួរតែមានវិធានការស៊ើបអង្កេតទាក់ទងរឿងបទល្មើសពុករលួយជាដើម » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា អាជ្ញាធរជាតិ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការត្រួតពិនិត្យគុណភាពជ្រូកមានជំងឺ និងទំនិញគ្រប់ប្រភេទដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន។
ពលរដ្ឋរស់នៅខេត្តស្វាយរៀងសង្កេតឃើញថា ជ្រូកដែលលក់នៅតាមទីផ្សារគ្រប់ស្រុកទូទាំងខេត្តស្វាយរៀងភាគច្រើននាំចូលពីប្រទេសវៀតណាមមានតម្លៃថោក។ ពួកគេត្អូញថា សមត្ថកិច្ចព្រំដែនបានបណ្ដោយឲ្យនាំទំនិញពីវៀតណាមដោយសេរី ដោយសារឥទ្ធិពលនៃអំពើពុករលួយផ្ទុយពីអាជ្ញាធរវៀតណាម បានហាមដាច់ខាតមិនឲ្យនាំទំនិញចូលពីប្រទេសកម្ពុជាក្រៅពីឈើ និង ស្ករត្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
