អាជ្ញាធរ​ថៃ​នឹង​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី២៣ មីនា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ​កូវីដ-១៩

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បញ្ជា​បិទ​ច្រក​ព្រំដែន​អន្តរជាតិ​ឆ្លង​កាត់​ជា​មួយ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ចន្ទ ទី២៣ មីនា រហូត​ដល់​ថ្ងៃ​អាទិត្យ ទី៥ ខែ​មេសា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ​កូវីដ-១៩។

ប្រភព​កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) សរសេរ​ថា បញ្ជា​របស់​អភិបាល​ខេត្ត​ស្រះ កែវ លោក វ៉រ៉ាក់ផាន ស៊ុវ៉ាន់នុត (Voraphan Suwannus) ចុះ​ថ្ងៃ​ទី២១ មីនា ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ព្រំ​ដែន​ចំនួន ១៩ ដែល​នៅ​ជាប់​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង។ ច្រក​ព្រំដែន​ទាំង​ចំនួន ១៩ នោះ គឺ​មាន​ច្រក​អចិន្ត្រយ៍​ចំនួន ២ និង​ច្រក​បណ្ដោះអាសន្ន​ចំនួន ១៧។ ច្រក​ទ្វារ​អន្តរជាតិ ២ គឺ​ច្រក​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ នឹង​ត្រូវ​បិទ​ទាំង​ស្រុង លើកលែង​ឱ្យ​រថយន្ត​ដឹក​ទំនិញ ដែល​អ្នក​បើកបរ​ត្រូវ​អាជ្ញាធរ​ថៃ​ត្រួត​ពិនិត្យ​សុខភាព​ត្រឹមត្រូវ។ ច្រក​អន្តរជាតិ​ភ្នំ​ដី ខេត្ត​បាត់ដំបង នឹង​ត្រូវ​បិទ​ទាំង​ស្រុង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ថៃ លើកលែង​ឱ្យ​រថយន្ត និង​អ្នក​រុញ​រទេះ​ដឹក​ឥវ៉ាន់ នៅ​ចេញ​ចូល​បាន។

វិធានការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ​កូវីដ-១៩ រហូត​មក​ដល់​ថ្ងៃ​ទី២២ មីនា អាជ្ញាធរ​ថៃ​សម្រេច​បិទ​គ្រប់​កម្រិត​ច្រក​ឆ្លង​ដែន​ជា​មួយ​កម្ពុជា​ហើយ ទាំង​កម្រិត​ច្រក​អន្តរជាតិ ច្រក​តំបន់ និង​ច្រក​បណ្ដោះអាសន្ន គឺ​ពី​ច្រក​ចាំយាម ខេត្ត​កោះកុង រហូត​ដល់​ច្រក​អាន​សេះ ខេត្ត​ព្រះវិហារ ចាប់​ពី​ថ្ងៃ​ចន្ទ ទី២៣ មីនា រហូត​ដល់​ថ្ងៃ​ទី៥ ខែ​មេសា​ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។